ភ្នំពេញ៖ គូសង្សារមកពីញុំាអាហាររួចហើយចង់ដើរលេងបន្តទៀត តែខាងស្រីមិនព្រមបានឈប់ម៉ូតូឈ្លោះប្រកែកគ្នានៅក្បែររថយន្តមួយគ្រឿង រួចហើយជិះម៉ូតូចេញទៅបាត់ ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនដោយចោទថាវាយកញ្ចក់រថយន្តរបស់គេបែក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកក្កដា តាមផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
បុរសជាសង្សាrមានឈ្មោះ ស្រស់ បញ្ជ: អាយុ២១ឆ្នាំ មុខរបររត់តុការ ស្នាក់នៅផ្ទះលេខ១៨៣បេ ផ្លូវលំ ស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមាន ។ ចំណែកនារី ជាសង្សារមានឈ្មោះ ហេង ស្រីពេជ្រ អាយុ២០ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះយុគន្ធរ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បើតាមសម្តីរបស់បុរសជាសង្សារបានឲ្យដឹងថា មុនកើតហេតុគាត់បានចេញមកពីផឹកជាមួយគូសង្សារដោយជិះម៉ូតូរបស់សង្សារម៉ាក គុបជ្រុងសេ៧០ ពណ៌ទឹកប៉ិច ខណៈពេល ត្រឡប់ពីផឹកស៊ីវិញជិះមកដល់ផ្លូវ១៦៣ កែង២៧៨ ខាងកើតវត្តមហាមន្រ្តីសង្កាត់អូឡាំពិច ខណ្ឌចំការមន បានឈប់ម៉ូតូឈ្លោះប្រកែកគ្នានៅក្បែររថយន្តម៉ាក TOYOTA TUNDAR ពណ៍ប្រផេះ ពាក់ស្លាកលេខរដ្ឋសភា៥ ២-០៧៣ ដែលចតនៅតាមចិញ្ចើមផ្លូវ ដោយបុរសជាសង្សារមានបំណងជូននាងដើរលេងបន្តទៀត តែនារីជាសង្សារបានប្រាប់ថាម្តាយទូរស័ព្ទ ហៅឲ្យប្រញាប់ទៅផ្ទះវិញព្រោះយប់ជ្រៅហើយ ទើបធ្វើឲ្យមានការឈ្លោះប្រកែកគ្នាតិចតួច រួចហើយក៏បានជិះម៉ូតូជូនសង្សារទៅផ្ទះវិញដល់ផ្លូវ១៩៣ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកទៅកន្លែងដែលឈប់ម៉ូតូឈ្លោះប្រកែកគ្នាដោយប្រាប់ថាពួកគេវាយកញ្ចក់រថយន្តគេឲ្យបែក ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីសង្សារខាងលើឈប់ឈ្លោះប្រកែកគ្នារួចជិះម៉ូតូចេញទៅស្រាប់តែសមត្ថកិច្ចល្បាតប្រទះឃើញរថយន្តបែកកញ្ចក់រថយន្តសង្ស័យថាអ្នកទាំងពីរ ខាងលើជាអ្នកវាយក៏បានជិះម៉ូតូដេញតាមហៅមកសួរនាំវិញ គូសង្សារបានសំពះអង្វរថា រូបគេមិនបានវាយកញ្ចក់ទេ ហើយម្ចាស់រថយន្តក៏មិនបានចេញមុខប្តឹងប្តល់ដែរ ទើបសមត្ថ កិច្ចបានដោះលែងអ្នកទាំង២ឲ្យត្រឡប់ទៅផ្ទះវិញ ៕