Tuesday, February 25, 2025
Homeព័ត៌មានជាតិវិធីថែរក្សា ចិត្ត-កាយ មនុស្សវ័យចំណាស់

វិធីថែរក្សា ចិត្ត-កាយ មនុស្សវ័យចំណាស់

ការថែទាំមនុស្សវ័យចំណាស់ អាចជារឿងដែលគួរឱ្យធុញទ្រាន់ នៃសមាជិកគ្រួសារជាច្រើន។ តែប្រសិន មានការរៀបគម្រោង និងយកចិត្តទុកដាក់ឱ្យហ្មត់ចត់ ពុំមានអ្វីគួរឱ្យលំបាកនោះទេ…។

-ការនិយាយស្តី ៖ ការថែទាំមនុស្សចាស់ឱ្យមានសុខភាពល្អ ទាំងចិត្តនិងកាយ អាចចាប់ផ្តើមបានដោយការនិយាយស្តី ដែលពួកគាត់អាចទទួលយកបាន និងសម្របខ្លួនដោយខ្លួនឯង។ ការនិយាយស្តី ទោះបីពិបាកយូរៗទៅ ពួកគាត់នឹងយល់ខ្លួនឯងថា ត្រូវប្រតិបត្តិយ៉ាងណា។ ជាពិសេសការសម្របខ្លួនទាំងផ្នែកទទួលទានអាហារ ការរស់នៅ ការហាត់ប្រាណ ដែលស័ក្តិសមសម្រាប់វ័យខ្លួនឯង ទោះបីចិត្តគាត់មានះយ៉ាងណាក្តី បើព្យាយាមធ្វើឱ្យគាត់យល់ និងផ្តល់កម្លាំងចិត្តដល់គាត់ គឺជាវិធីដ៏ល្អបំផុត ដែលធ្វើឱ្យកើតឡើងបាន។

-រកកិច្ចការធ្វើឱ្យសប្បាយៗ ៖ ដូចជាការដាំដើមឈើ ធ្វើផ្កាសិប្បនិម្មិត ចិញ្ចឹមសត្វ លេងតន្ត្រី ស្តាប់ភ្លេង សូត្រធម៌ អានសៀវភៅ ឬធ្វើកិច្ចការផ្ទះតិចតូច។ ខ្លួនមនុស្សចាស់ រឹងមាំ អាចក្រោកមកធ្វើនំ ឬអាហារ មើលថែមនុស្សក្នុងផ្ទះ ដោយភាពសប្បាយរីករាយ មានសេចក្តីសុខ ផ្នែកផ្លូវចិត្ត ក៏គួរបណ្តោយឱ្យធ្វើខ្លះ ប្រសិនការងារនោះ មិនហត់ខ្លាំង។

-អារម្មណ៍កំប្លែង គឺជាថ្នាំពិសេស ៖ កុំភ្លេចថា អារម្មណ៍កំប្លែង គឺតិចនិកសំខាន់ធ្វើឱ្យមនុស្សក្នុងផ្ទះអាយុវែង ជាពិសេស ចាស់ជរា ពេលបានសើចញញឹមញញែម ជួយឱ្យពួកគាត់មានសេចក្តីសុខ និងរឹងមាំ ជាងអ្នកដែលស្ថិតនៅក្នុងភាពតានតឹង។ ដូច្នេះ គួរអានរឿងកំប្លែងឱ្យគាត់ស្តាប់ ឬពិភាក្សាគ្នាលេងនៅកន្លែងដែលមានបរិយាកាសសប្បាយៗ។

-គន្លឹះថែទាំសុខភាព ៖

  • គួរពិសាទឹកឱ្យគ្រប់គ្រាន់ យ៉ាងតិច ១ថ្ងៃ ៨កែវ។
  • ទទួលទានអាហារណាដែលងាយរំលាយ ពិសេសបន្លែផ្លែឈើ ធញ្ញជាតិ ជ្រើសប្រភេទដែលគ្មានជាតិគីមី រសជាតិមិនខ្លាំង។ ឯអាហារសម្រាប់មនុស្សចាស់គឺ កាឡូរីសមរម្យ បន្ថយខ្លាញ់ មានប្រូតេអីុន និងកាកសរសៃគ្រប់គ្រាន់ អាហារដែលមានកាល់ស្យូម និងវីតាមីន គ្រប់គ្រាន់។
  • ហាត់ប្រាណយ៉ាងតិច ១សប្តាហ៍ ៣ដង ម្តង ២០-៣០នាទី។
  • ពិនិត្យរាងកាយឱ្យទៀងទាត់ ឬតាមការណាត់របស់គ្រូពេទ្យ​ ៕
RELATED ARTICLES