ភ្នំពេញ ៖ តូបលក់គ្រឿងសំណង់មានទំហំ4គុណនឹង៥ម៉ែត្រ ធ្វើអំពីស័ង្កសី ត្រូវបានអគ្គីភ័យលេបត្របាក់សម្ភារៈសំណង់ស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣នឹង២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្រោយសារមន្ទីរជើងឯង ផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ។
ម្ចាស់ផ្ទះមានឈ្មោះ ប៉ិ សុខលី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរទទួលធ្វើម្ហូបការ បុណ្យ និងជប់លៀងផ្សេងៗ ស្នាក់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតគ្នា បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់និងម្ចាស់ផ្ទះ បានចូលសម្រាន្តនៅក្នុងផ្ទះលង់លក់អស់ហើយ ខណៈមកដល់ចំណុចកើតហេតុខាងលើ ពួកគាត់បានឮសំឡេងផ្ទុះដូចគ្រាប់បែក ពេលនោះពួកគាត់បានបើកទ្វារផ្ទះចេញមកក្រៅ ក៏ស្រាប់តែឃើញបានអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅ ឃើញសភាពការណ៍ដូច្នេះ ពួកគាត់ក៍បានស្រែកឆោឡោឡើងថា មានភ្លើងឆេះៗ ផ្អើលដល់ម្ចាស់ផ្ទះ និងប្រពលរដ្ធដទៃទៀតចេញមកនាំជួយបាញ់ទឹកពន្លត់ នៅតែមិនរលត់ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឃើញអណ្តាតភ្លើងឆេះកាន់តែខ្លាំងឡើងៗ ពួកគាត់ក៍បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន លុះសមត្ថកិច្ចមូលដ្ឋានបានចុះមកមើល ឃើញស្ថានភាពធ្ងន់ធ្ងរ ក៏បានទំនាក់ទំនង់ហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌដង្កោ មកចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាមួយ បានមកជួយបាញ់ពន្លតអស់ទឹកចំនួន២រថយន្ត ទើបភ្លើងរលត់អស់ទៅវិញនៅម៉ោង៤និង២០នាទីថ្ងៃដដែល។ ចំណែកសម្ភារៈគ្រឿងសំណង់ដែលនៅក្នុងតូប ក៏ឆេះអស់ទាំងស្រុងដែរ ។
នៅក្នុងហេតុការណ៍អគ្គិភ័យនេះដែរ សមត្ថកិច្ចបានសន្និដ្ឋានដំបូងថា បណ្ដាលមកពីទុស្សេខ្សែភ្លើង ទើបបង្ករឲ្យភ្លើងឆេះបែបនេះ ។ ហេតុការណ៍នេះសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែខូចសម្ភារៈសំណង់អស់ទាំងស្រុង គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ។ ដោយឡែកម្ចាស់ផ្ទះវិញមិនទាន់បានឲ្យដឹងនូវហេតុការណ៍នេះនៅឡើយទេ ៕