ខេត្តបន្ទាយមានជ័យ ៖ យុវជនយុវនារី ចំនួន៦គូបានស្ម័គ្រចិត្តរៀបមង្គលការជានិមិត្តរូប ដើម្បីប្រមូលប្រាក់ចំណងដៃចូលរួមជួយ កសាងវត្ត នៅអំឡុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណី ខ្មែររយៈពេល៣ថ្ងៃ ដោយក្នុងមួយថ្ងៃមានពិធី រៀបការចំនួន២គូ ចំណែកការរៀបចំពិធីមួយនេះ ធ្វើឡើងនៅក្នុងបរិវេណវត្តកោះកេតអូរ ប្រាសាទ ស្ថិតក្នុងភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។
ការរៀបការដើម្បីប្រមូលចំណងដៃជួយ រកថវិកាកសាងវត្តនេះ គឺជាល្បែងប្រជាប្រិយ ដ៏កម្រមួយប្រភេទដែលត្រូវបានអ្នកស្រុកមង្គលបុរី នៃខេត្តបន្ទាយមានជ័យ តែងប្រារឰធ្វើឡើង នៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជា រៀងរាល់ឆ្នាំ ហើយក្នុងនោះ គេឃើញមានវត្ត បឹងត្រាវ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបុរី បានផ្អាក មួយរយៈទៅហើយ នៅសល់តែវត្តកោះកេតអូរប្រាសាទ ក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ប៉ុណ្ណោះ ដែលរក្សាបាននូវល្បែងប្រជាប្រិយដ៏ កម្រមួយនេះ និងទទួលបានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋចាស់ក្មេងមកពីគ្រប់ទិសទី។
យោងតាមគណៈកម្មការវត្តកោះកេត បាន ឱ្យដឹងថា ក្នុងឆ្នាំនេះ មានយុវជនយុវនារីចំនួន ៦គូ បានស្ម័គ្រចិត្តចូលលេងល្បែងរៀបការ ដើម្បី រៃអង្គាសបច្ច័យចូលកសាងវត្ត។ ប្រភពបន្តទៀត ថា ឆ្នាំនេះកាន់តែមានអ្នកគាំទ្រច្រើនជាងឆ្នាំ កន្លងទៅទៀត ដោយមានយុវជន–យុវនារីមក ពីក្រៅខេត្ត និងមានជនជាតិថៃទៀតផង បាន ស្ម័គ្រចិត្តចូលលេងល្បែងនេះ។
ជាក់ស្តែងនៅបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅវត្តអូរប្រាសាទ គេឃើញរាល់យប់ ក្រៅពី លេងល្បែងប្រជាប្រិយបោះអង្គញ់ ចោលឈូង ទាញព្រ័ត្យ ផ្តាច់ស្នេហ៍ លាក់កន្សែង រាំស្គរដៃ គេឃើញមានយុវជន–យុវនារីបានស្ម័គ្រចិត្តរៀបការ ដើម្បីរកថវិការចូលវត្តផងដែរ ដោយក្នុង១យប់ មានការរៀបចំពិធីមង្គលការចំនួន២គូ សរុប ៣ថ្ងៃគឺ៦គូ។ នៅក្នុងពិធីរៀបការរកថវិកាជួយ វត្តនេះ ព្រះគ្រូចៅអធិការវត្តជាអ្នកផ្តួចផ្តើម រួមជាមួយគណៈកម្មការអាចារ្យវត្ត ហើយក៏ មានការយល់ព្រមពីឪពុកម្តាយ និងសាមីខ្លួន ទាំងសងខាងផងដែរ។ ជាមួយនេះ ពិធីរៀប– ការរកថវិកាចូលវត្តនេះ គឺរៀបចំឡើង ដោយ មានចៅមហា និងក្រុមភ្លេងការ និងមានកូន កំដរយុវជននិងយុវនារី ចំនួន២គូដូចគ្នា ដែល គ្រប់គ្នាសុទ្ធសឹងតែស្លៀកសម្លៀកបំពាក់ប្រពៃណី តាមបែបមង្គលការពិតៗ និងមានពិធីកាត់សក់ បង្កក់សិរី ហើយដែលបងប្អូនប្រជាពលរដ្ឋដែល ចូលរួមទស្សនាអាចនាំគ្នាឡើងទៅចងដៃលើ វេទិកាបានផងដែរ។ ចំណែកថវិកាដែលទទួល បានត្រូវប្រគល់ជូនក្រុមគណៈកម្មការ សម្រាប់ ប្រើប្រាស់ក្នុងវត្ត។
ព្រះគ្រូព្រះនាម ណម យ៉ា ចៅអធិការ វត្តកោះកេតអូរប្រាសាទ បានមានពុទ្ធដិកាថា វត្តអូរប្រាសាទ ក្រៅពីលេងល្បែងប្រជាប្រិយ គឺ យុវជននិងយុវនារីស្ម័គ្រចិត្ត នឹងរៀបការរក បច្ឆ័យមកជួយកសាងវត្ត តែក្រោយចប់ពិធី ខាងគណៈកម្មការនឹងជូនជារង្វាន់លើកទឹកចិត្ត ដល់យុវជននិងយុវនារីដែលស្ម័គ្រចិត្តរៀបការ ក្នុងមួយគូ បានបច័យចំនួន២០ម៉ឺនរៀលផង ដែរ។
ព្រះគ្រូចៅអធិការ បានមានពុទ្ធដិកាថ្លែងអំណរគុណ ចំពោះយុវជនយុវនារី និងឪពុកម្តាយ ដែលអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនរៀបការនៅ ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីរកថវិការ សម្រាប់ជួយកសាងសមិទ្ធផលក្នុងវត្ត ដែល វត្តកោះកេតអូរប្រាសាទ បានរៀបចំជារៀងរាល់ឆ្នាំផងដែរ៕
ចាន់ សុខលន់