សេអ៊ូល ៖ កាលពីថ្ងៃអាទិត្យ ទី១០ ខែមិថុនា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរី រួចរាល់ហើយ រយៈពេល២ថ្ងៃមុនជំនួបប្រជុំប្រវត្តិសាស្ត្រលើកទីមួយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
សម្រាប់ជំនួបប្រជុំកំពូលនេះ មេដឹកនាំទាំងពីរនឹងលើកយករបៀបវារៈសំខាន់ចំនួនពីរ មកពិភាក្សាគ្នា គឺការលុបបំបាត់នុយក្លេអ៊ែរ និងយន្តការរក្សាសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ រួមនឹងបញ្ហាបន្ទាប់បន្សំផ្សេងៗទៀត។ នេះបើយោងទៅតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨។
ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា មេដឹកនាំកូរ៉េខាងជើងនិងអាមេរិក នឹងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ និងទូលាយលើការបង្កើតទំនាក់ទំនងទ្វេភាគីថ្មី ការបង្កើតយន្តការយូរអង្វែង ដើម្បីរក្សាសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ ការរំសាយអាវុធនុយក្លេអ៊ែរ និងបញ្ហាទាក់ទងផលប្រយោជន៍គ្នាទៅវិញទៅមក។
ទៅដល់សិង្ហបុរី ភ្លាម ប្រមុខដឹកនាំរបបក្រុងព្យុងយ៉ាង និងសហរដ្ឋអាមេរិក បានទៅជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោកលី សៀនឡុង ដែលជាម្ចាស់ផ្ទះ។
លោកគីម បានទៅដល់ព្រលានយន្តហោះអន្តរជាតិ Changi នៅរសៀលថ្ងៃទី១០ ខែមិថុនា ប៉ុន្មានម៉ោងមុនការចុះចតរបស់លោកត្រាំ។ មន្ត្រីរដ្ឋកូរ៉េខាងជើងសំខាន់ៗជាច្រើនបានអមដំណើរ លោកគីម ដូចជា លោកគីម យ៉ុងឈុល ដែលទទួលបន្ទុកចរចាជាមួយអាមេរិក កន្លងមក, រដ្ឋមន្ត្រីការបរទេស រី យ៉ុងហូ, រដ្ឋមន្ត្រីកងទ័ពប្រជាជន ណូក្វាង ឈុល ជាដើម។ លោកស្រីគីម យ៉ូចុង ប្អូនស្រីបង្កើតលោកគីម បានធ្វើដំណើរទៅសិង្ហបុរី ដែរ។
ដោយឡែក នៅថ្ងៃទី១១ ខែមិថុនា មន្ត្រីអាមេរិក និងកូរ៉េខាងជើង នឹងបន្តចរចាគ្នាមួយជុំទៀត ដើម្បីបង្កើតសេចក្តីព្រាងជំនួបកំពូលនេះ។ មន្ត្រីអាមេរិក ដឹកនាំដោយអគ្គរដ្ឋទូតប្រចាំហ៊្វីលីពីន សុង គីម បានជួបចរចាជាច្រើនលើករួចហើយ ជាមួយប្រតិភូកូរ៉េខាងជើង ដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស ឆេ ស៊ុនហ៊ី ប៉ុន្តែមិនទាន់មានផ្លែផ្កាអ្វីឡើយ។ បញ្ហាដែលនៅតែខ្វែងគំនិតគ្នា គឺមធ្យោបាយរំសាយនុយក្លេអ៊ែរតែម្តង៕