Friday, September 20, 2024
Homeតារាខ្មែរតេង លក្ខិណា ជាប់ស្នេហ៍កូនថៅកែពេជ្រ?

តេង លក្ខិណា ជាប់ស្នេហ៍កូនថៅកែពេជ្រ?

ស្រីស្អាតតូចតន់ តេង លក្ខិណា បានបាត់មុខពីឆាកតន្ត្រី និងកម្មវិធីអ្នកសិល្បៈទាំងស្រុង រយៈពេលចុងក្រោយនេះ ដោយតាមព័ត៌មានពីអ្នកជិតដិតបានឱ្យដឹងថា លក្ខិណា ត្រូវគូស្នេហ៍ជាកូនថៅកែពេជ្រ ម្តុំផ្សារធំថ្មី រារាំងមិនឱ្យនាងលេងសិល្បៈដូចមុនទៀតឡើយ ទើបធ្វើឱ្យលក្ខិណា បាត់មុខឈឹងបែបនេះ ខណៈដែលមានលោកធំផ្កាយ២ម្នាក់ទៀត ក៏តាមចេញមុខប្រជែងស្នេហ៍តារាចម្រៀងរូបស្រស់នេះដែរ…។

តេង លក្ខិណា ដែលជាស្រីស្អាតលេចធ្លោខ្លាំង ពេលទៅដល់ណារូបសម្រស់នាងស៊ីដាច់គេនោះ ស្រាប់តែពេលនេះបាត់មុខគ្រប់កម្មវិធីប្រគំតន្ត្រីតាមប៉ុស្តិ៍ទូរទស្សន៍ និងកម្មវិធីអ្នកសិល្បៈទាំងស្រុងតែម្តង ទើបធ្វើឱ្យរឿងស្នេហាដ៏រសើបរបស់នាង កាន់តែត្រូវបានអ្នកសិល្បៈជាច្រើននាំគ្នាខ្សឹបខ្សៀវគ្នាថា តារាតូចតន់រូបនេះជាប់ទ្រុងស្នេហ៍កូនថៅកែលក់ពេជ្រនៅម្តុំផ្សារធំថ្មីនោះ ហើយចុងក្រោយ លក្ខិណា លែងខ្វល់ខ្វាយពីអាជីពសិល្បៈទៀតហើយ ព្រោះម្ចាស់ចិត្តមិនចង់ឱ្យនាងលេងសិល្បៈ នាំតែស្បែកខ្មៅ ហើយបានត្រឹមប្រាក់ល្អិតនោះឡើយ។ ប្រភពបានឱ្យដឹងថា កូនថៅកែស្រីលក់ពេជ្រនោះ ស្រលាញ់លក្ខិណា ខ្លាំងណាស់ បើទោះជាកន្លងមក គេដឹងថា កូនអ្នកមាននោះមានទំនាក់ទំនងស្នេហ៍ជាមួយតារាស្រីស្អាតៗជាច្រើនរូបទៀតក៏ដោយ តែកូនថៅកែនោះពេញចិត្តខ្លាំងជាងគេ គឺតេង លក្ខិណា នេះតែម្តង។

នេះមិនមែនជាលើកទី1ឡើយ សម្រាប់តេង លក្ខិណា ដែលគ្រាន់តែល្បីល្បាញឈ្មោះភ្លាម តារាតូចច្រឡឹងរូបនេះបានជំពប់ទៅរឿងស្នេហ៍ជាច្រើន ដូចជាគេថា នាងមានស្នេហាជាមួយថៅកែស្រីផលិតកម្មមួយ ហើយម្ចាស់ផលិតកម្មនោះ បានហាមនាងមិនឱ្យថតសិល្បះឱ្យផលិតកម្មផ្សេងៗទៀតផង តែលក្ខិណា បានបដិសេធពាក្យចចាមអារ៉ាមថា នាងស្រលាញ់ភេទដូចគ្នានោះ។

តេង លក្ខិណា ខណៈដែលកំពុងតែល្បីឈ្មោះក្នុងអាជីពសម្តែង និងពិធីការិនីនៅ MyTV នោះ បានបោះបង់អាជីពចាស់ទាំង2ផ្នែកនេះចោលព្រមគ្នាតែម្តង ដោយផ្តាច់ខ្លួនមកធ្វើជាអ្នកចម្រៀងនៅផលិតកម្ម M ជាមួយប្អូនប្រុសនាង តេង ឆេកូ។ ប៉ុន្តែតេង លក្ខិណា  មិនអាចវាយលុកទីផ្សារចម្រៀងបានឡើយ ព្រោះសំឡេងនាងនៅមានកម្រិត ទើបធ្វើឱ្យស្រីស្អាតរូបនេះបាក់ទឹកចិត្ត ហើយដកខ្លួនលាក់មុខសម្ងំក្រៅសង្វៀនសិល្បៈមួយរយៈធំ។ តាមប្រភពព័ត៌មានពីតារាផលិតកម្ម M បានបង្ហើបឱ្យដឹងថា លក្ខិណា នៅតែជាអ្នកចម្រៀងរបស់ M ទោះជាមុននេះលេចឮថា នាងបានដើរចេញពីផលិតកម្មនេះទៅហើយក្តី តែថៅកែផលិតកម្មនេះនៅពេញចិត្តលក្ខិណា ដោយផ្តល់អាទិភាពថា ពេលណាដែលនាងសប្បាយចិត្ត សឹមមកច្រៀងវិញក៏បាន។

ប្រភពដដែលបានឱ្យដឹងថា ពេលនេះលក្ខិណា ធាត់ជាងមុន គឺឡើងគីឡូឡើងកាម៉ាប់ៗតែម្តង ហេតុនេះហើយបានជានាងមិនហ៊ានចេញមុខ ដោយសារតែមានមិត្តភក្តិនាងមួយចំនួនបានបង្អាប់ថា បែកសាច់ ខូចរាងអស់ ទើបលក្ខិណា ព្យាយាមគេចមុខពីអ្នករួមអាជីព ហើយកំពុងប្រឹងសម្រកទម្ងន់ឱ្យស្វែលដូចដើមវិញ ទើបហ៊ានចេញមុខជាថ្មីទៀត។

តេង លក្ខិណា ស្ថិតក្នុងចំណោមតារាសម្តែងស្រីវ័យក្មេង ដែលមានទ្រព្យសម្បត្តិច្រើន ដូចជា មាន សូនីតា, នៅ សុនិតា, បេប៊ី, ទេព បូព្រឹក្ស ជាដើម ដែលពេលនេះ ពួកគេដេកសុទ្ធតែវីឡាស្កឹមស្កៃ និងជិះឡានតម្លៃរាប់សិបម៉ឺនដុល្លារទៀតផង។ ដោយឡែក លក្ខិណា ក្រៅពីបង្ហាញភាពស្តុកស្តម្ភជាមួយផ្ទះវីឡាយ៉ាងប្រណីត និងរថយន្ត BMW តម្លៃជាង10ម៉ឺនដុល្លារនោះ ស្រីស្អាតរូបនេះក៏មិនចាញ់អ្នកមេម៉ាយកែវ និសា ប៉ុន្មានឡើយ ព្រោះនាងប្រើប្រាស់របស់សុទ្ធតែជាម៉ាកល្បីៗថ្លៃៗ (Brand) រហូតមានតារាខ្លះបានចំអន់នាងថា ជាជំទាវតូចទៀតផង។

ទោះជាយ៉ាងណា តេង លក្ខិណា មិនចង់ឱ្យគេដឹងថា នាងមានទ្រព្យច្រើនឡើយ ហើយនៅពេលដែលមានគេសង្ស័យថា កូនថៅកែពេជ្រ នោះ ជួយជ្រោមជ្រែងលក្ខិណា តែងតែមួម៉ៅក្តៅក្រហាយទៀតផង។

តេង លក្ខិណា នឹងនៅតែត្រូវបានបណ្តាប៉ុស្តិ៍ទូរទស្សន៍មួយចំនួនស្វាគមន៍នាងដដែល ប្រសិនបើចង់វិលត្រឡប់មកធ្វើជាពិធីការិនី (MC) នោះ ខណៈពេលនេះស្រីស្រស់រូបនេះប្រឹងសម្រកគីឡូជាខ្លាំង ដើម្បីវិលមកអុកឡុកក្នុងសិល្បៈវិញ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះបែរជាសង្ស័យថា លក្ខិណា ប្រឹងសម្រកទម្ងន់ ផ្គាប់ចិត្តកូនស្រីថៅកែពេជ្រទៅវិញ ទើបធ្វើឱ្យលក្ខិណា កាន់តែព្យាយាមលាក់មុខ មិនឱ្យគេឃើញឡើយ ព្រោះមិនចង់ឱ្យមិត្តភក្តិនាងបង្អាប់ថាអាម៉ាប់នោះ។

តេង លក្ខិណា ដែលជាស្រីស្អាតសម្រស់លេចធ្លោក្នុងសិល្បៈនោះ ក្រៅពីជំពប់រឿងស្នេហ៍ជាមួយកូនថៅកែស្រីលក់ពេជ្រនោះ នារីនឹមនួនរូបនេះ ក៏មានលោកឧកញ៉ាម្នាក់ ដែលជាអ្នកមានឥទ្ធិពលខ្លាំងនោះ តាមស្នេហ៍អតីត Freshie Girl ឆ្នាំ2007 រូបនេះដែរ ខណៈដែលលក្ខិណា ព្យាយាមគេចចេញពីអន្ទាក់ស្នេហ៍នោះ ស្របពេលដែលអតីតតារាចម្រៀងផលិតកម្ម M មួយរូប បានបង្ហើបឱ្យដឹងដែរថា លក្ខិណា ត្រូវបានលោកធំផ្កាយ2ម្នាក់ ដែលតែងតែតាមស្នេហ៍តារាស្រីស្អាតមួយចំនួននោះ ក៏បានស្នេហ៍នាងដែរ តែចុងក្រោយ លោកធំនោះសុំចុះចាញ់តែម្តង ព្រោះលក្ខិណា មិនបេតីលោកឡើយ គឺចាប់អារម្មណ៍កូនថៅកែលក់ពេជ្រ នោះទៅវិញ…។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានលេចឮខាងលើនេះ មិនអាចទាក់ទងសុំយោបល់ពីតេង លក្ខិណា បានទេ ហើយយើងរង់ចាំទទួលការបំភ្លឺពីស្រីស្អាតរូបនេះជានិច្ច៕

RELATED ARTICLES