Saturday, November 30, 2024
Homeព័ត៌មានជាតិសម័យកាលតេជោ សម័យកាលសន្តិភាព

សម័យកាលតេជោ សម័យកាលសន្តិភាព

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជា បានផ្លាស់ប្តូរសម័យកាលខុសៗគ្នា។

នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា “១សម័យកាល តេជោសន្តិភាព កម្ពុជាក្នុងសម័យកាលនីមួយៗ គឺវិវឌ្ឍន៍ខុសៗគ្នា។ ក្នុងសម័យកាលព្រះបាទសូរ្យវរ្ម័នទី២ គឺ បានបន្សល់ទុកនូវអង្គរអច្ឆរិយៈ ជាកេរមរតក សម្រាប់មនុស្សជាតិទូទៅមកទល់សព្វថ្ងៃ។ រីឯសម័យកាលក្នុងជំនាន់ព្រះបាទជយវរ្ម័នទី៧ គឺបានធ្វើឱ្យកម្ពុជា មានឥទ្ឋិពលខ្លាំង ព្រមទាំងបន្សល់ទុកនូវប្រាសាទអង្គរធំ និងស្នាព្រះហស្ត ប្រវត្តិសាស្ត្រជាច្រើនទៀតសម្រាប់កម្ពុជា។ ចំពោះក្នុងសម័យកាលខ្មែរក្រហម ប៉ុលពត វិញ គឺជាសម័យកាលប្រល័យពូជសាសន៍ ដែលបានធ្វើឱ្យប្រជាពលរដ្ឋស្លាប់អស់ជាច្រើនលាននាក់ ហើយបានបំផ្លាញប្រទេសជាតិខ្ទេចខ្ទីស្ទើររលាយទាំងស្រុង។ ទាំងអស់នេះ គឺជាការពិត ដែលយើងចងចាំមកទល់សព្វថ្ងៃ។

ចំពោះសម័យកាលតេជោ ហ៊ុន សែន គឺជាសម័យកាលសន្តិភាព ដែលបានមកពីថ្ងៃ៧ មករា ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលយើងចងចាំក្នុងជីវិតជានិច្ច។ សម័យតេជោ សែន គឺបានទទួលមកវិញនូវផែនដីសន្តិភាពទាំងមូល ដែល បានធ្វើឱ្យពលរដ្ឋរស់នៅសុខសាន្ត មានឱកាស និងសិទ្ធិសេរីភាពពេញលេញក្នុងជីវិត។ សម័យ តេជោ សែន គឺបានប្រែក្លាយកម្ពុជា ពីគំនរផេះផង់ មកជាប្រទេសរីកចម្រើន ស្មើមុខមាត់ជាមួយប្រទេសនានាក្នុងតំបន់ និងក្នុងឆាកអន្តរជាតិ ជាមួយកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាមោទនភាព និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងយុវជន។

យើងរួមគ្នាជាធ្លុងមួយជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន រុងរឿងខ្លាំងឡើង!”។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងបញ្ហាសន្តិភាពនេះ នៅក្នុងហ្វេសប៊ុករបស់សម្តេចហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក៏បានរំលឹកថា កសាងសន្តិភាព លំបាកខ្លាំងណាស់ ប៉ុន្តែបំផ្លាញសន្តិភាពងាយ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ពោលគឺ កម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនមកទល់សព្វថ្ងៃ ព្រោះមានសម្តេចហ៊ុន សែន ដែលជាប្រមុខដឹកនាំសន្តិភាព អង្គុយគិត អង្គុយធ្វើ ដើម្បីប្រជាពលរដ្ឋរស់នៅសុខស្រួល។ សម្តេចបានឆ្លងកាត់សង្គ្រាម និងគ្រោះថ្នាក់ជា ច្រើនដងរហូតពិការភ្នែក ហើយស្ទើរបាត់បង់ជីវិត គឺដើម្បីរកសន្តិភាពជូនប្រជាពលរដ្ឋ និងកូន ក្មួយយុវជន និងចៅៗជាទីស្រឡាញ់ទាំងអស់។ សម្តេចសុខចិត្តលះបង់អាយុជីវិតផ្ទាល់ខ្លួន ដើម្បី បានផែនដីសន្តិភាពត្រឡប់មកវិញ សម្រាប់ពលរដ្ឋ ដោយមិនស្តាយឡើយ។ អ្វីដែលទាំងអស់គ្នាឃើញច្បាស់នឹងភ្នែក គឺកម្ពុជាសន្តិភាព កំពុងរីកចម្រើនបោះជំហានទៅមុខ ដែលប្រជាពលរដ្ឋទូទាំងប្រទេស មានមោទនៈភាព ចំពោះ គំរូវីរៈភាពដឹកនាំរបស់សម្តេចហ៊ុន សែន។

ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់ថា នៅពេលនេះ និងម៉ោងនេះ ប្រជាពលរដ្ឋបានដឹង និងឃើញច្បាស់ថា មានប្រទេសក្នុងពិភពលោកជាច្រើន កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចបញ្ហា ជនភៀសខ្លួន អសន្តិសុខសង្គម អំពើភេរវកម្ម និងសង្គ្រាមកាប់សម្លាប់ ដែលធ្វើឱ្យក្រុមគ្រួសារ បាត់បង់មនុស្សជាទីស្រឡាញ់ និងបែកបាក់ព្រាត់ប្រាស់ឪពុកម្តាយ យាយតា ពូ មីង បងប្អូនប្តីប្រពន្ឋ និងកូនចៅយ៉ាងរន្ធត់ខ្លោចផ្សាបំផុត។ នៅពេលនេះ និងម៉ោងនេះ នៅកម្ពុជា កំពុងមានសុខសន្តិភាព ជាមួយសំឡេងសប្បាយក្អាកក្អាយរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជួបជុំ ក្រុមគ្រួសារដោយសុខដុមរមនា។ ដូច្នេះ សូមអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជន យុវតី ដែលបានចូលរួមជាមួយសម្តេចហ៊ុន សែន ដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ មានសន្តិភាព មានឱកាសគ្រប់ៗគ្នា ជាពិសេសឱកាសកសាងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង។

ជាមួយគ្នានោះដែរ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់ថា សន្តិភាព គឺបានមកពីការខិតខំប្រឹងប្រែង ដែលមានការតស៊ូជាច្រើនឆ្នាំ និងលះបង់គ្រប់យ៉ាង រួមទាំងអាយុជីវិតមនុស្ស ទម្រាំទទួលបាននូវសន្តិភាពពេញលេញមកទល់សព្វថ្ងៃនេះ។ ជាពិសេស សម្តេចហ៊ុន សែន ផ្ទាល់ ដែលបានស្ម័គ្រចិត្ត ចូលតស៊ូរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយបន្ទាប់មកទៀត គឺដើម្បីរំលត់សង្គ្រាមស៊ីវិលទាំងស្រុង នៅក្នុងផ្ទៃប្រទេស សម្តេចបានស្ម័គ្រចិត្តលះបង់ជីវិតចុងក្រោយ ដើម្បីសេចក្តីសុខរបស់ខ្មែរគ្រប់និន្នាការនយោបាយ។ ការសម្រេចចិត្តរបស់សម្តេចហ៊ុន សែន គឺប្រសិនបើបរាជ័យ គ្រាន់តែជាការបាត់បង់អាយុជីវិត សម្តេចតែម្នាក់ឯង ប៉ុណ្ណោះ ប៉ុន្តែបើជោគជ័យ គឺបានផែនដីសន្តិភាពទាំងមូលត្រឡប់មកវិញ សម្រាប់ពលរដ្ឋរស់នៅសុខសាន្តទាំងអស់គ្នា។ ដោយសារការលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់សម្តេច ហ៊ុន សែន គឺបានធ្វើឱ្យកម្ពុជា មានសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរមកទល់សព្វថ្ងៃនេះ។ ដូច្នេះដើម្បីបន្តនិរន្តរភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពគង់វង្សយូរអង្វែង សូមបងប្អូន ប្រជាពលរដ្ឋ ជាពិសេស យុវជន ពួតដៃគ្នាចូល រួមថែរក្សា ការពារសន្តិភាពជាមួយសម្តេចឱ្យ នៅគង់វង្សឋិតថេរ៕

កុលបុត្រ

RELATED ARTICLES