ភាពតានតឹងក្នុងអារម្មណ៍ និងពិបាកចិត្ត ពុំមែនកើតឡើងចំពោះផ្លូវចិត្តតែមួយមុខនោះទេ ប៉ុន្តែ បានប៉ះពាល់ទៅដល់សរីរាង្គគ្រប់ផ្នែកផងដែរ។ បើបណ្តោយទុកយូរ អាចមានផលប៉ះពាល់រយៈពេលយូរដល់សុខភាព។ ហេតុនេះគួរប្រញាប់ស្តាររាងកាយរបស់អ្នកមកវិញ។
១-សក់ ៖
ភាពតានតឹងអារម្មណ៍ ជាកត្តាសំខាន់ធ្វើឱ្យសក់ជ្រុះលើសពី ៦០សរសៃ ក្នុងមួយថ្ងៃ ហើយសរសៃសក់ដែលគួរដុះថ្មី ក៏មិនដុះឡើងទៀតផង ទើបធ្វើឱ្យសក់ស្តើង រហូតដល់ក្លាយជាក្បាលតម្ពែកក៏មាន។
-វិធីកែ ៖
គួរបន្ធូរបន្ថយអារម្មណ៍របស់ខ្លួនដោយកិច្ចការដ៏ល្អ ចំពោះស្បែកក្បាល ដូចជា ហាត់យោគៈឱ្យឈាមមកចិញ្ចឹមប្ញសសក់ និងព្យាយាម ពិសាអាហារដែលជួយបំប៉នសរសៃសក់ ដូចជា សារាយសមុទ្រ ទឹកដោះគោ គ្រាប់ឈូករ័ត្ន ព្រមទាំងធញ្ញជាតិផ្សេងៗ នឹងធ្វើឱ្យសក់ដែលដុះមកថ្មី មានសភាពរឹងមាំជាងមុន។
២-បេះដូង ៖
អ្នកដឹងថា ភាពតានតឹងកំពុងវាយប្រហារបេះដូង ដោយសារបេះដូងលោតញាប់រន្ថើន រាងកាយផលិតអ័រម៉ូន អាឌ្រីណាលីន ចេញមកខុសប្រក្រតី ញ័រដៃជើង ត្រជាក់ដៃជើង អ្នកខ្លះអាចដល់ថ្នាក់ញ័រខ្លួន ព្រោះសម្ពាធឈាមកំពុងឡើងខ្ពស់ បើអ្នកដែលមានជំងឺបេះដូងស្រាប់អាចគាំងបេះដូងបាន។
-វិធីកែ ៖
ភាពតានតឹងនៅបេះដូង តែងតែកើតឡើងពេលកំពុងខឹងខ្លាំង ដូចជា កំពុងឈ្លោះជាមួយអ្នកដទៃយ៉ាងខ្លាំង ខណៈពេលនោះ ត្រូវឈបតមាត់ ប្រញាប់រកកន្លែងស្ងប់ស្ងាត់ អង្គុយរម្ងាប់អារម្មណ៍ បិទភ្នែក រួចដកដង្ហើមវែងៗ ជាច្រើនដង ដើម្បីឱ្យអុកស៊ីហ្សែនចូលទៅបណ្តេញជាតិពុលដែលកំពុងតែកកើតឡើង។ លុះអន់ញ័រទ្រូងបន្តិចហើយ សឹមក្រេបទឹកតែ ខាម៉ូម៉ាយល៍ក្តៅៗមួយកែវ ឬស្រូបក្លិនប្រេងក្រអូបឡាវេនឌ័រ ក្លិនកុលាប ឬក្លិនក្រូចឆ្មារ លាបនៅនឹងសៀតផ្កា ញីស្រាលៗ ឱ្យជាតិប្រេងជ្រាបចូលទៅក្នុងស្បែក នឹងជួយឱ្យធូរស្រាលបាន។
៣-ប្រអប់មាត់ ៖
បើកាលណាខឹង នាំឱ្យក្តៅក្នុងមិនខាន ព្រោះភាពតានតឹងនឹងទៅជំរុញឱ្យសីតុណ្ហភាពក្នុងខ្លួនកើនឡើងខ្ពស់ ឱ្យ ក្តៅក្នុង ដោយមិនដឹងខ្លួនបណ្តាលឱ្យមានដំបៅមាត់ជាប្រចាំ។
វិធីកែ ៖
បើដឹងថា ចាប់ផ្តើមក្តៅក្នុងហើយ ប៉ុន្តែពុំទាន់មានដំបៅមាត់ គួរតែពិសាបន្លែផ្លែឈើ ដែលមានធាតុត្រជាក់ ដូចជា ឪឡឹក ត្រសក់ស្រូវ ខេនតាលូប ដើម្បីបន្ថយសីតុណ្ហភាពក្នុងខ្លួន។ ប៉ុន្តែបើមានដំបៅក្នុងមាត់ហើយ គួរពិសាក្រូច ផ្លែចេក គីវី ទំពាំងបាយជូរ បង្គា បាយអង្ករសំរូប ធញ្ញជាតិ។ ទាំងអស់នេះ សម្បូរដោយវីតាមីន C វីតាមីន A សេលេនីញ៉ូម ស័ង្កសី នឹងជួយផ្សះដំបៅឱ្យឆាប់ជាសះស្បើយបានលឿន។
៤-ថ្គាម ៖
ហាក់ដូចជាមិនពាក់ព័ន្ធគ្នាសោះ។ ប៉ុន្តែ តាមពិត មានការពាក់ព័ន្ធគ្នាដោយផ្ទាល់ ព្រោះពេលខឹងខ្លាំង តែងតែ សង្ក្រឺតធ្មេញដោយមិនដឹងខ្លួន។ ឆ្អឹងថ្គាមត្រូវរងកម្លាំងសង្កត់ នាំឱ្យសាច់ដុំបរិវេណនេះឡើងតឹង រហូតដល់មានអាការឈឺក្បាល ឬកើតប្រកាំងតាមក្រោយ។ បើអ្នកណាខឹង ហើយចូលចិត្តគេងសង្ក្រឺតធ្មេញទៀតនោះ នឹងធ្វើឱ្យធ្មេញរង្គើ ឈឺថ្គាមទៀតផង។
វិធីកែ ៖
ពិសាថ្នាំបំបាត់ការឈឺចាប់ ជួយបន្ថយអាការដំបូងសិន សឹមទៅជួបគ្រូពេទ្យ រួចធ្វើពុម្ពធ្មេញ ឱ្យពាក់ឧបករណ៍ពេលគេង នឹងជួយការពារការសង្ក្រឺតធ្មេញពេលគេងមិនខាន។
៥-ខួរក្បាល ៖
ភាពតានតឹងជាកត្តាជំរុញឱ្យរាងកាយបញ្ចោញអ័រម៉ូនខរទីសូលចេញមក បើមានច្រើន អ័រម៉ូននេះនឹងទៅបំផ្លាញកោសិកាខួរក្បាលផ្នែកការចងចាំ។ អ្នកដែលតានតឹងខ្លាំង តែងតែភ្លេចនេះភ្លេចនោះជាប្រចាំ។ បើបណ្តែតបណ្តោយទុកយូរ ក្លាយជាមនុស្សភ្លេចភ្លាំង ថែមទាំងមិនសូវមានសមាធិ មិនសូវមានប្រសិទ្ធភាពការធ្វើកិច្ចការងារផង។
-វិធីកែ ៖
ទទួលទានអាហារដែលមានអូមេហ្គា-៣ ដូចជា ត្រីសមុទ្រទឹកជ្រៅ ត្រីប្លាធូ ត្រីធូណា ត្រីសាលម៉ន ត្រីស្បៃកា ប្រេងដូង និងសណ្តែកផ្សេងៗ ជាប្រចាំនឹងអាចជួយបានច្រើន។
៦-ប្រព័ន្ធផ្លូវដង្ហើម ៖
ពេលកំពុងតានតឹង ឬខឹង បេះដូងលោតញាប់ ត្រូវដកដង្ហើមញាប់ដែរ នឹងធ្វើឱ្យអុកស៊ីហ្សែន ចូលទៅក្នុងសួតមិនបានពេញលេញនាំឱ្យខ្វះខ្យល់ដកដង្ហើម ដូចមនុស្សខ្យល់គរ រាងកាយនឹងល្ហិតល្ហៃ ប្រស្រីភ្នែករីកធំ រីឯខួរក្បាលក៏វិលវល់។
-វិធីកែ ៖
ពេលដឹងថា តានតឹងឬខឹង ត្រូវបិទភ្នែក កាត់បញ្ហាចេញពីខួរក្បាលឱ្យអស់មួយរយៈពេល ដកដង្ហើមចេញចូលឱ្យវែង ដើម្បីឱ្យអុកស៊ីហ្សែនចូលក្នុងសួតបានច្រើន។ បើអាចហ្វឹកហាត់បែបនេះញឹកញាប់ នឹងជួយឱ្យចិត្តត្រជាក់ មិនសូវឆេវឆាវបាន។
៧-សរីរាង្គក្នុងពោះ ៖
សរសៃប្រសាទក្នុងពោះ ជាផ្នែកមួយដែលឆាប់រំញោចអារម្មណ៍ បំផុតក្នុងរាងកាយនេះ។ ពេលភាពតានតឹងវាយប្រហារមកលើសរីរាង្គណានោះ នឹងអាចដឹងបានភ្លាម។ ពេលតានតឹងខ្លាំង សាច់ដុំពោះនឹងរួញខ្លួន រហូតដល់ធ្វើការមិនបានល្អ បណ្តាលឱ្យទល់លាមក ឬបើទៅប៉ះទង្គិចនឹងប្រព័ន្ធរំលាយអាហារ អាចធ្វើឱ្យមានអាការរាករូសភ្លាមៗ ឬបណ្តាលឱ្យចុកពោះភ្លាមៗមិនខាន។
-វិធីកែ ៖
ពិសាតែបៃតង ឬតែជីរអង្កាម នៅពេលដែលដឹងថា កំពុងតានតឹងអារម្មណ៍ ព្រោះជីរអង្កាមនឹងជួយឱ្យពោះវៀនរលាខ្លួន ថយកម្លាំងកន្ត្រាក់ នាំឱ្យមានអារម្មណ៍ធូរស្រាលមកវិញ ៕