ភ្នំពេញ ៖ ភរិយាលោកបណ្ឌិតកែម ឡី ដែលកំពុងរស់នៅប្រទេសទី៣ បានបង្ហាញក្តី សង្ឃឹមថា ប្រទេសអូស្ត្រាលី គឺជាទីសុវត្ថិភាព ដែលអាចឱ្យអ្នកស្រីនិងកូនប្រុសទាំង៥ជ្រកកោនក្រោយពេលស្វាមីរបស់អ្នកស្រី ត្រូវបាន ខ្មាន់កាំភ្លើងបាញ់សម្លាប់។ ជាមួយគ្នានេះ អ្នកស្រីបង្ហើបថា មានការគំរាមតាមហ្វេសប៊ុក មកលើអ្នកស្រីដោយប្រើពាក្យថា “ជីកស្មៅ ជីក ទាំងឫស”។
ថ្មីៗនេះស្ថានីយទូរទស្សន៍ និងគេហទំព័រ ទូរទស្សន៍ ABC អូស្ត្រាលី បានចាក់ផ្សាយ និង បង្ហោះនូវវីដេអូស្តីពីបទសម្ភាសជាមួយអ្នកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី ដែល បានបានភៀសខ្លួនពីប្រទេសកម្ពុជាទៅលាក់ខ្លួន នៅក្រៅប្រទេសអស់ជាច្រើនខែ ហើយកំពុង សង្ឃឹមថានឹងស្វែងរកទីសុវត្ថិភាពនៅក្នុងប្រទេស អូស្ត្រាលី។
អ្នកស្រីប៊ូ រចនា បានបញ្ជាក់នៅក្នុង បទសម្ភាសន៍នោះថា “នៅក្នុងប្រទេសកម្ពុជា មាន គេបានមកតាមយើងហើយបានគំរាមយើង។ មានមនុស្សម្នាក់បានគំរាមតាមហ្វេសប៊ុកថា ពួកគេនឹងរបស់ស្វាមីក្រុមគ្រួសារទាំងមូលរបស់ លោកកែម ឡី គឺជីកស្មៅ ត្រូវជីកទាំងឫស”។
នៅក្នុងបទសម្ភាសន៍នោះ អ្នកស្រីប៊ូ រចនា ក៏បានរលឹកពីមរណភាពយ៉ាងអាណោចអាធ័ម របស់ស្វាមី ដោយអ្នកស្រីបានលើកឡើងថា អស់រយៈពេលជាង៨ខែហើយ ដែលទិដ្ឋភាព បែបនេះនៅតែលងបន្លាចក្នុងអារម្មណ៍របស់ អ្នកស្រី ឬនៅតែធ្វើឱ្យអ្នកស្រីចងចាំគ្មានថ្ងៃ បំភ្លេចបាន។
អ្នកស្រីប៊ូ រចនា បានបញ្ជាក់ក្នុងបទសម្ភាសន៍ នោះទៀតថា “នៅពេលខ្ញុំទៅទីនោះ គាត់បាន ដេកស្លាប់នៅក្នុងថ្លុកឈាម។ ខ្ញុំបានប្រាប់ខ្លួនឯងថា វាមិនអាចគាត់នោះទេ ប៉ុន្តែវាជាការ ពិត គឺគាត់បានស្លាប់។ ខ្ញុំមានអារម្មណ៍ថា ឈឺ ចាប់ជាមួយនឹងទុក្ខព្រួយ ព្រោះគាត់ដូចជាមនុស្ស អស្ចារ្យម្នាក់ ហេតុអ្វីបានជាគេសម្លាប់គាត់?”។
អ្នកស្រីប៊ូ រចនា ភរិយាលោកកែម ឡី បាននិយាយក្នុងបទសម្ភាសនោះបន្ថែមថា តុលាការកម្ពុជាបានសម្រេចផ្តន្ទាទោសខ្មាន់ កាំភ្លើងឈ្មោះជួប សម្លាប់ តែម្នាក់គត់ ដាក់ ពន្ធនាគារ១ជីវិត ប៉ុន្តែអ្នកស្រីមិនទទួលស្គាល់ ជនម្នាក់នោះថា ជាឃាតករពិតនោះទេ ហើយ អ្នកស្រីជឿជាក់ថា ប្រាក់ជាមានអ្នកបញ្ជាពី ក្រោយ។ ប៉ុន្តែយ៉ាងណា អ្នកស្រីមិនសង្ឃឹមថា រកឃើញអ្នកនៅពីក្រោយឃាតកម្មលើស្វាមី អ្នកស្រីនោះទេ។
អ្នកស្រីប៊ូ រចនា បានបញ្ជាក់ទៀតថា អ្នកស្រីបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន នៅប្រទេសអូស្ត្រាលីក្នុងគោលបំណងសំខាន់ បំផុត គឺដើម្បីគាំទ្រការសិក្សារបស់កូនៗអ្នកស្រី ដែលមកទល់ពេលនេះបានខកខានការ សិក្សាអស់រយៈពេលជាង៨ខែមកហើយ។
ទោះជាយ៉ាងណា ក្នុងវីដេអូនោះដែរ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បទសម្ភាសដល់ទូរទស្សន៍ ABC អូស្ត្រាលីថា អាជ្ញាធរមានសមត្ថកិច្ច កម្ពុជានៅតែបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត រកអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្រោយពេលចាប់ខ្លួនជនដៃដល់ជា ឃាតករ បញ្ជូនទៅតុលាការផ្តន្ទាទោសរួចមក។
សម្រាប់មជ្ឈដ្ឋានតាមដានសង្គម ព្រះសង្ឃ និស្សិត បញ្ញវន្ត អ្នកនយោបាយ សង្គមស៊ីវិល សាច់ញាតិលោកបណ្ឌិតកែម ឡី បាន សម្តែងការអាណិតអាសូរ នៅពេលពេលបាន ជ្រាបពីព័ត៌មានដែលភរិយាលោកកែម ឡី បាន បង្ហើបខាងលើ ហើយបានបង្ហាញក្តីរីរាយត្រេកអរ ផងដែរ បើភរិយានិងកូនៗ លោកបណ្ឌិតកែម ឡី អាចសុំសិទ្ធិជ្រកកោន បាននៅប្រទេស អូស្ត្រាលី។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោកមួង សូនី បានបញ្ជាក់ថា ទឹកដី អូស្ត្រាលី ពិតជាស័ក្តិសមសម្រាប់ការជ្រកកោនរបស់ក្រុម គ្រួសារលោកបណ្ឌិតកែម ឡី។ ដូច្នេះបើភរិយា និងកូនៗលោកបណ្ឌិតកែម ឡី បានទៅរស់នៅ ទីនោះមែន លោកពិតជាចូលរួមរីករាយ ព្រោះ គិតថា ពួកគាត់នឹងបានសុវត្ថិភាព ហើយលោក ក៏សំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី មេត្តា ជួយសម្រួលដល់បញ្ហានេះ។
លោកមួង សូនី មានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំដែលជាកូនសិស្សលោកគ្រូកែម ឡី ជាមួយនិងមិត្តភក្តិទាំងអស់ផ្សេងទៀត ក៏ដូចជា លោកគ្រូមាស នី ជាដើមហ្នឹង គឺតែងតែព្យាយាម ជំរុញឱ្យបានទៅរស់នៅប្រទេសទី៣ ដូចជាអូស្ត្រាលី ឬក៏អាមេរិកហ្នឹង បើសិនជាពួកគាត់ ទៅមែន ពួកយើងមិនត្រឹមសប្បាយចិត្តទេ គឺ ពួកយើងមានការត្រេកអរខ្លាំងមែនទែន ពីព្រោះ កាលណាពួកគាត់បានទៅ គឺមានន័យថា កូនៗ លោកគ្រូទាំងអស់បានសិក្សា ហើយបានទទួល កន្លែងរស់នៅមួយ ដែលមានសុវត្ថិភាព ហើយ ជាប្រទសដែលមានការងារធ្វើរីកចម្រើន។ គឺ មានសុវត្ថិភាព សន្តិសុខច្រើនជាងប្រទេសថៃ និងប្រទេសខ្មែរយើងច្រើនណាស់។ អ៊ីចឹងគិត ថា បើបានទៅនោះ ហាក់ដូចចេញពីតំបន់ ហ្វូងខ្លា ហ្វូងចចកអ៊ីចឹងដែរ”។
លោកមួង សូនី មានប្រសាសន៍បន្តថា “ខ្ញុំ គិតថា ឃាតកម្មលើលោកគ្រូមានទិសដៅ គ្រាន់ តែចង់បំបិទមាត់មិនឱ្យលោកគ្រូកែម ឡី ធ្វើសកម្មភាពពីបញ្ហាសង្គម សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅស្រុកខ្មែរតទៅមុខទៀត ឬការចូលរួមផ្តល់ ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរហ្នឹង គឺគិតថា ជារឿងនយោបាយ ហើយដោយឡែក ក្រុមគ្រួសារវិញគិតថា គ្មានលទ្ធភាពធ្វើការងារដូច លោកគ្រូទេ។ ដូច្នេះគិតថា គ្មានការប្រឈមទេ បើបានទៅរស់នៅអូស្ត្រាលី ប៉ុន្តែបើនៅថៃ លំបាក ហើយ ព្រោះរដ្ឋាភិបាលថៃ គេអត់មានគាំពារ អីទេ ហើយណាមួយប្រទេសថៃ មានការចេញចូលសេរី រវាងថៃ និងកម្ពុជា។ អ៊ីចឹងវាអាច មានបញ្ហាទៅថ្ងៃអនាគត ហើយមួយទៀត ខ្ញុំ គិតថា ការបារម្ភរបស់អ្នកមីងរចនា ក៏ដូចជា កូនៗ គឺជាការបារម្ភមួយដែលល្អ ដើម្បីឱ្យយើង មានវិធីសាស្ត្រការពារ ហើយខ្ញុំគិតថា ហេតុផល នៃការបារម្ភ ក៏មានហេតុត្រឹមត្រូវដែរ ពីព្រោះ ជាទូទៅ នៅប្រទេសខ្មែរយើង អ្នកដែលធ្វើការងារសង្គមអីហ្នឹង មានបញ្ហាជិះជាន់ច្រើន។ ក្នុង នាមខ្ញុំជាសកម្មជនសិទ្ធិមនុស្សម្នាក់ ហើយជា ប្រធានសមាគមនិស្សិតម្នាក់ សំណូមពរដល់ ប្រទេសអូស្ត្រាលី ត្រូវរកយុទ្ធសាស្ត្រជំរុញឱ្យ គាត់បានទៅនៅប្រទេសទី៣ ប្រកបដោយ សុវត្ថិភាព”។
អនុប្រធានក្រុមការងារគណបក្សសង្គ្រោះ ជាតិខេត្តព្រះសីហនុ លោកសាង សាន បានបញ្ជាក់ ថា ទោះបីពេលនេះភរិយានិងកូនៗរបស់លោក- បណ្ឌិតកែម ឡី ស្ថិតនៅប្រទេសថៃ មិនទាន់ បានទៅរស់នៅប្រទេសអូស្ត្រាលី ដូចគោលបំណង ក៏ពិតមែន ប៉ុន្តែលោកសង្ឃឹមថាមិនយូរទេ នឹង បានទៅរស់នៅដោយសុវត្ថិភាពចាកផុតពីការ បារម្ភនឹងការគំរាមកំហែងទាំងឡាយទាំងពួង។
លោកសាង សាន មានប្រសាសន៍ថា “ខ្ញុំ មិនមានអីអធិប្បាយទេ ដោយសារកិច្ចការដែល គាត់ឆ្លើយជាមួយនឹងទូរទស្សន៍អូស្ត្រាលីហ្នឹង អាហ្នឹងគឺរឿងផ្ទៃក្នុងផ្ទាល់ខ្លួនក្រុមគ្រួសារគាត់ ដែលគាត់ជួបប្រទះនៅក្នុងរឿងជាក់ស្តែងផ្ទាល់ ខ្លួនគាត់ ហើយអ្វីដែលគាត់រៀបរាប់នៅក្នុងវីដេអូ ហ្វេសប៊ុកហ្នឹង ខ្ញុំបានមើលឃើញដែរ។ អ៊ីចឹងមានន័យថា អ្វីដែលគាត់ឆ្លើយជាមួយទូរទស្សន៍អូស្ត្រាលីហ្នឹង វាជារឿងផ្ទៃក្នុងផ្ទាល់ខ្លួន ក្រុមគ្រួសារគាត់។ សម្រាប់ខ្ញុំ ជាទស្សនៈទូទៅ បើគាត់បានទៅប្រទេសទី៣ អាហ្នឹងខ្ញុំយល់ថា ល្អសម្រាប់គាត់ សម្រាប់កូនចៅគាត់ ហើយបើ បានទៅដូចបំណងប្រាថ្នារបស់គាត់ នៅក្នុងនាម ជនរួមឈាមខ្មែរដូចគ្នា ខ្ញុំអបអរសាទរ។ សម្រាប់ ខ្ញុំយល់ថា អូស្ត្រាលីក៏ដោយ ប្រទេសណាក៏ដោយ ដែលដើរលើលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋត្រឹមត្រូវ ប្រទេសនោះ គេមានច្បាប់ល្អ គេមានពេទ្យល្អ បើយើងនិយាយពាក្យសាមញ្ញោទៅ វាល្អស្ទើរ គ្រប់វិស័យ។ អ៊ីចឹងកាលណាល្អស្ទើរគ្រប់វិស័យ ចំពោះប្រជាពលរដ្ឋវិញគឺល្អហើយ បើគាត់ទៅ ដល់ហ្នឹង ខ្ញុំគិតថា គាត់នឹងល្អដូចប្រជាពលរដ្ឋ អូស្ត្រាលីដែរ។ ចំពោះការរងការគំរាមយ៉ាង ណា អានេះជាការបារម្ភរបស់គាត់ យើងមិនអាច ឆ្លើយជំនួសគាត់បានទេ ព្រោះនៅក្នុងសំណួរហ្នឹង ខ្ញុំគិតថាគាត់អាចឆ្លើយបានទៅតាមអ្វីដែលគាត់ បានជួប”។
លោកសាង សាន មានប្រសាសន៍បន្តថា “ចំពោះខ្ញុំផ្ទាល់ សុំឱ្យគាត់បានទៅប្រទេសទី៣ឆាប់ៗ ដូចបំណងប្រាថ្នាគាត់ ហើយសុំឱ្យក្រុមគ្រួសារ គាត់ជួបតែសេចក្តីសុខ មានសុភមង្គល ហើយនិង បានសុវត្ថិភាព សុខសប្បាយ ជោគជ័យ។ ខ្ញុំ សង្ឃឹមថា ការបន់ស្រន់របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចខ្ញុំផ្ទាល់ហ្នឹង បន់មិនខុសគ្នាទេ សុំឱ្យគាត់មាន សំណាងល្អ សុវត្ថិភាពល្អ ដូចតែគ្នាហ្នឹង”៕
កុលបុត្រ