Friday, November 29, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ថា បើក្រសួងរឹតបន្តឹងម្លុឹងៗ វិស័យភាពយន្តខ្មែរនឹងស្លាប់ ខណៈអ្នកនាងមានគម្រោងកៀងគរផលិតករ

ចន ច័ន្ទលក្ខិណា ថា បើក្រសួងរឹតបន្តឹងម្លុឹងៗ វិស័យភាពយន្តខ្មែរនឹងស្លាប់ ខណៈអ្នកនាងមានគម្រោងកៀងគរផលិតករ

ថ្មីៗនេះ ខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសរឹតបន្តឹងពីការប្រមូលពន្ធលើវិស័យភាពយន្តខ្មែរ ដែលធ្វើឲ្យក្រុមផលិតករ និងបណ្ដាផលិតកម្មមួយចំនួន បាក់ទឹកចិត្ត ខណៈដែលផលិតកម្មខ្លះប្រឈមបិទទ្វារទៀតផង។ អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បៈករខ្មែរបានលើកឡើងថា បើក្រសួងនៅតែប្រកាន់គោលជំហររឹតបន្តឹងពន្ធលើវិស័យភាពយន្តខ្មែរ ក្នុងដំណាក់កាលនេះវិស័យមួយនេះអាចនឹងស្លាប់។

អ្នកនាងចន ច័ន្ទលក្ខិណា បានថ្លែងឲ្យដឹងនៅថ្ងៃទី០៨ ខែវិច្ឆិកា ក្នុងពិធីសម្ពោធរឿង “សសរកន្លោង” របស់ផលិតកម្មឥន្ទ្រានិមិ្មត នៅផ្សារទំនើបអ៊ីអនថា បច្ចុប្បន្ននេះផលិតកម្មមួយចំនួនមិនទាន់ទាញបានប្រភពចំណូលខ្ពស់ពីការផលិតភាពយន្តនៅឡើយទេ។ ត្បិតអីក្រៅពីចំណាយលើការផលិត ក៏ត្រូវចែកជាមួយរោងភាពយន្តផងដែរ ដែលផលិតកម្មខ្លះក៏ខាត ផលិតកម្មខ្លះក៏ទទួលបានផលចំណេញតិចតួច។ ដូច្នេះប្រសិនបើក្រសួងនៅតែប្រកាន់ជំហររឹតបន្តឹងពន្ធដូចសេចក្ដីប្រកាសកាលពីថ្មីៗនេះ ផលិតកម្មជាច្រើនអាចនឹងបិទទ្វារ លែងហ៊ានវិនិយោគលើវិស័យនេះហើយភាពយន្តខ្មែរអាចនឹងស្លាប់តែម្ដង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងកិច្ចប្រជុំជាមួយនឹងផលិតករមកពីផលិតកម្មនានា ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលការណ៍របស់មន្ត្រីពន្ធដារ ក្នុងការប្រមូលពន្ធពីវិស័យភាពយន្ត ក្រោមប្រធានបទ “ការជំរុញការអនុវត្តវិធានការណ៍៥ចំណុច ដើម្បីលើកស្ទួយវិស័យសិល្បៈ និងភាពយន្ដខ្មែរ” ក្រោមវត្តមានលោកជំទាវភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការប្រកាសពន្ធលើវិស័យភាពយន្តខ្មែរ រហូតដល់១១ចំណុចឯណោះ ដូចជា ពន្ធទី១ គឺពន្ធពីចំណូលនៃការបញ្ចាំងក្នុងរោង កាត់១០ភាគរយទៅរដ្ឋ។ ទី២ ក្រោយចែកជាមួយរោងកុន ត្រូវកាត់១ភាគរយទៅរដ្ឋ។ ទី៣ ត្រូវបង់ពន្ធអាករ១០ភាគរយ រៀងរាល់ខែ នៃប្រាក់ចំណូលរបស់ផលិតកម្ម។ ទី៤ ត្រូវបង់ពន្ធ (vat) ប្រចាំឆ្នាំ។ ទី៥ ពន្ធកាត់ទុកពីប្រាក់ចំណូលចំនួន១៥ភាគរយ។ ទី៦ គឺការកាត់ពន្ធ១០ភាគរយពីតម្លៃជួលទីតាំង ការិយាល័យ។ ទី៧ ពន្ធកាត់ពីបុគ្គលិកពេញម៉ោង១០ភាគរយ សម្រាប់បុគ្គលិកមានប្រាក់បៀវត្សរិ៍ ចាប់ពី៣០០ដុល្លារអាមេរិកឡើងទៅ។ ទី៨ ពន្ធលើអ្នកដឹកនាំសម្តែង អ្នកនិពន្ធ ក្រុមការងារផលិត សិល្បករ ចំនួន១០ភាគរយ។ ទី៩ ពន្ធលើកម្មសិទ្ធិ ឬស្នាដៃ ចំនួន១៥ភាគរយ។ ទី១០ ពន្ធកម្រៃនៃប្រាក់ចំណូលតួសម្តែង ១៥ភាគរយ និងទី១១ ពន្ធលើការជួលទីតាំងថត ការជួលសម្ភារៈ១០ភាគរយ”។

ក្រោយពេលចេញសេចក្ដីប្រកាសពន្ធនេះ ក្រុមផលិតករជាច្រើនបានបង្ហាញក្ដីបារម្ភលើប្រាក់បង់ពន្ធនោះ គឺមានភាពសាំញ៉ាំច្រើន ពោលគឺត្រូវមានការធ្វើរបាយការណ៍ មានភាពស្មុកស្មាញ និងចំនួនទឹកប្រាក់នៃការបង់ពន្ធមានចំនួនកាន់តែច្រើន ខណៈដែលផលិតករខ្លះបង្ហើបថា បើរឹងប​ន្តឹងពន្ធម្លឹងៗ លោកគ្មានកម្លាំងចិត្តផលិតទៀតទេ គឺនឹងដកថយតែម្ដង។

អ្នកនាងចន ចាន់លក្ខិណា បន្ថែមថា នៅក្នុងប្រទេសដែលមានច្បាប់ត្រូវតែមានហើយចំពោះការបង់ពន្ធ ប៉ុន្តែក្នុងដំណាក់កាលនេះ វិស័យភាពយន្តខ្មែរ ទើបតែស្ទុះឡើងបន្តិច និងមានកម្រិតនៅឡើយ។ ដូច្នេះអ្នកនាងសំណូមពរឲ្យក្រសួង និងរាជរដ្ឋាភិបាល ពិចារណាពីបញ្ហានេះឡើងវិញ ខណៈដែលអ្នកនាងក៏មានគម្រោងកៀងគរក្រុមផលិតករ និងផលិតកម្មនានា ដើម្បីធ្វើការស្នើសុំទៅថ្នាក់ដឹកនាំដោយសុំពន្យាពេលលើការបង់ពន្ធនេះផងដែរ។ ត្បិតអីអ្នកនាងមិនចង់ឃើញវិស័យភាពយន្តខ្មែរ ស្លាប់ដោយសារតែការរឹតបន្តឹងពន្ធនោះទេ៕

RELATED ARTICLES