ភ្នំពេញ ៖ បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ បានក្លាយជាបញ្ហាដ៏សំខាន់ ដែល ប្រជាពលរដ្ឋភាគច្រើនទាំងអ្នករស់នៅភ្នំពេញ ក៏ដូចជាអ្នកដំណើរមកពីបណ្តាខេត្ត-ក្រុងនានា បាននាំគ្នារអ៊ូរទាំដោយសង្កត់ធ្ងន់ថា មូលហេតុ ចម្បងដែលធ្វើឱ្យកកស្ទះនេះ ដោយសារតែ មានការរំលោភចិញ្ចើមផ្លូវរហូតដល់ទ្រូងផ្លូវសាធារណៈយកធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ដែលអាជ្ញាធរមានសមត្ថកិច្ចមិនមានចំណាត់ការ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ។ ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋ ស្នើសុំ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ស្រែកបញ្ជា ឱ្យមានចំណាត់ការលើបញ្ហានេះ ដើម្បីរំដោះ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈនានា ទូទាំង រាជធានី-ខេត្ត ដើម្បីដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ជាការកត់សម្គាល់ពីមជ្ឈដ្ឋានទូទៅមក ដល់ពេលនេះ ដើម្បីជាការសម្រួលចរាចរណ៍ មួយផ្នែក និងដើម្បីលម្អសោភណភាពរាជធានី- រដ្ឋបាលរាជធានីភ្នំពេញ បានដាក់របាំងពុះចែក ទ្រូងផ្លូវបន្ថែម។ ប៉ុន្តែចំពោះមូលហេតុនាំឱ្យ កកស្ទះចរាចរណ៍ បង្កឡើងដោយមនុស្ស ខាង សាលារាជធានី មិនទាន់ទាន់ចាត់វិធានការឱ្យ បានមឺងម៉ាត់នៅឡើយ ដូចជាការចតយានជំនិះ មិនគោរពច្បាប់ការរំលោភចញ្ចើមផ្លូវសាធារណៈ សម្រាប់ថ្មើរជើងធ្វើជាកម្មសិទ្ធិឯកជន ប្រកប អាជីវកម្មដាក់តាំងលក់ទំនិញផ្សេងៗ ក៏ដូចជាការ លក់ដូរលើដងផ្លូវ ការចតយានជំនិះលើទ្រូងផ្លូវ យ៉ាងអនាធិបតេយ្យ ពិសេសនៅតាមផ្លូវធំៗ និងផ្លូវដែលមានការធ្វើអាជីកម្មច្រើន ដូចជា ផ្លូវក្បែរផ្សារ សាលារៀន រោងចក្រ និងផ្លូវដែល សម្បូរទៅដោយភោជនីយដ្ឋាន ហាងផឹកស៊ី និង កន្លែងលក់គ្រឿងហូបចុកនៅតាមចិញ្ចើមផ្លូវ ជាដើម។
ប្រជាពលរដ្ឋបានលើកឡើងថា ល្មមដល់ ពេលដែលសាលារាជធានី វះកាត់ ដោះស្រាយ កែលម្អហើយ ដើម្បីកាត់បន្ថយការកកស្ទះ- ចរាចរណ៍ផងនិងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ផង ដោយមិនគួរនាំគ្នាអង្គុយបក់ផ្សែងតទៅ ទៀតឡើយ ហើយក៏មិនត្រូវបន្ទោសអ្នកនេះ អ្នកនោះទៀតដែរ។ ជាពិសេសអាជ្ញាធរ ត្រូវ តែអនុវត្តឱ្យមានប្រសិទ្ធភាពលើដងផ្លូវដែល ហាមចត និងការចត២ជួរ និងអនុវត្តវិធានការស្តីពីការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈឱ្យ បានត្រឹមត្រូវ ដោយគ្រប់ចិញ្ចើមផ្លូវ ត្រូវតែ ទុកយ៉ាងហោចណាស់ ១,៥ម៉ែត្រ សម្រាប់ថ្មើរ ជើង ហាមលក់នៅលើទ្រូងផ្លូវ និងហាមដាក់ តាំងលក់ ឬធ្វើរបងខឿន រំលោភយកចិញ្ចើម ផ្លូវសាធារណៈ ជាដើម។
ពលរដ្ឋសង្ឈឹមថា បើរដ្ឋបាលរាជធានី មាន ឆន្ទៈពិតប្រាកដច្បាស់លាស់ក្នុងការរៀបចំសណ្តាប់ តាមដងផ្លូវសាធារណៈឱ្យបានម៉ឺងម៉ាត់លុបបំបាត់បាតុភាពអសកម្មនៃអំពើពុករលួយនៃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នឹងអាច ដោះស្រាយបញ្ហានេះបាន មិនខាន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋទូទៅ ហាក់ អស់ទំនុកចិត្តលើអាជ្ញាធររាជធានី ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋានទៅហើយ ដោយសារតែបញ្ហាដែលពួកគាត់បានលើកឡើង ខាងលើនេះ បានកើតមានច្រើនឆ្នាំ ច្រើនអាណត្តិ របស់អភិបាលរាជធានីមកហើយ តែបញ្ហាដដែលៗ នេះ គ្មានចំណាត់ការ ដោយមានប្រសិទ្ធភាព សោះ ពោលគឺនៅបន្តរ៉ាំរ៉ៃដូចជំងឺមហារីក ពិបាក ព្យាបាលដោយសារតែមានមេរោគសាច់រលួយ។ ហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋស្នើសុំសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ- កម្ពុជា មេត្តាស្រែកបញ្ជាដល់អាជ្ញាធររាជធានី និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធតាមមូល- ដ្ឋានសង្កាត់-ខណ្ឌនានា ចាត់ការដោះស្រាយ រំដោះចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈពីការ រំលោភបំពានរបស់បុគ្គលឯកជននេះផង ព្រោះ ប្រជាពលរដ្ឋជឿជាក់ថា ទឹកមាត់របស់សម្តេច ហ៊ុន សែន ពិតជាប្រៃ ដោយសារតែបញ្ហា និង សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលបាន ស្នើសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី កន្លង មក សម្តេចតែងដោះស្រាយជូនប្រជាពលរដ្ឋ បាន យ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ដូច្នេះ នៅពេលនេះ ស្របពេលដែលសម្តេចប្រមុខ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយុទ្ធនាការចុះ មូលដ្ឋាន២៥ខេត្ត-រាជធានី ទូទាំងប្រទេស ដើម្បី ពិនិត្យមើលសមិទ្ធផលជាតិនានា និងដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីឱ្យការរស់នៅរបស់ ប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរឡើង នោះ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជា អ្នកដំណើរនានា សូមស្នើសុំសម្តេច ពិនិត្យ និងដោះស្រាយបញ្ហាការរំលោភចិញ្ចើមផ្លូវ និង ទ្រូងផ្លូវសាធារណៈនៅរាជធានីភ្នំពេញ ហើយ រំដោះចិញ្ចើមផ្លូវសាធារណៈឱ្យមានសេរីភាព ផង ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាដើម្បីសណ្តាប់ធ្នាប់ និងសោភណភាព នៃរាជធានីភ្នំពេញ។
ប្រជាពលរដ្ឋអ្នកដំណើរទូទៅបានលើក ឡើងថា គ្រាន់តែតាមបណ្តោយផ្លូវ ចាប់ពីគល់ ស្ពានអាកាសស្ទឹងមានជ័យ ទៅដល់ច្រមុះជ្រូក ស្ទឹងមានជ័យ មានបញ្ហាកកស្ទះចរាចរណ៍ ដោយ- សារការរំលោភយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ធ្វើ អាជីវកម្មបែបអនាធិបតេយ្យដោយមិនឃើញ អាជ្ញាធរមានសមត្ថកិច្ចមានវិធានការអ្វីសោះ ដូចជាចំណុចវត្តស្ទឹងមានជ័យ មុខរោងចក្រលាយ បេតុងហ្គ្រែនខនស្ត្រាក់សិនអ៊ីនដាស្ទ្រី និងមុខ ហាងផឹកស៊ីនានាជាដើម។ ដោយឡែក នៅ លើដងផ្លូវវេងស្រេង ជាផ្លូវមួយដែលសម្តេច ហ៊ុន សែន បានដោះស្រាយផ្តល់ជាកាដូដល់ ប្រជាពលរដ្ឋឱ្យធ្វើដំណើរស្រួល ដោយមិនបង់ ថ្លៃឆ្លងកាត់ដូចមុននោះ ពេលនេះមានការរំលោភ យកទាំងចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើអាជីវកម្ម លក់ដូរយ៉ាងអនាធិបតេយ្យ បង្កការកកស្ទះ- ចរាចរណ៍គ្រប់ពេល គ្រប់វេលា ពិសេសនៅ ចំណុចចាប់ពីស្តុបលូប្រាំ រហូតដល់មុខផ្សារ កាណាឌីយ៉ា (សួនឧស្សាហកម្មកាណាឌីយ៉ា) ជាដើម។
ពាក់ព័ន្ធនឹងការស្នើ និងលើកឡើងរបស់ ប្រជាពលរដ្ឋខាងលើនេះ អ្នកនាំពាក្យរដ្ឋបាល សាលារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា បានបញ្ជាក់ប្រាប់ “នគរធំ” កាលពីពេលថ្មីៗនេះថា បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនេះ សាលារាជធានីភ្នំពេញ បានប្រើនូវវិធានការ ច្រើនយ៉ាង ដោយមិនបានព្រងើយកន្តើយនោះ ទេ គ្រាន់តែបានសម្រេចយ៉ាងណានោះ តាម ស្ថានភាពជាក់ស្តែង។
លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍ ថា “បាទ! ខ្ញុំជម្រាបថា ដូចអ្វីដែលបានលើក ឡើង អ៊ីចឹងទាក់ទៅនឹងការដោះស្រាយបញ្ហា កកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញហ្នឹង គឺ អាជ្ញាធររាជធានីភ្នំពេញ បានប្រើនូវវិធានការ ច្រើនយ៉ាងចម្រុះគ្នា ដើម្បីដោះស្រាយនូវបញ្ហា នោះ។ ទី១ ដូចជាយើងបានឃើញហើយ ការ ដែលធ្វើផ្លូវក្រវាត់ក្រុង ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ជុំវិញក្រុង ដើម្បីធ្វើយ៉ាងម៉េចឱ្យឡានធំរត់នៅ ក្រៅក្រុង។ ពីមុនយើងចេះតែឱ្យឡានធំ រត់ ក្រៅក្រុងៗ ក៏ប៉ុន្តែផ្លូវដែលឱ្យគេរត់ វាមាន លក្ខណៈលំបាក អ៊ីចឹងយើងធ្វើបណ្តើរៗអាហ្នឹង ទី១។ ទី២ ទន្ទឹមហ្នឹង ក៏យើងបានកែលម្អនូវ ប្រព័ន្ធភ្លើងស្តុបនៅក្នុងរាជធានីយើងទាំងមូល ដែរ ហើយដោយគម្រោងនេះ មានជំនួយពី ចៃកា ហើយនឹងចប់នៅឆ្នាំ២០១៧។ ទី៣ ក៏យើងបានធ្វើការណែនាំទៅដល់អាជ្ញាធរ ខណ្ឌ ក៏ដូចជាសង្កាត់ ឱ្យធ្វើការយកចិត្តទុកដាក់នៅ ក្នុងការពង្រឹងនូវសណ្តាប់ធ្នាប់លក់ដូរ ទាក់ទង ទៅនឹងការគ្រប់គ្រងនិងការប្រើប្រាស់ចញ្ចើម ផ្លូវឱ្យបានល្អ ដោយសារពេលបច្ចុប្បន្ន យើង បានមើលឃើញពីបញ្ហានេះ ហើយយើងយក ច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ផ្លូវថ្នល់យកមក ពិនិត្យមើល ដើម្បីធ្វើការកែសម្រួល និងពង្រីង ការគ្រប់គ្រងចិញ្ចើមផ្លូវនេះ ឱ្យបានល្អពីកន្លង មក ប្រជាពលរដ្ឋ គាត់យល់ថា ចិញ្ចើមមុខផ្ទះ របស់គាត់ គឺជាផ្ទះរបស់គាត់ មានបញ្ហាប្រឈម លើចំណុចនេះ។ អ៊ីចឹងបញ្ហានេះត្រូវទាមទារ នូវពេលវេលាមួយដែលយើងធ្វើការអប់រំពន្យល់ ផង ហើយទី២ ទាមទាររៀបចំរចនាសម្ព័ន្ធដូច ជាក្រាលការ៉ូឡា ឬក៏ស្អីៗហ្នឹងឱ្យបានល្អ ដើម្បី ធ្វើជាផ្លូវថ្មើរជើងឱ្យគាត់ដើរ”។
លោកមាន ចានយ៉ាដា មានប្រសាសន៍ បន្តថា “យើងកំពុងធ្វើបណ្តើរៗតាមចិញ្ចើមផ្លូវ គ្រាន់តែថា កន្លែងយើងធ្វើបានៗ ដូចជាផ្លូវឯកទិស ការដាក់បន្ថែមនូវផ្លាកចរាចរ ជាង១០០០ផ្លាក ការកំណត់គំនូសចរាចរណ៍ ការកំណត់ផ្លួវឯក- ទិស ការស្អីៗនោះ គឺយើងបានធ្វើជាប់រហូត ក៏ ប៉ុន្តែបញ្ហាស្ទះចរាចរណ៍នេះ គឺជាបញ្ហាមួយដ៏ ស្មុគស្មាញ ហើយមិនតែក្រុងភ្នំពេញមួយទេ ដែលជួបបញ្ហាហ្នឹង ហើយអាជ្ញាធរយើងបាន ប្រឹងប្រែង ដូចខ្ញុំនិយាយអ៊ីចឹង មិនមែនតែគ្រប់ គ្រងចិញ្ចើមផ្លូវមួយបានដោះស្រាយបញ្ហាចរាចរណ៍បាន វាមានវិធានការ វាមានការងារច្រើន ដែលត្រូវធ្វើពាក់ព័ន្ធនឹងបញ្ហានេះដែលខ្ញុំបាន រៀបរាប់ខាងលើមិញអ៊ីចឹង”។
“នគរធំ” ក៏បានទាក់ទងសុំមតិយោបល់ ពីលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជុំបញ្ហានេះដែរ តែលោកសុំមិនធ្វើអត្ថាធិប្បាយទេ។ ដោយឡែក ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប៉ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ លោករុន រ័ត្នវាសនា ក៏ដូចជាឧទ្ទកាល័យសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ក៏មិនអាចទាក់ទង សុំយោបល់ឆ្លើយតបបានទេ កាលពីម្សិលមិញ៕
ដោយ ៖ កុលបុត្រ