ភ្នំពេញ ៖ រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន បណ្តាលឲ្យរងកាខូចខាតរថយន្តទាំងសងខាង ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះដល់អ្នកបើកបរទេ ខណៈពេលដែលអ្នកបើកបរកំពុងតែចរចាគ្នា ស្រាប់តែលេចមុខលោកមេប៉ុស្តិ៍បឹងកេងកង២ មិនដឹងថាមកពីផឹកស៊ីនៅកន្លែងណា ទេ ក្នុងស្ថានភាពស្រវឹង ជិះម៉ូតូមួយគ្រឿងមកដល់ បានទាញទូរស័ព្ទដើរថតគេឯងពាសពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២១០៧ ទល់មុខហាង បុប្ផាគីរីរម្យ ផ្លូវ១១៣ កែងនិងផ្លូវ២៧៨ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA-3543 បើកដឹកភ្ញៀវស្រីម្នាក់ បានធ្វើដំណើរតាមផ្លូវ១១៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមានបុរសម្នាក់បានបើករថយន្តបង្ក ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2w-6349 ធ្វើដំណើរតាមផ្លូវ២៧៨ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន និងស្រវឹងក៏ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រចំចំហៀងមុខខាងស្ដាំ បណ្តាលឲ្យរថយន្តតាក់ស៊ីរងការខូចខាត ក្រពិតថ្ពាល់មុខចំហៀងខាងស្ដាំ និងបាក់រ៉ូទីលខាងស្តាំ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្តនោះទេ ។ ភ្លាមៗនោះ ភ្ញៀវដែរលជិះក្នុងរថយន្តបានចុះពីលើរថយន្ត ឡើងជិះរថយន្តមួយគ្រឿងទៀត បន្តទៅមុខបន្តទៀត ។ ដោយឡែករថយន្តបង្កម៉ាកកាមរី រងកាខូចខាត ក្រពិតថ្ពាល់ចំហៀងខាងឆ្វេង តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរដូចគ្នា។ ភ្លាមៗនោះ ភាគីទាំងសងខាងបានចរចាគ្នាមិនត្រូវនោះទេ ក៏ឲ្យសមត្ថកិច្ចជំនាញខណ្ឌមកធ្វើវាស់វែង ស្រាប់តែឃើញលោកមេប៉ុស្តិ៍បឹងកេងកង២ មិនដឹងថា មកពីផឹកស៊ីនៅកន្លែងណានោះទេ ជិះម៉ូតូមួយគ្រឿង មកដល់ក្នុងស្ថានភាពស្រវឹងទ្រេតទ្រោត បានយកទូរស័ព្ទដើរថតអ្នកចោមរោមមើល ថតប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទៀត ធ្វើឲ្យអ្នកឃើញហេតុការណ៍ហួសចិត្តគ្រប់គ្នានឹងទង្វើរបស់លោកមេប៉ុស្តិ៍ ដែលកន្លងមកពេលដែលលោកបំពេញការងារ សូម្បីតែចាប់បានជនសង្ស័យឆក់កាបូប ឬឆក់ទូរស័ព្ទ ក៏បិទទ្វារការិយាល័យមិនឲ្យអ្នកយកព័ត៌មានចូលថតដែរនោះ ។
ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕