អង់គ្លេស៖ ចក្រភពអង់គ្លេសបានបង្កកទ្រព្យសកម្មរបស់ក្រុមហ៊ុនកូរ៉េខាងជើងមួយដែលមានមូលដ្ឋាននៅភាគអាគ្នេយ៍ទីក្រុងឡុងដ៍ បន្ទាប់ពីមានការអះអាងក្រុមហ៊ុននេះចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងកម្មវិធីនុយក្លេអែររបស់ទីក្រុងព្យុងយ៉ាង ។
ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងជាតិរបស់កូរ៉េ (KNIC) ត្រូវបានចុះបញ្ជីផ្នែកកម្មសិទ្ធិនៅក្នុងក្រុមហ៊ុន Blackheath ដែលស្ថិតនៅជាយក្រុងឡុងដ៏ចក្រភពអង់គ្លេស។ សហគមអឺរ៉ុបបានដាក់ទណ្ឌកម្មប្រឆាំងនិងក្រុមហ៊ុននេះរួចហើយ ដែលក្នុងនោះខ្លួនបានពិពណ៌នាថាក្រុមហ៊ុននេះជាអ្នកបង្កើតប្រាក់ចំណូលនៃរូបិយប័ណ្ណបរទេសយ៉ាងច្រើនដែលត្រូវបានប្រើប្រាស់ដើម្បីជួយគាំទ្រដល់របបដឹកនាំក្នុងប្រទេសកូរ៉េខាងជើង ។
ជាងនេះទៅទៀតសហគមអឺរ៉ុបបានព្រមានថាប្រភពទាំងនេះអាចនាំមកនូវការជាប់ពាក់ព័ន្ធនិងកម្មវិធីនុយក្លេអែរ មីស៊ីលផ្លោងឬអាវុធដទៃទៀតដែលបង្កគ្រោះមហន្តរាយទ្រង់ទ្រាយធំរបស់កូរ៉េខាងជើង ។
យោងតាមការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបកាលពីខែកក្កដាឆ្នាំ២០១៥ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនកូរ៉េ KNIC ក្នុងទីក្រុងព្យុងយ៉ាងមានជាប់ពាក់ព័ន្ធនឹង Office 39 របស់បក្សពលករកូរ៉េ។ ក្នុងឆ្នាំ២០១០រតនាគារសហរដ្ឋអាមេរិកបានរៀបរាប់ថា Office 39 ជាសាខាសម្ងាត់មួយរបស់រដ្ឋាភិបាលកូរ៉េខាងជើងដែលផ្តល់ការគាំទ្រដ៏សំខាន់ដល់មេដឹកនាំកូរ៉េខាងជើងតាមរយៈការជំរុញនៅក្នុងសកម្មភាពសេដ្ឋកិច្ចខុសច្បាប់ និងការបង្កើតចំណូលសម្រាប់មេដឹកនាំប្រទេសនេះ ។
ទោះជាយ៉ាងណាអ្នកនាំពាក្យរតនាគារ HM អង់គ្លេសបានថ្លែងថាយើងមិនអាចអធិប្បាយអ្វីឡើយជុំវិញករណីបុគ្គល ។ តែអង់គ្លេសបានធ្វើតាមយ៉ាងពេញលេញនិងការប្រតិបត្តិនៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធនឹងកូរ៉េខាងជើងនិងបណ្តាក្រុមហ៊ុនរបស់ប្រទេសនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា