នៅព្រឹកថ្ងៃទី៣១ ឧសភា នេះ មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក គឺម្ចាស់បទ ”ចាក់ទឹកដូង” នាងយូរី តារាចម្រៀងរបស់ផលិតសាន់ដេ ត្រូវបានសង្សារទម្លាយរូបភាពឱបថើប ស្រើបស្រាលនៅលើគ្រែ និងចោទថា ផិតក្បត់ បន្ទាប់ពីបានរួមរស់ជាមួយគ្នាជាង៤ឆ្នាំ។
ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Heang Red ដែលអះអាងថា ជាសង្សាររបស់យូរី ដែលបានរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ជាង៤ឆ្នាំ និងត្រូវបានគេស្គាល់ថាជាអតីតអ្នកដឹកនាំសម្ដែងនៅផលិតកម្មសាន់ដេ ហើយបច្ចុប្បន្នជាអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន បានទម្លាយរឿងអាស្រូវរបស់យូរី ម្ចាស់បទ ”ចាក់ទឹកដូង” នៅព្រឹកនេះ ដោយបានបង្ហោះរូបភាពឱបថើបស្រើបស្រាលយ៉ាងផ្អែមល្ហែមជាមួយគ្នា ជាច្រើនសន្លឹក រួមទាំងរូបភាពនៅលើគ្រែផង។ មិនត្រឹមតែប៉ុណ្ណោះលោករ៉េត បានចោទយូរី ថា បានផិតក្បត់រូបលោកស្រស់ៗ ទៅបង្កាត់ភ្លើងស្នេហ៍ជាមួយតារាចម្រៀងរួមក្រុម លោកម៉ូរី ខណៈដែលលោកអះអាងថា ចាប់បានទាំងភស្តុតាងផង។
លោកហ៊ាង រ៉េត បានបង្ហោះសារថា «អូនអើយ យើងនៅជាមួយគ្នា៤ឆ្នាំហើយ ដូចប្តីប្រពន្ធអីចឹង អ្វីក៏យើងធ្លាប់ធ្វើជាមួយគ្នាដែរ សុខជាជាមួយគ្នា រំភើបលំបាក និងសប្បាយបែបណា ក៏យើងហែលឆ្លងអស់ហើយដែរ។ តើហេតុអ្វី ពេលនេះអូនក្បត់បងកើត តើអូនសប្បាយណាស់មែនទេ ដែលបានក្បត់បង សាហាវយើងនេះ តើពេលនេះបងត្រូវធ្វើបែបណា តើបងអាចសូមរៀបរាប់រឿងយើងទាំងអស់ អោយចេញមក ដើម្បីបន្ធូរអារម្មណ៍ឈឺចាប់ពេលនេះបានទេ?»។
ក្រោយពេលលោកហ៊ាង រ៉េត ប្រកាសហែករឿងអាស្រូវយូរី លោកម៉ូរី ដែលត្រូវគេចោទមានទំនាក់ទំនងស្នេហ៍លួចលាក់ជាមួយយូរី ដែលប្រើទំព័រហ្វេសប៊ុកឈ្មោះ Bmo Trapz បានបង្ហោះសាររៀបរាប់ពាក់ព័ន្ធនឹងយូរី ដែលត្រូវលោករ៉េត ចោទ។ លោកម៉ូរី បានតបសាដូច្នេះថា “ខ្ញុំសុំសួរអ្នកទាំងអស់គ្នា បើសិនជាអ្នកទាំងអស់វិញ តើអ្នកទាំងអស់គ្នា នឹងធ្វើយ៉ាងណា? ហើយមនុស្សប្រុសនឹងជាមនុស្សប្រុសបែបណា? ពេលនេះ មនុស្សស្រីម្នាក់នោះ គាត់ក្រោកឈរឡើង ហើយប្រឈមមុខ មនុស្សប្រុសនោះក៍បានផុសរូបអាក្រាត លាបពណ៌ និងបំផ្លាញកេរ្តិ៍ឈ្មោះម្នាក់ស្រីហ្នឹង។ អ្នកទាំងអស់គ្នាប្រហែលជាជឿមនុស្សប្រុសនោះ ព្រោះគាត់ជា Director ជាមនុស្សពូកែនិពន្ធរឿង ពូកែកុហកអ្នកដទៃ និងកុហកខ្លួនឯងផងដែរ។ ខ្ញុំមិនសុំអ្នកទាំងអស់អោយជឿជាក់ទេ តែសុំអ្នកទាំងអស់គ្នាពិចារណា”។
យ៉ាងណា ពាក់ព័ន្ធនឹងដំណឹងនេះ នៅព្រឹកនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីកញ្ញាយូរី ម្ចាស់បទ ”ចាក់ទឹកដូង” និងលោកហ៊ាង រ៉េត បានទេ៕