ឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃសុក្រ ទី០1 ខែមិថុនា ឆ្នាំ2018 អាជ្ញាធរឥណ្ឌូណេស៊ី បានព្រមានដល់យន្តហោះដឹកអ្នកដំណើរទាំងឡាយ កុំហោះទៅជិតភ្នំ Merapi នៅតំបន់ Magelang ក្នុងខេត្ត Java ដែលកំពុងផ្ទុះឡើង កាលពីវេលាម៉ោង8ព្រឹក។
កម្អែរភ្នំភ្លើង Merapi បានផ្ទុះឡើងលើអាកាសកម្ពស់ 6គីឡូម៉ែត្រ ដែលជាក្តីបារម្ភសម្រាប់អ្នកភូមិរស់នៅក្បែរនោះ និងការធ្វើចរាចរណ៍ផ្លូវអាកាស។ នេះបើយោងទីភ្នាក់ងារព័ត៌មាន News Asia ចេញផ្សាយកាលថ្ងៃសុក្រ ទី01 ខែមិថុនា ឆ្នាំ2018។
អាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារព្រមានកម្រិតខ្ពស់បំផុតដល់យន្តហោះដឹកអ្នកដំណើរនានា កុំឱ្យហោះឆ្លងកាត់តំបន់ភ្នំភ្លើងនេះ។ កាលពីថ្ងៃទី24 ខែឧសភ កាន្លងទៅ ភ្នំភ្លើង Merapi បានផ្ទុះម្តងដែរ។
គួរជម្រាបថា ភ្នំភ្លើង Merapi ដែលស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មទាំង129 របស់ឥណ្ឌូណេស៊ី តែងតែបានផ្ទុះជាញឹកញយ ចាប់តាំងពីឆ្នាំ1948 មក ខណៈកាលពីខែវិច្ឆិកា ឆ្នាំ1994 វាបានផ្តាច់ជីវិតមនុស្ស27នាក់ ហើយហេតុការណ៍ផ្ទុះដ៏កក្រើកមួយទៀតរបស់វា ក៏ធ្លាប់បានកើតមានឡើងផងដែរ កាលពីឆ្នាំ2006៕