DJ ណាណា ដែលមានឈ្មោះដើមថា នាងសុវ៉ាតនា នោះ ស្ថិតក្នុងចំណោមពិធីការិនីជួរមុខគេ ដែលអាចរកប្រាក់ចំណូលបានច្រើននៅពេលនេះ ហើយកម្មវិធីជាច្រើនរបស់ក្រុមហ៊ុន CBL គឺតម្រូវជ្រើសយកនាងធ្វើជា MC។ ជាក់ស្ដែងកាលពីថ្ងៃទី០៧ វិច្ឆិកា ក្នុងកម្មវិធីប្រគល់រង្វាន់វគ្គផ្ដាច់ព្រ័ត្ររបស់ស្រាបៀរអាន់ឆ័ររដូវកាលថ្មីជួនគូស្វាមីភរិយាថ្មី ក្មុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រ ឆ្នាំ២០១៧ ដែលបានចាប់រង្វាន់វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២២ តុលា ២០១៧ នៅស្ថានីយ៍ទូរទស្សន៍ PNN ក្នុងកម្មវិធី “Anchor Fun Zone Concert” នោះគឺ CBL បានជ្រើសយកកញ្ញាណាណា ជា MC ទៀតហើយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺ DJ ណាណា ដែលធ្លាប់តែមានជំនាញដោះស្រាយរឿងវិបត្តិស្នេហ៍នោះ បែរជាមានតម្លៃខ្លួនខ្ពស់មិនចាញ់ខៀវ សានសាណា ឡើយ។ DJ ណាណា ដែលចំណាយពេលធ្វើការអត្ថាធិប្បាយតែ៣០នាទីនោះ ត្រូវបានអ្នករៀបចំកម្មវិធីបង្ហើបឲ្យដឹងថា នាងស៊ីថ្លៃ៥០០ដុល្លារឯណោះ ដែលតម្លៃនេះត្រូវបានអ្នកខ្លះថា ណាណា រកលុយបានមិនអន់ជាងតារាចម្រៀងល្បីៗជួរមុខរបស់កម្ពុជាឡើយ ព្រោះថាតារាល្បីៗច្រៀង១កម្មវិធី ស៊ីថ្លៃ៣ពាន់ដុល្លារនោះ គឺពួកគេទៅអង្គុយចាំត្រៀមខ្លួនរាប់ម៉ោងឯណោះ មិនមែនតែកន្លះម៉ោង បានលុយដូចកញ្ញាណាណា ឡើយ។
លោក Roland Balaនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)បានមានប្រសាសន៍ថាកម្មវិធីប្រគល់រង្វាន់វគ្គផ្ដាច់ព្រ័ត្រនេះ បានធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាពនៅថ្ងៃនេះ យើងបានប្រគល់រង្វាន់ដំណើរកម្សាន្ដក្រេបច័ន្ទទឹកឃ្មុំ ឆ្នេរឋានសួគ៌ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន១៥គូ ទូរទស្សន៍ Smart TV 55 ជូនគូភរិយាថ្មីចំនួន១១គូ និងកាមេរ៉ា SONY Alpha ជូនគូសា្វមីភរិយាថ្មីចំនួន១៣គូ។
DJ ណាណា ត្រូវបានក្រុមហ៊ុន Agency ជាច្រើនបានពេញចិត្តនាង ទើបធ្វើឲ្យមានការលើកឡើងថា ណាណា កំពុងតែប្រជែងជាមួយខៀវ សានសាណា មែនទែនហើយ ព្រោះពេលនេះតម្លៃខ្លួនពិធីការិនីទាំង២ មានភាពប្រហាក់ប្រហែលគ្នា ហើយក្រុមហ៊ុននីមួយៗនិយាយថា មូលហេតុដែលគេត្រូវការតារាទាំង២ជា MC ក្នុងកម្មវិធីគេ ព្រោះតែជួល ណាណា ឬ សាណា គឺមិនបាច់ជួលអ្នកបកប្រែផ្សេងទៀតឡើយ ព្រោះពួកគេសុទ្ធតែចេះភាសាអង់គ្លេសបានល្អ។ តែកន្លងមក គេមិនសូវឃើញក្រុមហ៊ុន CBL ហៅខៀវ សានសាណា ធ្វើជា MC ឡើយ គឺច្រើនតែជ្រើសយកកញ្ញាណាណា ស្ទើរតែគ្រប់កម្មវិធីទៅហើយ ទើបធ្វើឲ្យ DJ រូបនេះសប្បាយរីករាយជាខ្លាំង៕