អាហ្វហ្គានីស្ថាន៖ ប្រភពផ្លូវការក្នុងខេត្តកើតហេតុបានប្រាប់សារព័ត៌មានចិនស៊ីនហួរនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មានកងទ័ពអាហ្វហ្គានីស្ថានចំនួន១៣៥នាក់ត្រូវបានសម្លាប់និង៦០នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់ពួកតាលីបង់លើមូលដ្ឋានទ័ពមួយដែលស្ថិតនៅខេត្ត Balkh ភាគខាងជើងរបស់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រ ។
ប្រភពដែលថ្លែងដោយសុំមិនបញ្ចេញឈ្មោះបានបន្តថាមានជនអត្តឃាតចំនួន១០នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើនលើសលុបនេះហើយជនអត្តឃាតទាំងនោះបានបើកការវាយលុកយ៉ាងខ្លាំងចូលសាលធំក្នុងបន្ទាយមួយនិងវាយប្រហារនៅក្បែរវិហារអ៊ីស្លាមមួយកន្លែងដែលមានទាហានជាច្រើននាក់គ្មានអាវុធនៅនឹងដៃកំពុងបួងសួង។
ប្រភពបន្តថាជនអត្តឃាតទាំងអស់នោះបានក្លែងបន្លំខ្លួនក្នុងឯកសណ្ឋានទាហាន ។ ពួកគេបានទៅដល់កន្លែងកើតហេតុដោយជិះរថយន្ត Jeep របស់កងទ័ពពីរគ្រឿង ហើយក្រោយមកបើកឆ្លងកាត់ច្រកទ្វាមុខ ។
នៅគ្រានោះដែរជនអត្តឃាត៧នាក់ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខតាមរយៈការបាញ់តបតគ្នាអស់រយៈពេល៤ម៉ោង ចំណែកភេរវករពីរនាក់បានបំផ្ទុះគ្រឿងផ្ទុះដែលពាក់ជាប់ខ្លួនខណៈពេលជនម្នាក់ត្រូវបានចាប់ខ្លួន។
គួរបញ្ជាក់ក្រុមជ្រុលនិយមតាលីបង់បានផ្ទុះកំហឹងជាខ្លាំងចាប់តាំងពីដើមឆ្នាំ២០១៥មក ស្របពេលដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទទួលបានការទទួលខុសត្រូវពេញលេញផ្នែកសន្តិសុខពីកងទ័ពសហរដ្ឋអាមេរិកនិងទ័ព NATO ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា