Friday, November 29, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីវេណេស៊ុយអេឡា បណ្តេញមន្ត្រីទូតជាន់ខ្ពស់អាមេរិក 2រូប

ប្រធានាធិបតីវេណេស៊ុយអេឡា បណ្តេញមន្ត្រីទូតជាន់ខ្ពស់អាមេរិក 2រូប

វេណេស៊ុយអេឡា ៖ យោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃពុធ ទី23 ខែឧសភា ឆ្នាំ2018 បានឱ្យដឹងថា លោកនីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា ដែលទើបជាប់ឆ្នោតថ្មី បានសម្រេចបណ្តេញមន្ត្រីទូតជាន់ខ្ពស់អាមេរិក 2រូប ប្រចាំទីក្រុងការ៉ាកាស់។

ការបណ្តេញនេះ គឺជាការឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មី របស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកថា ជ័យជម្នះរបស់លោកម៉ាឌូរ៉ូ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃអាទិត្យ គឺជាទង្វើខុសច្បាប់ និងមិនឆ្លើយតបទៅនឹងបទដ្ឋានប្រជាធិបតេយ្យ។

វេណេស៊ុយអេឡា បានសម្រេចបណ្តេញមន្ត្រីទូតជាន់ខ្ពស់អាមេរិក 2រូប ប្រចាំទីក្រុងការ៉ាកាស់ គឺលោក Todd Robinson និង លោក Brian Naranjo ក្នុងរយៈពេល48ម៉ោង ក្រោមបទចោទប្រកាន់ថា អ្នកទាំងពីរបានចូលរួមក្នុងចលនាសម្ងាត់យោធាមួយ និងជ្រៀតជ្រែកក្នុងបញ្ហានយោបាយ និងសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡា។

ទាក់ទងទៅនឹងការចោទប្រកាន់នេះ ក្រសួងការបរទេសអាមេរិក បានច្រានចោល ហើយបានចាត់ទុកជាការចោទប្រកាន់គ្មានភ័ស្តុតាងត្រឹមត្រូវ។

គួរបញ្ជាក់ថា លោកនីកូឡាស់ ម៉ាឌូរ៉ូ មិនបានបង្ហាញភ័ស្តុតាងអ្វីនោះទេ ក្រៅតែពីនេះ ជាការលើកឡើងរបស់លោកម៉ាឌូរ៉ូ ខណៈក្រសួងការបរទេសអាមេរិក បានទាត់ចោលការចោទប្រកាន់របស់លោក៕

RELATED ARTICLES