Wednesday, January 22, 2025
Homeព័ត៌មានជាតិករណីវាយតប់បង្កហិង្សា លោកនាយប៉ុស្តិ៍ទឹកល្អក់ទី២ មិនចង់ឲ្យសារព័ត៌មានចេញផ្សាយ

ករណីវាយតប់បង្កហិង្សា លោកនាយប៉ុស្តិ៍ទឹកល្អក់ទី២ មិនចង់ឲ្យសារព័ត៌មានចេញផ្សាយ

ភ្នំពេញ ៖ ​បុរសម្នាក់ស្រវឹងជិះម៉ូតូទៅវ៉ាក់អឺជាមួយរ៉ឺម៉កម៉ូតូ​មួយគ្រឿង ​ទាស់សម្តីគ្នាបន្តិចបន្តួច បង្កជាហិង្សា​ ត្រូវសមត្ថកិច្ចចុះទៅអន្តរាគមន៍នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់ទី២ បែរជាលោកមេប៉ុស្តិ៍ព្យាយាមហាមឃាត់អ្នកសារព័ត៌មានមិនចុះផ្សាយទៅវិញ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ២៧១ កែងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ជនរងគ្រោះមានឈ្មោះ ហ៊ី ចិត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅម្តុំមណ្ឌលសុខភាពទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​រងរបួសបែកក្បាល​។ ជនបង្កហេតុមានឈ្មោះ ទុយ តល់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ម្តុំរោងចក្រដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើក​ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FO-០៦៣៦ ​និងជនបង្កម្នាក់ទៀត មិនស្គាល់ឈ្មោះ វ័យ​២៥ឆ្នាំ ជាអ្នកវាយជនរងគ្រោះបណ្តាលឲ្យបែកក្បាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ ទុយ តល់ ដែលជាជនបង្កហេតុ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ​តាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អឺជាមួយរ៉ឺម៉កម៉ូតូមួយគ្រឿងទៀត អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងជនរងគ្រោះ រួមទាំងបុរសម្នាក់ទៀតរួមដំណើរពីក្រោយ ដោយធ្វើដំណើរ​តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ចំណែកជនបង្កដែលជាអ្នកជិះម៉ូតូបានស្រែកឲ្យអ្នកបើករ៉ឺម៉កម៉ូតូថា អ្ហែងបើករ៉ឺម៉កលឿនម្ល៉េះអ្ហា! ស្រាប់តែអ្នកបើករ៉ឺម៉ក​ត្រឡប់ក្រោយមកវិញ ហើយបានឈ្លោះប្រកែកគ្នា ​ខណៈពេលនោះ ស្រាប់តែឃើញជនបង្កមិនស្គាល់ឈ្មោះម្នាក់ទៀត ដើរឆ្លងមកកន្លែងកើតហេតុ ហើយភាគីទាំងសងខាងក៏បានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ពេញដងផ្លូវបណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាល ទើបមានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ហើយនាំភាគីទាំងសងខាងសាកសួរនាំនៅឯប៉ុស្តិ៍​នគរបាលរដ្ឋបាលទឹកល្អក់២ ។

បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ រូបគាត់និងមិត្តភក្តីពីរនាក់ទៀត បានជិះរ៉ឺម៉កម៉ូតូមកពីផ្ទះមិត្តភក្តីម្នាក់ទៀត នៅម្តុំផ្សារហេងលី ​បំណងទៅផ្ទះវិញនៅម្តុំ មណ្ឌលសុខភាពទឹកថ្លា លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អឺជាមួយម៉ូតូខាងលើ​ ហើយ ឈ្មោះទុយ តល់ ដែលជានាក់ជិះម៉ូតូស្រែកឲ្យពួកគាត់ រួចពួកគាត់ក៏បត់រ៉ឺម៉កត្រឡប់មកក្រោយវិញដើម្បីសួរនាំ ខណៈពេលនោះ ស្រាប់តែមានបក្ខពួកជនបង្កម្នាក់ទៀតបានដើរកាន់មួកសុវត្ថិភាពយកវាយមកលើរូបគាត់ បណ្តាលឲ្យបែកក្បាល។

ក្រោយពេលកើតហេតុភាគីទាំងពីរត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដើម្បីធ្វើការដោះស្រាយគ្នា ។ ​ចំពោះរឿងខាងលើនេះ បែរជាលោក តន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ បាន​ហាមឃាត់អ្នកសារព័ត៌មានមិនឲ្យថត និងចុះផ្សាយទេ ដោយនិយាយថា រឿងបន្តិចបន្តួច​គេសម្រួលគ្នាចប់ហើយ ចាំបាច់ចុះផ្សាយធ្វើអី បើចុះផ្សាយនាំឲ្យរឿងនេះកាន់តែវែងទៀតហើយ៕

RELATED ARTICLES