Wednesday, November 27, 2024
Homeព័ត៌មានជាតិហឹបលុយរៃអង្គាសសង់ចេតិយលោកកែម ឡី ប្រគល់ជូនគ្រួសារថ្ងៃនេះ

ហឹបលុយរៃអង្គាសសង់ចេតិយលោកកែម ឡី ប្រគល់ជូនគ្រួសារថ្ងៃនេះ

ភ្នំពេញ ៖ ក្រោយបញ្ចប់យុទ្ធនាការ៣០ថ្ងៃ រៃអង្គាសប្រាក់ជួយសាងសង់ចេតិយលោក បណ្ឌិតកែម ឡី លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងប្រគល់ហិបលុយរៃអង្គាសនេះជូនក្រុមគ្រួសារលោកបណ្ឌិតកែម ឡី នៅខេត្តតាកែវ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៧ នេះ។

ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថា លោកនិងក្រុមការងារ សូមប្រកាសបិទយុទ្ធនាការ៣០ថ្ងៃ រៃអង្គាសថវិកា ដើម្បីចូលរួមកសាងចេតិយ ជូនសពលោកបណ្ឌិតកែម ឡី នៅព្រឹកនោះ តែម្តង ក្រោយពីក្រុមរបស់លោកបរាជ័យ ក្នុងការស្នើសុំទីតាំងផ្សារក្រុងតាកែវ ខេត្តតាកែវ ដើម្បីរៃអង្គាសថវិកា ហើយក្រុមរបស់លោក នឹងយកហិបថវិកាជូនគ្រួសារ លោកបណ្ឌិតកែម ឡី នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នេះ។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ ថា “ខ្ញុំមិនអាចសន្និដ្ឋានបានរឿងថវិកា ព្រោះយើងអត់បានរាប់ជាប្រចាំទេ ដោយសារយើង មានហិបមូលនិធិហ្នឹង ហើយយើងអត់បានរាប់ជាប្រចាំថ្ងៃទេ គឺទុកដល់ថ្ងៃស្អែក គាស់នៅ មុខក្រុមគ្រួសារលោកបណ្ឌិតកែម ឡី តែម្តង ហើយជាក់ស្តែងបានប៉ុន្មាន ស្អែកនឹងដឹងតែម្តង នៅពេលព្រឹក។ ខ្ញុំកំពុងទាក់ទងទៅក្រុមគ្រួសារ លោកបណ្ឌិតកែម ឡី ដើម្បីជួបគាត់ម៉ោង៩ព្រឹក ប៉ុន្តែគម្រោងយើងចេញម៉ោង៨ព្រឹក ទៅ ដល់ផ្ទះតែម្តង នៅខេត្តតាកែវ”។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា រៃអង្គាសថវិកាសាងសង់ចេតិយលោកកែម ឡី

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ បន្តថា “ចំពោះយុទ្ធការ៣០ថ្ងៃនេះ ការកត់សម្គាល់ មានច្រើន ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ ទាំងក្រុមអាជ្ញាធរថ្នាក់កំពូល ថ្នាក់ខ្ពស់ នៃខេត្តតែម្តង។ ខ្ញុំចង់លើកយកចំណុចតែរឿង ប្រជាពលរដ្ឋ ពីព្រោះអាជ្ញាធរមានខ្លះក៏ស្រួល កន្លែងខ្លះក៏មិនស្រួល ប៉ុន្តែចំពោះប្រជាពលរដ្ឋ ខ្ញុំមើលឃើញថា ដូចជាមិនមានការចាប់អារម្មណ៍។ អ្វីដែលខ្ញុំកត់សម្គាល់ឃើញហ្នឹង ភាគច្រើន គាត់ អត់ស្គាល់លោកបណ្ឌិតកែម ឡី ហើយមួយ ទៀត អ្នកខ្លះដែលគេស្គាល់ហើយ គេអត់ចាប់ អារម្មណ៍ មានចិត្ត មានបំណងចង់ជួយ លោកបណ្ឌិតកែម ឡី ទេ។ អ៊ីចឹងភាពអវិជ្ជមានហ្នឹង ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋនៅមិនទាន់ច្បាស់លាស់ចំពោះការគាំទ្រទៅលើជនស្នេហាជាតិ ណាមួយឱ្យពិតប្រាកដទេ អ្វីដែលខ្ញុំអាចសន្និដ្ឋាន បាន ពលរដ្ឋប្រហែលជាផ្អើលតាមគ្នាតែប៉ុណ្ណោះ ហើយខ្ញុំមិនដឹងថា ក្នុងចិត្តពួកគាត់រើសអើង ក្រុមខ្ញុំបាទ ឬក៏យ៉ាងណាទេ ប៉ុន្តែអ្វីដែលខ្ញុំមើល ឃើញជាក់ស្តែងហ្នឹង គឺពួកគាត់មិនសូវចាប់អារម្មណ៍ ហើយមិនចាប់អារម្មណ៍ទៅទៀត ចំពោះការរៃអង្គាសថវិកាធ្វើចេតិយជូនលោក បណ្ឌិតកែម ឡី ដែលរៀបចំដោយខ្ញុំបាទហ្នឹង តែម្តង។ ចំពោះចំណុចវិជ្ជមាន យើងឃើញប្រជាពលរដ្ឋភាគតិច ដែលពេលដែលគាត់ឃើញភ្លាម គាត់ចាប់អារម្មណ៍មកសួរនាំ ហើយមកបរិច្ចាគ ថវិកាដែលគាត់មាន តាមលទ្ធភាព។ អ៊ីចឹងមាន ភាគតិច វាមិនច្រើនទេ ដែលខ្ញុំអាចនិយាយបាន ថា មនុស្ស១០០នាក់ មានតែ២០នាក់ទេ ដែល គេចូលរួមបរិច្ចាគថវិកា។ ហើយវិជ្ជមានមួយទៀតនោះ មានកន្លែងខ្លះអាជ្ញាធរ ក៏គេសម្រួល ឱ្យយើងបានធ្វើការរៃអង្គាសដោយស្រួល ហើយមួយចំនួនទៀត គេគាំទ្រ ប៉ុន្តែមួយចំនួនទៀត គេក៏ជំទាស់អ៊ីចឹងដែរ”។

លោកពេជ្រ ស្រស់ ពេលធ្វើយុទ្ធនាការរៃអង្គាសថវិកា សាងសង់ចេតិយលោកែម ឡី

មេបក្សយុវជនកម្ពុជា បានបន្ថែមថា “ក្រោយ បញ្ចប់យុទ្ធនាការនេះហើយ ចំពោះមុខ ខ្ញុំអត់ សន្មតថាយ៉ាងណានោះទេ  ប៉ុន្តែចាំមើលខ្ញុំបាទ បញ្ចប់នៅថ្ងៃស្អែកសិន ហើយយើងមើលស្ថានភាពជាក់ស្តែង ខ្ញុំនឹងប្រកាសនៅក្នុងផេកផ្លូវការ របស់ខ្ញុំតែម្តងថា ខ្ញុំនឹងបន្តទៅមុខតាមវិធីណា ចំពោះករណីលោកបណ្ឌិតកែម ឡី នោះ? ខ្ញុំមាន តែការអំពាវនាវ ហើយអំពាវនាវនោះទៀតសោត គឺអំពាវនាវចំពោះគណៈកម្មការមុន បើ អាចវិលមកធ្វើកិច្ចការងារហ្នឹង ដើម្បីសង្គ្រោះ ចេតិយលោកបណ្ឌិតកែម ឡី ឱ្យទាន់ពេលវេលា នោះ អាហ្នឹងរឹតតែល្អ ហើយអ្វីដែលអំពាវនាវ ខ្លាំងជាងហ្នឹងទៀតហ្នឹង បើសិនជាអាច អាជ្ញាធរ អាចស៊ើបអង្កេតផងដែរ ចំពោះគណៈកម្មការ មុន ព្រោះឃើញថា ទឹកលុយដែលចូលបុណ្យ ដែលបរិច្ចាគធ្វើចេតិយហ្នឹង អាចវាយស្មានថា ច្រើន ព្រោះប្រជាពលរដ្ឋមកផ្ទាល់។ អ៊ីចឹងខ្ញុំ ក៏អំពាវនាវឱ្យអាជ្ញាធរអង្កេតមើលគណៈកម្មការមុនដែរ ហើយក៏អំពាវនាវឱ្យគណៈកម្មការ មុនហ្នឹងវិលត្រឡប់មកវិញ ដើម្បីជួយរកថវិកា គ្នា ដើម្បីសង់ចេតិយលោកបណ្ឌិតកែម ឡី ឱ្យ រួចរាល់ កុំឱ្យក្រុមគ្រួសារលោកបណ្ឌិតកែម ឡី មានការជួបទុក្ខលំបាក ព្រោះអស់លោក លោកស្រីខាងដើមហ្នឹងហើយដែលចាត់ទុកលោក បណ្ឌិតកែម ឡី ជាវីរជន ប៉ុន្តែជាក់ស្តែង ខ្ញុំដើរមួយខែហ្នឹង ភាគតិចណាស់ ដែលគេស្គាល់ លោកបណ្ឌិតកែម ឡី ហើយគេចាប់អារម្មណ៍ លោកបណ្ឌិតកែម ឡី។ អ៊ីចឹងចង់ឱ្យអ្នកដែល ជាគណៈកម្មការមុន វិលត្រឡប់មកវិញ ធ្វើកិច្ច ការងារហ្នឹងឱ្យជោគជ័យជាស្ថាពរតែម្តង”។

លោកកែម រិទ្ធិសិត ប្អូនប្រុសបង្កើតលោក កែម ឡី បានបញ្ជាក់ថា ក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ក៏ដូចជាគណៈកម្មការសាងសង់ ចេតិយលោកបណ្ឌិតកែម ឡី បានត្រៀមលក្ខណៈ រួចជាស្រេចហើយ ក្នុងការទទួលហិបថវិការៃ- អង្គាសរបស់គណបក្សយុវជនកម្ពុជា ហើយ គណបក្សយុវជនកម្ពុជា មានលទ្ធភាព លោកក៏គាំទ្រឱ្យគណបក្សនេះ ធ្វើយុទ្ធនាការរៃអង្គាស ប្រាក់នេះបន្តទៀត។

លោកកែម រិទ្ធីសិទ្ធិ បានមានប្រសាសន៍ ថា “បញ្ហានេះយើងបានជជែកគ្នានៅក្នុងក្រុម គណៈកម្មការ កាលពីសប្ថាហ៍មុនហើយ ដែល យើងត្រៀមលក្ខណៈដើម្បីទទួលថវិកាហ្នឹង ហើយថ្លែងអំណរគុណអីសម្រាប់ការដែលគាត់ ខំប្រឹងប្រែងប្រមូលថវិកាហ្នឹងហើយ បើសិន ជាយើងមើលទៅចំនួនបានប៉ុន្មានអី នៅខ្វះខាត ប៉ុន្មានអី យើងក៏អំពាវនាវបន្ថែម។ ថវិកានេះ មិនខុសពីថវិកាមុនៗទេ បើសិនជាយើងទទួល បានហ្នឹង គឺយើងដាក់ចូលទៅក្នុងកុងគណៈកម្មការយើងហ្នឹង ដែលរហូតមកដល់ពេលនេះ គឺ យើងនៅសល់លុយដែលមិនទាន់បានប្រគល់ ជូនខាងសំណង់ហ្នឹង ចំនួន២១០០០ ជាងដែរ។ ចំពោះការសាងសង់ បើយើងគិតគ្រោង គឺយើង បានខ្ទង់៦៥%ហើយ ហើយបើទំហំនៃចេតិយ ទាំងមូល យើងថា វាចូលដល់៣០%”។

លោកកែម រិទ្ធិសិត បានមានប្រសាសន៍ ថា “ចំពោះគណបក្សយុវជនកម្ពុជា ដែលមាន លោកពេជ្រ ស្រស់ ដែលជាអ្នកប្រមូលលុយ ហ្នឹង គឺយើងគិតថា ទំហំប្រាក់ដែលបានប្រមូល នេះប៉ុន្មាន គឺយើងមើលចំនួនហ្នឹងទៅ ហើយ បើសិនជាគាត់ថា គាត់ចង់បន្តប្រមូលទៀត ដោយថា មិនទាន់គ្រប់ចំនួនក្នុងការចំណាយ ចេតិយហ្នឹង ក៏ធ្វើតាមលទ្ធភាពរបស់គាត់ ហើយ បើគាត់មិនមានលទ្ធភាពក្នុងការប្រមូលតទៀត គឺយើងចេះតែរង់ចាំសប្បុរសជនទាំងក្នុងប្រទេស ក្រៅប្រទេស។ ជារួម ចុងក្រោយដូចខ្ញុំបាន បញ្ជាក់ពីមុនមកអ៊ីចឹង បើសិនជាទំហំថវិកានៃ ការខ្វះខាតប៉ុនណាៗ សូមផ្សព្វផ្សាយអំពាវនាវ ក្នុងការស្វែងរកថវិកានេះផង”។

គួររំលឹកដែរថា មុននេះ លោកពេជ្រ ស្រស់ ក៏បានធ្វើការរិះគន់ថា បើគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង មានកំណើត ម៉្លេះ ចេតិយលោកបណ្ឌិតកែម ឡី នឹងសាងសង់រួច រាល់ហើយ ព្រោះបើមើលទៅក្រោយបន្តិច វិញ គឺបក្សសង្គ្រោះជាតិនេះឯង ជាបក្សកាង សពលោកបណ្ឌិតកែម ឡី ហើយបានវាតទីយក ប្រជាប្រិយភាព ចូលបក្សខ្លួនតែម្តង ប៉ុន្តែដល់ ពេលសពលោកបណ្ឌិតកែម ឡី ត្រូវការចេតិយ មួយ គឺមិនឃើញក្រុមបក្សសង្គ្រោះជាតិ ណា មួយចេញមុខអះអាងជួយនោះឡើយ ប៉ុន្តែ បើសិនជាបក្សសង្គ្រោះជាតិ ត្រូវការអ្វីមួយនោះ គឺមេដឹកនាំបក្សមួយនេះ ចេញមុខប្រកូកប្រកាស រៃអង្គាសភ្លាម។ ជាឧទាហរណ៍ ដូចជាការបង្កើត ទូរទស្សន៍សង្គ្រោះជាតិ ក្រុមមេដឹកនាំបក្សនេះ ចេញមុខរៃលុយពីប្រជាពលរដ្ឋបានលុយរាប់សែនដុល្លារ ហើយមកដល់ពេលនេះ ទូរទស្សន៍សង្គ្រោះជាតិ មិនដឹងនៅទីណាទេ។ មួយទៀត ក្រោយពេលច្បាប់គណបក្សនយោបាយថ្មី ចូលជា ធរមានភ្លាម ក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ ចេញមុខប្រកាសរៃលុយភ្លាមដែរ ដើម្បីធ្វើ ស្លាកបក្សថ្មី ដែលត្រូវដករូបលោកសម រង្ស៊ី ចេញ។ ដូច្នេះអាចសន្និដ្ឋានបានថា បក្សសង្គ្រោះជាតិ គិតតែពីប្រយោជន៍ក្រុមបក្សខ្លួន និងប្រយោជន៍ផ្ទាល់ខ្លួនឯង ឯប្រយោជន៍អ្នកដទៃ និងប្រយោជន៍រួម គឺក្រុមបក្សនេះស្ងាត់ឱ្យឈឹង។

លោកលោកពេជ្រ ស្រស់ បានរិះគន់បន្ថែម ទៀតថា បក្សសង្គ្រោះជាតិ គឺពូកែនិយាយ និង ពូកែយកមុខមាត់ ប៉ុន្តែមិនពូកែធ្វើ។ ដូច្នេះ ដោយមើលឃើញនូវចេតនារបស់ក្រុមបក្សសង្គ្រោះជាតិ យ៉ាងដូច្នេះហើយ ទើបលោកបានផ្តួចផ្តើមគំនិតបង្កើតយុទ្ធនាការ៣០ថ្ងៃ រៃ អង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយ លោកបណ្ឌិតកែម ឡី នេះឡើង។

លោកពេជ្រ ស្រស់ ក៏បានបញ្ជាក់នៅ ពេលដែរថា មិនត្រឹមតែគណបក្សប្រឆាំង ទេ សូម្បីតែគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិតកែម ឡី ពីមុន ក៏ស្ងាត់សកម្មភាព។ ផ្ទុយ ទៅវិញ លោកសូមកោតសរសើរដល់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលទោះទទួលរងការវាយ ប្រហារពីក្រុមប្រឆាំង យ៉ាងណាក៏សម្តេចនៅ មានចិត្តសទ្ធា ចូលរួមធ្វើបុណ្យជាមួយក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ដោយបានចូល បុណ្យខួប១០០ថ្ងៃ លោកកែម ឡី ចំនួន១ម៉ឺនដុល្លារ និងបានឧបត្ថម្ភដល់ការសង់ចេតិយ ចំនួន ៥ម៉ឺនដុល្លារទៀត។

ទោះយ៉ាងណា ពាក់ព័ន្ធនឹងការលើកឡើង រិះគន់របស់លោកពេជ្រ ស្រស់ ខាងលើនេះ លោក អ៊ូ ច័ន្ទរ័ត្ន អភិបាលរងនៃក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ ជាតំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ ដែលធ្លាប់ស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ សុំតម្កល់រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យចាស់ទុកឱ្យសាធារណជនគោរពបូជា ឬចាត់ទុកជាវីរជននោះ បានចេញមុខបដិសេធថា គណបក្សសង្គ្រោះជាតិ មិនដែលមានចេតនាកាងសពលោកបណ្ឌិតកែម  ឡី  ដើម្បីកេងចំណេញនយោបាយនោះទេ។

ចំណែក ព្រះតេជគុណប៊ុត ប៊ុនតិញ ស្ថាបនិក បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និង ធ្លាប់ជាគណៈកម្មការរៀបចំបុណ្យលោកកែម ឡី ពីមុន បានបញ្ជាក់ថា រឿងកិច្ចការរកប្រាក់ សង់ចេតិយជូនលោកបណ្ឌិតកែម ឡី នោះ មិន មែនព្រះអង្គមិនគិតគូរនោះទេ ប៉ុន្តែដោយព្រះអង្គគ្មានពេលវេលាគ្រប់គ្រាន់ ក៏ប្រគល់ភារកិច្ច នេះឱ្យគណៈកម្មការថ្មី ឯព្រះអង្គសុំដកព្រះកាយ។

គួរបញ្ជាក់ថា គណៈកម្មការសាងសង់ ចេតិយលោកបណ្ឌិតកែម ឡី សព្វថ្ងៃមានសមាស- ភាព៥រូប គឺ ៖ ១-អ្នកស្រីភោគ សេ (ម្តាយ លោកកែម ឡី), ២-លោកកែម រិទ្ធិសិត (ប្អូន ប្រុសលោកកែម ឡី), ៣-លោកសៅ កុសល់, ៤-លោកសេង សារី និង៥-លោកនឿន ចាន់នី៕

កុលបុត្រ

RELATED ARTICLES