ជារឿយៗ តែងតែមានកម្មវិធីជប់លៀង ដោយចៀសមិនផុត ទាំងការជួបជុំមិត្តភក្តិ ឬកម្មវិធីអាពាហ៍ពិពាហ៍ ដែលតែងតែមានការពិសាគ្រឿងស្រវឹង។ ចំពោះអ្នកដែលឆាប់ស្រវឹង ត្រូវត្រៀមតិចនិកខ្លះៗ ដើម្បីជួយខ្លួនឯងផងដូចជា ៖
១-ពិសាអាហារទ្រាប់ពោះ ៖ បើដឹងថា ត្រូវទៅផឹកគ្រឿងស្រវឹងជាមួយមិត្តភក្តិ មុននឹងទៅគួរពិសាអាហារទ្រាប់ពោះមុន ១ម៉ោងសិន ឬបើគ្មានពេលទៅដល់កន្លែងណាត់ហើយគួររកអាហារអ្វីមក ពិសាសិន កុំអាលផឹកគ្រឿងស្រវឹងភ្លាមៗ។ អាហារសមស្រប គួរតែជាអាហារធ្ងន់ពោះ ដូចជា បាយ នំប៉័ង បើមានត្រយូងចេក រឹតតែល្អ ព្រោះនឹងធ្វើឱ្យអ្នកមិនងាយស្រវឹង។
២-កុំលើកកែវញឹកពេក ៖ អាចជារឿងធម្មតារបស់អ្នកផឹក ដែលចូលចិត្តលើកដាច់ៗ។ ប៉ុន្តែបើត្រូវមិត្តភក្តិបង្ខំឱ្យលើកដាច់ដែរនោះ គួររកអ្វីមកបង្វែរចំណាប់អារម្មណ៍ទៅរឿងផ្សេងល្អជាង ព្រោះកុំឱ្យបរិមាណ ជាតិស្រវឹងក្នុងខ្លួនឡើងខ្ពស់លឿនពេកនាំឱ្យឆាប់ស្រវឹង។
៣-ផ្តោតទៅលើការជជែកគ្នាឱ្យបានច្រើន ៖ ពេលជួបជុំមិត្តភក្តិ គួរជាពេលនៃការជជែកគ្នាពីនេះពីនោះ កុំរវល់រឿងផឹក ត្រូវរកចំណុចគួរឱ្យចាប់អារម្មណ៍ មកជជែកគ្នា ដើម្បីឱ្យមិត្តភក្តិចាប់អារម្មណ៍ជជែកជាមួយអ្នក ច្រើនជាងបបួលផឹក។ បើលើកកែវឡើង គ្រាន់តែក្រេបតិចតួចបានហើយ។
៤-ចេះកំណត់ខ្លួនឯង ៖ បើសិនជាអ្នកដួលមុនគេ នឹងក្លាយជារឿងអាម៉ាស់មួយ ហើយមានគ្រោះថ្នាក់ចំពោះខ្លួនថែមទៀតផង។ ដូច្នេះ ត្រូវសង្កេតមើលខ្លួនឯងផង បើចាប់ផ្តើមមានអាការធ្ងន់ៗក្បាល គួរអង្គុយសម្រាកសិន ពិសាទឹកសុទ្ធឱ្យបានច្រើន និងទៅបន្ទប់ទឹកឱ្យបានញឹកញាប់ ដើម្បីបន្ថយបរិមាណជាតិស្រវឹងក្នុងខ្លួន។
៥-ចៀសវាងលាយភេសជ្ជៈផ្អែម ៖ អ្នកខ្លះចូលចិត្តស្រាក្រឡុក ឬលាយភេសជ្ជៈផ្អែមៗ ព្រោះវាស្រួលផឹក ស្រួលបំពង់ក។ តាមពិតជាតិផ្អែមទាំងនោះ ជួយឱ្យផឹកកាន់តែច្រើន ហើយឆាប់ស្រវឹង ដោយសារតែឆ្ងាញ់នឹងរសជាតិ ទើបផឹកភ្លេចខ្លួន។
៦-កុំផឹកលាយគ្នា ៖ ជាតិស្រវឹងមួយមុខៗ មានលក្ខណៈខុសៗគ្នាទាំងរសជាតិ និងកំហាប់។ បើផឹកស្រាបៀរ គួរផឹកតែមួយមុខនេះ មិនគួរផឹកលាយប៊ីយែរផង ស្រាផងទេ នាំឱ្យស្រវឹងបាត់បង់ស្មារតី។ គួរសង្កេតមើលខ្លួនឯងផងថា ផឹកប្រភេទណា មិនងាយស្រវឹង គឺផឹកប្រភេទនោះតែមួយមុខបានហើយ ៕