ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ក៍ត្រូវរថយន្ត Highlander បុកពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសបាក់ជើង ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលបាត់ ស្រាប់តែអ្នកបើករថយន្តបង្កបានអូសម៉ូតូរបស់ជនរងគ្រោះយកទៅដាក់ក្នុងផ្ទះនៅក្បែរនោះ ពេលសមត្ថកិច្ចមកដល់ប្រាប់ថា ចរចាជាមួយជនរងគ្រោះរួចហើយ ទាំងខាងជនរងគ្រោះមិនមានសាច់ញាតិ ម្នាក់មកជួយអន្តរាគមន៍ផង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវ១៦៣ កែងផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-8906 បានធ្វើដំណើរតាមផ្លូវលេខ៣៥០ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមានរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1932 ជិះជាលក្ខណៈគ្រួសារ មានប្រុសមានស្រី បានធ្វើដំណើរតាមផ្លូវលេខ១៦៣ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្នផងនោះ ក៍ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសបាក់ខ្នងជើងខាងស្តាំរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះបានមកដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនសុខលាភមេត្រី ចំណែកម៉ូតូរងកាខូចខាត បែកក្បាំងនិងវៀចឈ្នាន់ខាងស្ដាំ ។ ដោយឡែករថយន្តវិញរងការខូចខាត ក្រពិតនិងធ្លាក់កាងខាងមុខបន្តិច។ ភ្លាមៗនោះដែរ ខាងរថយន្តបង្កឆ្លៀតឱកាសអត់មានអ្នកឃើញ បានយកម៉ូតូរបស់ជនរងគ្រោះ ចូលទៅទុកក្នុងផ្ទះរបស់ខ្លួនដែលនៅក្បែរ លុះដល់ពេលសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ សួរពីដំណើររឿង ទើបខាងរថយន្តបង្កបាននិយាយថា ពួកគាត់បានចរចារជាមួយជនរងគ្រោះរួចហើយ ទាំងជនរងគ្រោះអត់មានសាច់ញាតិរបស់ខ្លួននៅក្បែរនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ រួចហើយបានឲ្យខាងរថយន្តអូសម៉ូតូចេញពីក្នុងផ្ទះមកកន្លែងកើតហេតុវិញ ដើម្បីធ្វើការវាស់វែងរួចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕