Saturday, November 30, 2024
Homeព័ត៌មានជាតិគយសង្កត់ក

គយសង្កត់ក

ក្រុមឈ្មួញនិងអាជីវករមួយចំនួន ដែលរកស៊ីនាំទំនិញពីប្រទេសថៃ ចូលតាមច្រកទ្វារ អន្តរជាតិព្រំ ខេត្តប៉ៃលិន បានខ្សឹបឱ្យឮតាម “នគរធំ” ថា លោកមេគយច្រកទ្វារអន្តរជាតិព្រំ ទំនងជាមានការបើកដៃពីប្រធានសាខាគយ ខេត្តប៉ៃលិន បាននិងកំពុងសង្កត់ក ទារប្រាក់ពីក្រុមអាជីវករនិងឈ្មួញទាំងតូចទាំងធំដោយគ្មានរើសមុខ ដើម្បីតែផលប្រយោជន៍ខ្លួន និងបក្ខពួកប៉ុណ្ណោះ។

ឈ្មួញ និងអាជីវករ ដែលនាំទំនិញចូលពីប្រទេសថៃ បានខ្សឹបឱ្យឮថា ពួកគាត់ធ្លាប់ប្រកប អាជីវកម្មដោះដូរទំនិញនៅច្រកព្រំនេះ រាប់សិបឆ្នាំមកហើយ និងតែងគិតទូទាត់បង់ពន្ធជូនរដ្ឋ តាមច្បាប់ត្រឹមត្រូវ មិនដែលគេចវេះឡើយ និងសល់ផលចំណេញតិចតួច ល្មមអាចចិញ្ចឹមគ្រួសារបាន។ ប៉ុន្តែបន្ទាប់ពីលោកសំ សុវណ្ណារិទ្ធ ប្រធានសាខា គយខេត្តប៉ៃលិនថ្មី និងលោកទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំថ្មី  ចូលមកកាន់តំណែង ស្រាប់តែបានដាក់វិធានការ គាបសង្កត់កអាជីវករជាឈ្មួញកណ្តាល ដែលធ្លាប់តែចេញចូល ប្រកបអាជីវកម្មនៅច្រកព្រំគ្មាន អាសូរសោះឡើយ រហូតដល់ពួកគាត់លែងចង់រកស៊ី ព្រោះបានផលចំណេញតិចតួច ត្រូវក្រុមគយប្រចាំច្រកព្រំសង្កត់ក ទារលុយ សឹងតែលៀន អណ្តាតទៅហើយ។

ឈ្មួញ និងអាជីវករទាំងនោះ បានខ្សឹបថា លោកទី ប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិ ព្រំ ទំនងជាមានភ្លើងខៀវពីលោកសំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្តប៉ៃលិន ទើបបានដៃមកសង្កត់កអាជីវករយ៉ាងខ្លាំង ដោយក្នុងនោះ សូម្បី តែពលរដ្ឋដែលរកស៊ីនាំបន្លែ និងផ្លែឈើចូលតាមច្រកទ្វារព្រំ ក៏ត្រូវមន្ត្រីគយប្រចាំច្រកនេះ ទារលុយពីពួកគាត់ ដោយគ្មានការយោគយល់ឡើយ រហូតផ្ទុះការតវ៉ា កាលពីពេលថ្មីៗនេះទៀតផង។ ក្រុមអ្នកតវ៉ាបានឱ្យដឹងថា ពួកគាត់ដឹកទំនិញ ក្នុងមួយជើងចំណេញមិនដល់២ម៉ឺនរៀលផង តែបែរជាត្រូវមន្ត្រីគយក្រោមការគ្រប់គ្រងរបស់ លោកទី ប៊ុនឡង់ ទារលុយពីពួកគាត់ក្នុងមួយម៉ូតូពី១ម៉ឺន ទៅ២ម៉ឺនរៀល ដូច្នេះតើសល់លុយឯណា ទុកទិញអង្ករច្រកឆ្នាំង? ឬមួយឱ្យពួកគាត់ រកស៊ីសម្រាប់ចិញ្ចឹមក្រុមគយទាំងនោះ? កន្លងមក មេគយច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន មុនៗ មិនធ្លាប់គាបសង្កក់ពួកគាត់ដូចសម័យលោកទី ប៊ុនឡង់ និងលោកសំ សុវណ្ណារិទ្ធ នេះទេ។

ឈ្មួញ និងអាជីវករ បានខ្សឹបបន្តថា មួយរយៈពេលកន្លងទៅនេះ លោកទី ប៊ុនឡង់ បានប្រមូលលុយ ដោយមិនមានការយោគយល់អ្វីបន្តិចឡើយ ហើយលុយដែលប្រមូលបានពីក្រុម អាជីវករតូចតាចទាំងនោះ ច្បាស់ជាមិនបានចូលរដ្ឋនោះទេ គឺប្រាកដជាហូរចូលហោប៉ៅអស់លោកទាំងនោះ ប្រាកដមិនខាន។ ផ្ទុយទៅវិញ លោកទី ប៊ុនឡង់ បែរជាស៊ុមគ្រលុំបើកដៃឱ្យ ឈ្មួញធំៗនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកទ្វារអន្តរជាតិព្រំយ៉ាងគគ្រឹកគគ្រេង ដើម្បីជាថ្នូរនឹងផលប្រយោជន៍បុគ្គល និងបក្ខពួក។ ឥឡូវនេះ សូម្បី តែឈ្មួញនិងអាជីវករធំៗក៏មានប្រតិកម្មដែរ ព្រោះលោកទី ប៊ុនឡង់ គាបយកលុយពីពួកគេ តាមខ្លាំងដៃពេក រហូតធ្វើឱ្យទាំងឈ្មួញ និងអាជីវករធំៗ នាំគ្នាខ្សឹបឱ្យឮដល់ក្រសួងសេដ្ឋកិច្ច និងស្ថាប័នគយពាក់ព័ន្ធចាត់វិធានការដោះស្រាយជាបន្ទាន់ផង។

ចំណែកក្រុមមន្ត្រីប្រចាំច្រកទ្វារអន្តរជាតិ ព្រំមួយចំនួន ទំនងជាមិនសូវទទួលបានផលប្រយោជន៍ បានខ្សឹបឱ្យឮដែរថា មួយរយៈនេះ ក្រុមឈ្មួញកណ្តាលជាច្រើន រួមនិងក្រុមអាជីវករផង បាននាំគ្នារត់ទៅនាំទំនិញតាមច្រកផ្សេង អស់ហើយធ្វើឱ្យសេដ្ឋកិច្ចច្រកព្រំ ខេត្តប៉ៃលិន  ធ្លាក់ចុះយ៉ាងគំហុក និងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចរបស់ខេត្តទាំងមូលទៀតផង។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ដោយសារមិនអាចទាក់ទងសុំការបំភ្លឺពីលោកសំ សុវណ្ណារិទ្ធ ប្រធានសាខាគយខេត្ត ប៉ៃលិន និងលោកទី ប៊ុនឡង់ ប្រធានការិយា ល័យគយច្រកទ្វារអន្តរជាតិព្រំបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ៕

ខៀវទុំ

RELATED ARTICLES