Monday, December 23, 2024
Homeព័ត៌មានជាតិលោក​អ៊ុំ សំអាន ចូល​តុលា​ការ​ស្រែក​ថា សម្តេច​ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្ម​នុញ្ញ

លោក​អ៊ុំ សំអាន ចូល​តុលា​ការ​ស្រែក​ថា សម្តេច​ហ៊ុន សែន ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋ​ធម្ម​នុញ្ញ

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់លោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយ មុនពេលចូលសវនាការ លោកអ៊ុំ សំអាន បាន ស្រែកថា សម្តេចហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដោយចាប់ឃុំខ្លួនរូបលោកជាសមាជិកសភា ទាំងនៅមានអភ័យឯកសិទ្ធិ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច ដៃ ជាប់ខ្នោះត្រូវបានអនុរក្សពន្ធនាគារបណ្តើរចេញ ពីរថយន្តចូលទៅក្នុងបន្ទប់សវនាការតុលាការ កំពូល កាលពីព្រឹកថ្ងៃទី១០ ខែសីហា ដើម្បីសាក សួរលើសំណុំរឿងសុំនៅក្រៅឃុំរបស់លោក។

មុនចូលក្នុងបន្ទប់សវនាការលោកអ៊ុំ សំអាន ស្រែកថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជន កម្ពុជា ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលឃុំខ្លួន តំណាងរាស្ត្រទាំងនៅមានអភ័យឯកសិទ្ធិ។ ដូច្នេះ លោកអំពាវនាវឱ្យពលរដ្ឋបោះឆ្នោតទម្លាក់សម្តេច ហ៊ុន សែន នៅឆ្នាំ២០១៨។

លោកអ៊ុំ សំអាន បញ្ជាក់នៅពេលនោះ ថា “លោកហ៊ុន សែន និងគណបក្សប្រជាជន បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដោយឃុំខ្លួន តំណាងរាស្ត្រ ដែលមានឈ្មោះ មានអភ័យឯកសិទ្ធិ។ គណបក្សកាន់អំណាច និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងកាន់អំណាច ផ្តាច់ការ។ ការឃុំខ្លួនតំណាងរាស្ត្រមានអភ័យឯកសិទ្ធិ ជាការរំលោភទៅលើរដ្ឋធម្មនុញ្ញ ជា អំពើខុសច្បាប់ គឺរំលោភទៅលើអភ័យឯកសិទ្ធិ  ដែលបានធានាដោយរដ្ឋធម្មនុញ្ញ។ ដូច្នេះសូម ឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើការផ្លាស់ប្តូរនៅឆ្នាំ២០- ១៨”។

បន្ទាប់ពីបើកសវនាការអស់រយៈពេល ជិត១ម៉ោង តុលាការកំពូល បានសម្រេចថា នឹងប្រកាសសាលដីកា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

មេធាវីការពារក្តីលោកអ៊ុំ សំអាន បាន សង្ឃឹមថា តុលាការនឹងពិចារណាវិនិច្ឆ័យឱ្យ បានច្បាស់លាស់ ដោយអាចដោះលែងឱ្យកូនក្តី លោកមានសេរីភាពឡើងវិញ ព្រោះកូនក្តីលោក មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងដូចការចោទ- ប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ នោះ ទេ។

សូមបញ្ជាក់ថា លោកអ៊ុំ សំអាន ដែល សកម្មនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវ បានចាប់ខ្លួន កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្ត សៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿង ប្រើប្រាស់ផែនទីក្លែងក្លាយ។

ដោយឡែក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ សាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចចោទប្រកាន់លោកអ៊ុំ សំអាន ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង ញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ នឹងការបញ្ចោញទស្សនៈពីបញ្ហាព្រំដែន តាម ហ្វេសប៊ុក កាលពីឆ្នាំ២០១៥ ដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០១៦។ ក្រោយមក ករណីលោកអ៊ុំ សំអាន ត្រូវបានសមាជិករដ្ឋសភា មកពីគណ- បក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រ ឱ្យតុលាការ និងសមត្ថកិច្ច អនុវត្តនីតិវិធីបន្តចំពោះតំណាង- រាស្ត្រគណបក្សប្រឆាំងរូបនេះ។

ក្រុមមេធាវី ធ្លាប់បានស្នើឱ្យសាលាដំបូង- រាជធានីភ្នំពេញ ដោះលែងតំណាងរាស្ត្ររូបនេះ  ឱ្យមានសេរីភាពវិញ។ ប៉ុន្តែសាលាដំបូងរាជធានី ភ្នំពេញ បានច្រានចោល។ ក្រុមមេធាវី ក៏បាន បន្តប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹង សេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឱ្យលោកអ៊ុំ សំអាន នៅក្រៅ ឃុំ។ ប៉ុន្តែបានបរាជ័យ ជាលើកទី២ ដោយសា លាឧទ្ធរណ៍គាំទ្រសាលក្រមរបស់សាលាដំបូង រាជធានីភ្នំពេញ ហើយក៏សម្រេចតម្កល់សំណុំ រឿងរបស់លោកអ៊ុំ សំអាន ទុកជាបានការ។

ទោះយ៉ាងណា ក្រុមមេធាវី សង្ឃឹមថា សម្រាប់តុលាការកំពូល នឹងប្រកាសសាលដីកា  ជាវិជ្ជមាន ស្របតាមការស្នើសុំនៅក្រៅឃុំរបស់ លោកអ៊ុំ សំអាន នាថ្ងៃទី១៧ ខែសីហា ខាង មុខនេះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES