ប្លែកៗ៖ លោក Xi Tiangen ជាជនជាតិចិនដែលមានវ័យ៦០ឆ្នាំទទួលបានការគោរពកោតសរសើរពីអ្នកប្រើប្រាស់គេហទំព័រជាច្រើននៅទូទាំងប្រទេសចិនចំពោះការពុះពារចិញ្ចឹមបីបាច់ថែរក្សាគ្រួសាររបស់គាត់អស់រយៈពេល៤ទសវត្សរ៍ក្នុងការប្រកបរបរជាកសិករម្នាក់បើទុកជាគាត់គ្មានជើងទាំងសងខាងយ៉ាងណាក្តី។
បន្ទាប់ពីគាត់បាត់បង់ជើងទាំងទ្វេរបស់គាត់ក្នុងឧប្បត្តិហេតុដ៏ចម្លែកមួយនៅពេលលោកមានអាយុទើបតែ១៩ឆ្នាំ លោកស៊ីបានចាប់ផ្តើមប្រើប្រាស់ដៃរបស់គាត់បានយ៉ាងល្អ ក្នុងការបំពេញការងារកសិកម្មរបស់គ្រួសារលោកក្នុងខេត្តហ័រណានភាគកណ្តាលប្រទេសចិន ។
ប៉ុន្តែរឿងអ្វីៗបានប្រែក្លាយជាកាន់តែលំបាកជាងមុនទៅទៀតសម្រាប់លោកស៊ីក្នុងអំឡុងឆ្នាំ១៩៨៦នៅពេលដែលឪពុករបស់លោកបានចែកឋានទៅបន្សល់ទុកលោកស៊ីជាអ្នកចិញ្ចឹមបីបាច់ថែរក្សាម្តាយចាស់ជរារបស់គាត់និងបងប្រុសពិការដៃដោយខ្លួនគាត់ផ្ទាល់ ។ ស្របជាមួយនិងកិច្ចការបង្កបង្កើនផលដំណាំលោកស៊ីក៏បានបំពេញកិច្ចការបោកគក់និងចម្អិនអាហារសម្រាប់គ្រួសារបស់គាត់ទៀតផង ។
លោកស៊ីបានបន្តមើលថែសាច់ញាតិរបស់លោកទាំងពីរនេះរហូតដល់ម្តាយរបស់លោកចែកឋានក្នុងឆ្នាំ២០០៦ក្រោយមកបងប្រុសលោកក្នុងឆ្នាំ២០១៥ ។ បន្ទាប់មកលោកស៊ីបានមករស់នៅផ្ទះរបស់បងប្អូនជីដូនមួយលោកដែលជាទីកន្លែងលោកបានទទូចថាមិនស្នាក់នៅដោយឥតប្រយោជន៍ទេ ដោយលោកជួយកិច្ចការបង្កបង្កើនផលដំណាំ។
គួរបញ្ជាក់ថាថ្មីៗនេះបន្ទាប់ពីមានការលេចឭពីរឿងរ៉ាវជីវិតរបស់គាត់ អ្នកមានចិត្តសប្បុរសមួយចំនួនក្នុងស្រុកបានចាប់ផ្តើមផ្តល់ជំនួយមួយចំនួនតូចដល់លោកស៊ីដែលអនុញ្ញាតឲ្យលោករស់នៅប្រចាំខែជាទឹកប្រាក់ចំនួន១៣០យន់(១៩ដុល្លារ)។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា