ហ៊្វីលីពីន ៖ កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៨ ប្រធានាធិបតីហ៊្វីលីពីន លោកឌូតឺតេ បានព្រមានថា ហ៊្វីលីពីន នឹងធ្វើសង្គ្រាមជាមួយចិន ប្រសិនបើទីក្រុងប៉េកាំង បន្តសាងសង់ ឬទាញយកធនធានធម្មជាតិនៅលើតំបន់មានជម្លោះ ដែលលោកហៅថា បន្ទាត់ក្រហម (Red lines) នោះ។ នេះបើយោងតាមប្រភព ព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃអង្គារ ទី២៩ ឆ្នាំ២០១៨។
ជាមួយគ្នានេះដែរលោក Alan Peter Cayetano រដ្ឋមន្ត្រីការបរទេសហ៊្វីលីពីន បានថ្លែងថា ក្នុងចំណោមតំបន់ដែលចិន កំពុងតែសាងសង់នោះជាកន្លែងមានជម្លោះ រួមមានទាំងប៉ប្រះទឹក តំបន់ប្រេង ឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។
រដ្ឋមន្ត្រីការបរទេសរូបនោះបានឱ្យដឹងទៀតថា ធនធានធម្មជាតិទាំងនេះ ជារបស់ហ៊្វីលីពីន ហើយគ្មានអ្នកណាម្នាក់អាចយកធនធានទាំងនោះបានទេ ពីព្រោះវាជាធនធានរបស់ហ៊្វីលីពីន។
ការលើកឡើងរបស់ឌូតឺតេ ដោយសារតែមួយរយៈចុងក្រោយនេះ ចិន បានពន្លឿនការសាងសង់សំណង់នានា នៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ក្នុងនោះ រួមទាំងមូលដ្ឋានទ័ពដែលមានលទ្ធភាពប្រើប្រាស់អាវុធមីស៊ីល ផងដែរ។
ទោះយ៉ាងណាជុំវិញប្រតិកម្មរបស់ហ៊្វីលីពីន នេះ មិនទាន់មានការឆ្លើយតបណាមួយ ពីរដ្ឋអំណាចទីក្រុងប៉េកាំង នៅឡើយ៕