សិង្ហបុរី ៖ តបតាមការអញ្ជើញរបស់លោក លី ស៊ានឡុង (Lee-Hsien Loong ) នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ លោកនរិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល3ថ្ងៃ នៅក្នុងប្រទេសសិង្ហបុរី។
នេះបើយោងតាមប្រភពព័ត៌មាន News Asia ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី31 ខែឧសភា ឆ្នាំ2018។
ប្រភពពីក្រសួងការបទេសសិង្ហបុរី បានឱ្យដឹងថា លោកម៉ូឌី នឹងចូលរួមក្នុងព្រឹត្តិការណ៍ជំនួញស្តីអំពីការបង្កើតថ្មី និងសហគ្រិនភាព នៅល្ងាចថ្ងៃព្រហស្បតិ៍ តែម្តង នៅសាលសន្និសីទ Marina Bay Sands។
ក្រសួងការបទេសក៏បានឱ្យដឹងដែរថា ពិធីទទួលលោកម៉ូឌី នឹងធ្វើជាផ្លូវការនៅថ្ងៃសុក្រ ហើយនៅថ្ងៃដដែលនេះ នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទៅទស្សនកិច្ចនៅសួនផ្កា Botanic ដែលជាសួនផ្កាដ៏ល្បីនៅប្រទេសសិង្ហបុរី ។ នៅទីនោះ ផ្កាអ័រគីដេ ជាច្រើននឹងត្រូវបានគេតម្រៀបចេញជាឈ្មោះ ដើម្បីផ្តល់កិត្តិយសដល់លោកម៉ូឌី។
កិច្ចការបន្ទាប់ លោកម៉ូឌី នឹងត្រូវគេអញ្ជើញទៅធ្វើបាឋកថា នៅវិទ្យាស្ថានអន្តរជាតិទី17 សម្រាប់ការសិក្សាយុទ្ធសាស្ត្រសន្តិសុខអន្តររដ្ឋាភិបាល។
ដំណើរទស្សនកិច្ចរបស់លោកម៉ូឌី នឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងជួយកសាងដៃគូយុទ្ធសាស្ត្រឥណ្ឌា-សិង្ហបុរី ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ2015 មកម៉្លេះ៕