ភ្នំពេញ ៖ អ្នកយកព័ត៌មានរបស់កាសែតកម្ពុជាថ្មី ម្នាក់ កំពុងតែបើករថយន្តធ្វើដំណើរតាមផ្លូវ ក៍ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាទោរទន់ បានបើករថយន្តប្រភេទបែនដឹកដីមួយគ្រឿង បានរេចង្កូតជ្រុលទៅបុកចំហៀងមុខខាងឆ្វេង ពេញទំហឹង បណ្តាលឲ្យកៀបជាប់ក្នុងរថយន្តរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ទល់មុខសាលាសង្កាត់ព្រែកកំពឹស ផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
អ្នកបើកបររថយន្តរងគ្រោះ មានឈ្មោះ ចាន់ មន្នី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ អ្នកយក
ព័ត៌មានអោយកាសែតកម្ពុជាថ្មី ស្នាក់នៅភូមិព្រែកឬស្សី សង្កាត់ក្រពើហា ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ដោយឡែកអ្នកបើករថយន្តបង្កវិញ មានឈ្មោះ ទីង ចាន់ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ដែលគេស្គាល់ថាជាអ្នកយកព័ត៌មានកាសែតកម្ពុជាថ្មី បានបើករថយន្តម៉ាកកូរ៉ូឡា ពណ៌កាប់ស្ទាំង ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-0077 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅពីលិចទៅកើត ពីរង្វង់មូលក្បាលថ្នល់ដីក្រហម ទៅស្ពានព្រែកហូរ ខណៈមកដល់ចំណុចកើតហេតុ ទល់មុខសាលាសង្កាត់ព្រែកកំពឹស ដែលជាផ្លូវរាងកោងបន្តិច ក៍ស្រាប់តែមានបុរសម្នាក់បានបើករថយន្តបង្ក ប្រភេទបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP- 2380 បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរស្រវឹងផង បានរេចង្កូតជ្រុលទៅបុករថយន្តកូរ៉ូឡា ចំចំហៀងឆ្វេងខាងមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉ូឡា គៀបជាប់នៅក្នុងរថយន្តសន្លប់ស្តូកស្តឹង ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលក្បែរកន្លែងកើតហេតុ នាំគ្នីគ្នាជួយទាញ់ចេញមកក្រៅ និងហៅរថយន្តសង្គ្រោះ ឲ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្សុី) ។ ចំណែករថយន្តរងកាខូចខាតខ្ទេចមួយកំណាត់ខាងមុខចំហៀងខាងឆ្វេង ។ ដោយឡែករថយន្តបង្កងកាខូចខាតខ្ទេចផ្នែកខាងមុខចំហៀងខាងឆ្វេង និងធ្លាក់ខាងមុខ ហើយភ្លាមៗនោះដែរ អ្នកបើករថយន្តបង្កមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ គឺព្យាយាមបើករត់ រហូតដល់ជិតសៀមរាបកន្ទួត ខេត្តកណ្តាល ទើបសមត្ថកិច្ចដេញតាមឃាត់រថយន្ត និងអ្នកបើកបររថយន្តបានយកមកសាកសួរនៅប៉ុស្តិ៍នគរបាលព្រែកកំពឹស អ្នកបើកបររថយន្តបង្កបានសារភាពថា ពួកគេបានផឹកស្រាបៀរអស់ចំនួន២កំប៉ុង ហើយបានបើករថយន្តគោលបំណងត្រឡប់ទៅផ្ទះវិញ ក៍ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅ ។
ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿង ព្រមទាំងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញមកវាស់វែង រួចយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយ ៕