ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងជិះម៉ូតូទៅវ៉ាក់អឺជាមួយរ៉ឺម៉កម៉ូតូមួយគ្រឿង ទាស់សម្តីគ្នាបន្តិចបន្តួច បង្កជាហិង្សា ត្រូវសមត្ថកិច្ចចុះទៅអន្តរាគមន៍នាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ បែរជាលោកមេប៉ុស្តិ៍ព្យាយាមហាមឃាត់អ្នកសារព័ត៌មានមិនចុះផ្សាយទៅវិញ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ២៧១ កែងផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ ហ៊ី ចិត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅម្តុំមណ្ឌលសុខភាពទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសបែកក្បាល។ ជនបង្កហេតុមានឈ្មោះ ទុយ តល់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅបន្ទប់ជួល ម្តុំរោងចក្រដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FO-០៦៣៦ និងជនបង្កម្នាក់ទៀត មិនស្គាល់ឈ្មោះ វ័យ២៥ឆ្នាំ ជាអ្នកវាយជនរងគ្រោះបណ្តាលឲ្យបែកក្បាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះ ទុយ តល់ ដែលជាជនបង្កហេតុ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ តាមបណ្តោយផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អឺជាមួយរ៉ឺម៉កម៉ូតូមួយគ្រឿងទៀត អត់មានស្លាកលេខ បើកបរដោយបុរសម្នាក់ និងជនរងគ្រោះ រួមទាំងបុរសម្នាក់ទៀតរួមដំណើរពីក្រោយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ចំណែកជនបង្កដែលជាអ្នកជិះម៉ូតូបានស្រែកឲ្យអ្នកបើករ៉ឺម៉កម៉ូតូថា អ្ហែងបើករ៉ឺម៉កលឿនម្ល៉េះអ្ហា! ស្រាប់តែអ្នកបើករ៉ឺម៉កត្រឡប់ក្រោយមកវិញ ហើយបានឈ្លោះប្រកែកគ្នា ខណៈពេលនោះ ស្រាប់តែឃើញជនបង្កមិនស្គាល់ឈ្មោះម្នាក់ទៀត ដើរឆ្លងមកកន្លែងកើតហេតុ ហើយភាគីទាំងសងខាងក៏បានវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ពេញដងផ្លូវបណ្តាលឲ្យជនរងគ្រោះរងរបួសបែកក្បាល ទើបមានសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ហើយនាំភាគីទាំងសងខាងសាកសួរនាំនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ។
បើតាមសម្តីពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ រូបគាត់និងមិត្តភក្តីពីរនាក់ទៀត បានជិះរ៉ឺម៉កម៉ូតូមកពីផ្ទះមិត្តភក្តីម្នាក់ទៀត នៅម្តុំផ្សារហេងលី បំណងទៅផ្ទះវិញនៅម្តុំ មណ្ឌលសុខភាពទឹកថ្លា លុះមកដល់ចំណុចកើតហេតុ ក៏វ៉ាក់អឺជាមួយម៉ូតូខាងលើ ហើយ ឈ្មោះទុយ តល់ ដែលជានាក់ជិះម៉ូតូស្រែកឲ្យពួកគាត់ រួចពួកគាត់ក៏បត់រ៉ឺម៉កត្រឡប់មកក្រោយវិញដើម្បីសួរនាំ ខណៈពេលនោះ ស្រាប់តែមានបក្ខពួកជនបង្កម្នាក់ទៀតបានដើរកាន់មួកសុវត្ថិភាពយកវាយមកលើរូបគាត់ បណ្តាលឲ្យបែកក្បាល។
ក្រោយពេលកើតហេតុភាគីទាំងពីរត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដើម្បីធ្វើការដោះស្រាយគ្នា ។ ចំពោះរឿងខាងលើនេះ បែរជាលោក តន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យថត និងចុះផ្សាយទេ ដោយនិយាយថា រឿងបន្តិចបន្តួចគេសម្រួលគ្នាចប់ហើយ ចាំបាច់ចុះផ្សាយធ្វើអី បើចុះផ្សាយនាំឲ្យរឿងនេះកាន់តែវែងទៀតហើយ៕