Sunday, September 22, 2024
Homeតារាខ្មែរអុីវ៉ា ប្រឆាំងលោកផ្កាយ២

អុីវ៉ា ប្រឆាំងលោកផ្កាយ២

អ៊ីវ៉ា ត្រូវបានចាត់ទុកថា នាងជាតារាចម្រៀងម្នាក់ដែលមិនចេះក្បាច់រាំដូចមិត្តរួមក្រុមឡើយ ហើយពេលខ្លះរាំតិចៗឆ្គងៗ ហាក់ដូចជាដើរមិនទាន់គេសោះ ទើបធ្វើឱ្យអ្នកខ្លះថា ស្រីក្មេងរូបនេះ បើនៅតែមិនចេះរាំបែបនេះទៀត តាមឆាកតន្ត្រីមួយចំនួន គេនឹងជ្រើសយកតារាផ្សេងជំនួសវិញ ដែលធ្វើឱ្យនាង លែងសូវត្រូវប៉ាន់ជាមិនខាន ព្រោះកម្មវិធីខ្លះ គេត្រូវការអ្នកចម្រៀងច្រៀងបទ ញាក់ រាំសប្បាយជាងបទស្លូវ។ ប៉ុន្តែ ដោយសារមានការរិះគន់ថា អ៊ីវ៉ា រាំមិនកើតដូចតារាល្បីផ្សេងៗទៀតនោះ ទើបអ៊ីវ៉ា លេងមួយក្បាច់វិញ នៅថ្ងៃបុណ្យអុំទូកនោះ ដោយនាងបានច្រៀងរាំយ៉ាងអស់ដៃ ហើយក្បាច់រាំនាងសាហាវជាងតារារួមក្រុមទៀតផង ព្រោះអ្នកចម្រៀងរូបនេះ រាំបែបបែកស្លុយតែម្តង។

តាមរយៈបទ “ភ្នែកតូចតែគួរឱ្យស្រលាញ់” អ៊ីវ៉ា បានបញ្ចោញនូវក្បាច់រាំយ៉ាងរស់រវើក ដែលអ្នកខ្លះសឹងមិនជឿថា ជារូបនាងឡើយ ព្រោះមានក្បាច់រាំប្លែកៗខ្លាំងពេក ហើយជាការពិត តារាចម្រៀងសាច់សខ្ចីរូបនេះ កាន់តែមានការទាក់ទាញបានអ្នកគាំទ្រច្រើនមួយកម្រិតថែមទៀត នៅពេលដែលនាងបានផ្លាស់ប្តូរពីការមិនចេះរាំសោះ មកជារាំខ្លាំងជាងអ្នករាំអាជីពបែបនេះ។

តាមព័ត៌មានថា ពេលអ៊ីវ៉ា ឡើងឆាកតន្ត្រី នាងនៅច្រៀងបទចាស់ៗរបស់ខ្លួននៅសាន់ដេ នៅឡើយ ព្រោះតែបទថ្មីៗរបស់នាងនៅហង្សមាស នៅមិនទាន់ចេញ ហេតុនេះហើយបានជាបង្ខំចិត្តច្រៀងបទចាស់ៗសិន។ ប៉ុន្តែដំណឹងថា អ៊ីវ៉ា ហើរចោលសាន់ដេ ទាំងនៅជាប់ចំណងនេះ គឺត្រូវបានសាមីខ្លួននៅតែព្យាយាមលាក់លៀម និងប្រកែកទៅវិញ។

អ៊ីវ៉ា ថ្លែងថា “អត់ទេ! ខ្ញុំមានទៅណាបង គឺនៅតែកន្លែងដដែលហ្នឹងតើ! ខ្ញុំអត់មានទៅហង្សមាស តាមបងសិរីមន្ត ផង តែធ្វើម៉េច គេចេះតែថាអីចឹង…”។

បើទោះជាអ៊ីវ៉ា មិនព្រមសារភាពថា នាងបានក្លាយទៅជាតារាចំណូលថ្មីរបស់ហង្សមាស ទៅហើយក្តី តែតារាចម្រៀងមួយចំនួនរបស់ហង្សមាស បានបង្ហើបឱ្យដឹងថា ពេលនេះ អ៊ីវ៉ា បានថតបទចម្រៀងនៅហង្សមាស ទៅហើយ គឺត្រៀមចេញក្នុងពេលឆាប់ៗនេះ តែការយឺតយ៉ាវក្នុងការចេញបទថ្មីៗរបស់ខ្លួននៅលើទីផ្សារនោះ គឺអាចមកពីអ៊ីវ៉ា នៅមិនទាន់ដាច់កុងត្រាជាមួយសាន់ដេ ហេតុនេះហើយ ប្រសិនបើនាងចេញបទថ្មីនៅហង្សមាស នោះហើយ បើសិនជាសាន់ដេ ចង់ចាត់ការនាងតាមផ្លូវច្បាប់ គេនឹងមានបញ្ហាជាមិនខានឡើយ អីចឹងហើយបានជាបទថ្មីៗរបស់នាងនៅហង្សមាស ត្រូវបានផ្អឹបចោលសិននោះ។

អ៊ីវ៉ា ធ្លាប់រងការរិះគន់ច្រើននាពេលចុងក្រោយនេះពីបុគ្គលិកនៅសាន់ដេ ព្រោះតែមានការបង្ហើបថា នាងមិនធ្វើតាមការងារដែលក្រុមហ៊ុនដាក់ជូនឡើយ ទាំងការថតសំឡេង និងការថត MV គឺពេលខ្លះ បទដែលសាន់ដេ ទម្លាក់ឱ្យនាងច្រៀង តែនាងមិនព្រមច្រៀងឡើយ ហើយនៅពេលដែលបទនោះត្រូវបានទម្លាក់ឱ្យតារាផ្សេងច្រៀង ហើយល្បីវិញ បែរជាអ៊ីវ៉ា ថា សាន់ដេ មិនលើកនាងទៅវិញ ដែលរឿងចម្រូងចម្រាសនេះ ហើយ ធ្វើឱ្យបុគ្គលិករបស់សាន់ដេ មួយចំនួនទៀត មិនសូវពេញចិត្ត និងសកម្មភាពរបស់អ៊ីវ៉ា ដោយមានអ្នកខ្លះថា នាងបានល្បី ចង់ភ្លេចកំណើតទៀតផង។

ទោះជាយ៉ាងណា ការប្រែប្រួលរបស់អ៊ីវ៉ា នៅពេលនេះ គឺដោយសារតែមុននេះ មានផលិតកម្ម២ បានព្យាយាមទាក់ទងនាងឱ្យធ្វើជាតារារបស់ខ្លួននោះ គឺហង្សមាស និងថោន ហើយចុងក្រោយ ស្រីនាថ សម្រេចចិត្តចូលទៅជ្រកនៅហង្សមាស ដោយច្រៀងលាក់មុខ តែព័ត៌មាននេះ អ៊ីវ៉ា មិនទាន់សារភាពឡើយ តែនាងទទួលស្គាល់ថា ហង្សមាស និងថោន ពិតជាមានការទាក់ទងនាងប្រាកដមែន។

អ៊ីវ៉ា ដែលឈានមួយជំហានទៅលេងក្បាច់រាំសាហាវៗ នៅចុងឆ្នាំ២០១៧នេះ បញ្ជាក់ថា តារារូបនេះប្រឆាំងជាមួយលោកថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប លោក “ប” ដែលតាមស្នេហ៍នាងជាច្រើនឆ្នាំ ហើយប្អូនប្រុសលោកផ្កាយ៣នោះ មិនអនុញ្ញាតឱ្យអ៊ីវ៉ា រាំខ្លាំងៗ ឬមានការសម្តែងដោយមានឈុតឱបថើបជាមួយតារាប្រុសៗឡើយ ព្រោះតែលោកមិនចង់ឱ្យមានប្រុសណាម្នាក់មក បន្លំឱបថើបកេងចំណេញលើតារារូបនេះទេ។ ប៉ុន្តែសកម្មភាពរបស់អ៊ីវ៉ា ពេលនេះ គឺនាងហាក់ដូចជាមិនខ្វល់ការណែនាំរបស់លោកថៅកែ “ប” នោះទេ គឺមិនត្រឹមតែរាំធម្មតាៗទេ តែពេលនេះ គឺនាងរាំបែកស្លុយទៀតហើយ បើសិនជាអ៊ីវ៉ា ឈានទៅហ៊ានថតសម្តែងដែលមានតារាប្រុសៗឱបថើបនោះទៀត ច្បាស់ណាស់ថា ចំណុចដែលលោកថៅកែហាមទាំងប៉ុន្មាន គឺនាងបំពានទាំងអស់ គឺរឹតតែបញ្ជាក់ថា ចំណងស្នេហ៍ខុសវ័យនេះ មិនអាចផ្សះផ្សាជាថ្មីវិញបានជាដាច់ខាត បើទោះជាប្អូនផ្កាយ៣នោះ បានទម្លាក់ខ្លួនលួងលោមស្រីក្មេងច្រើនលើកច្រើនសា យ៉ាងណាក៏ដោយ តែអ៊ីវ៉ា មិន អើពើជាមួយលោក “ប” ទៀតទេ។

ប្រភពបានឱ្យដឹងថា អ៊ីវ៉ា មានជម្រើសស្នេហ៍ច្រើន ព្រោះមានមន្ត្រីធំ ដែលជាអ្នកមានទ្រព្យច្រើនជាង លោក “ប” ទៀតផង ដែលចង់ចូលចែចូវនាងតាមប្រពៃណីខ្មែរ ទើបធ្វើឱ្យនាងកាន់តែបានចិត្ត លែងសូវចាប់អារម្មណ៍ជាមួយលោក ថៅកែហាងបញ្ចាំនោះ ទៀតហើយ ព្រោះតែបុរសនោះប្រចណ្ឌ និងហួងហែងនាងខ្លាំងពេក៕

RELATED ARTICLES