ការថែទាំស្បែកបែបធម្មជាតិ នឹងធ្វើឱ្យស្បែកមុខមើលទៅមានសុខភាពល្អ ស្រស់បស់ ភ្លឺថ្លាបែបព្រឿងៗ មិនសស្លេក សស្លាំង ដោយប្រើរូបមន្តទាំង ៤ មុខគឺ ៖
១-ថែស្បែកដោយម្សៅខ្លឹមចន្ទន៍ ៖
មានគុណសម្បត្តិជួយឱ្យស្បែកមុខស្រស់បស់ លេចធ្លោ មិនចាញ់រុក្ខឱសថដទៃប៉ុន្មានទេ គ្រាន់តែយកម្សៅខ្លឹមចន្ទន៍ មកលាយជាមួយទឹកស្អាត យកមកលាបលើផ្ទៃមុខឱ្យសព្វ ទុករហូតដល់ម្សៅម៉ាសក៍នេះស្ងួតនៅលើមុខ សឹមលាងជម្រះចេញដោយទឹកត្រជាក់។ រូបមន្តនេះ សមស្របចំពោះ ស្បែកមុខខ្លាញ់ ព្រោះមិនត្រឹមតែជួយស្បែកឱ្យមើលទៅភ្លឺថ្លាប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយបន្ថយជាតិខ្លាញ់លើផ្ទៃមុខផងដែរ។
២-ថែស្បែកដោយដំឡូងបារាំង ៖
រូបមន្តដំឡូងបារាំងនេះ សមស្របចំពោះអ្នកមានបញ្ហាស្បែកក្រមៅ ដោយយកដំឡូងបារាំង១មើម មកកិនឱ្យម៉ដ្ឋ ថែមទឹកដោះគោជូរប្រមាណកន្លះស្លាបព្រា កូរឱ្យចូលគ្នាលាបលើផ្ទៃមុខឱ្យសព្វទុក ១០នាទី សឹមលាងចេញដោយទឹកត្រជាក់។ ដំឡូងបារាំង នឹងជួយសម្រួលតុល្យភាពស្បែកឱ្យភ្លឺជាងមុន និងគុណសម្បត្តិទឹកដោះគោជូរ បង្កើន ភាពភ្លឺថ្លាដល់ស្បែកឱ្យមើលទៅឃើញក្រហមព្រឿងៗ យ៉ាងស្រស់ស្អាត។
៣-ថែស្បែកដោយសណ្តែកអាល់ម៉ន់ដ៍ ៖
ជារូបមន្តដែលផ្តល់ប្រសិទ្ធភាពខ្ពស់ ទាំងស្បែក ខ្លាញ់ និងស្បែកស្ងួត។ គ្រាន់តែយកសណ្តែក អាល់ម៉ន់ដ៍ ៤-៥គ្រាប់ មកត្រាំ ក្នុងទឹកដោះគោ (ធ្វើពេលព្រឹក) ត្រាំទុកចោល១២ម៉ោង។ បន្ទាប់មក យកវាទៅកិនឱ្យម៉ដ្ឋ រួចយកមក លាបលើស្បែកទុកចោល១យប់ សឹមលាងសម្អាតចេញវិញ នៅពេលព្រឹកថ្ងៃបន្ទាប់។
ចំពោះប្រភេទស្បែកស្ងួត អាចយករូបមន្តនេះទៅប្រើជាប្រចាំរាល់ថ្ងៃ បាន។ ប៉ុន្តែចំពោះអ្នកស្បែកខ្លាញ់ ត្រូវបន្ថយបរិមាណត្រឹមមួយសប្តាហ៍ ២ដង ជាការគ្រប់គ្រាន់។
៤-ថែស្បែកដោយទឹកដោះគោ និងបាយ ៖
រូបមន្តនេះបានលាយផ្សំនូវគុណសម្បត្តិដ៏ល្អរបស់ “ទឹកដោះគោ” និង “បាយ” រួមបញ្ចូលគ្នា ដោយយកបាយឆ្អិន ២ស្លាបព្រា ត្រាំទុកក្នុងទឹកដោះគោ ២ស្លាបព្រាបាយ។ យកស្លាបព្រាសង្កត់ បាយឱ្យម៉ដ្ឋ ទុកចោល ២ម៉ោង ដើម្បីឱ្យទឹកដោះគោជ្រាបសព្វទៅក្នុងបាយ។ លុះគម្រប់ ២ម៉ោងហើយ សឹមយកល្បាយនេះមកលាបលើស្បែកមុខឱ្យសព្វ។ រូបមន្តថែស្បែកបែបនេះ សមស្រប ចំពោះគ្រប់សភាពស្បែក ដែលត្រូវការភាពភ្លឺថ្លា និងមានសំណើម ៕