រហូតមកដល់ថ្ងៃចន្ទនេះ ក្រុមសង្គ្រោះកំពុងបន្តរុករកក្រុមកីឡាករបាល់ទាត់យុវជន ចំនួន១២នាក់ ដែលមានអាយុចន្លោះពី១១ឆ្នាំ ដល់១៦ឆ្នាំ ដែលត្រូវបានគេសង្ស័យថា ជាប់ក្នុងរូងភ្នំ នៅភាគខាងជើងប្រទេសថៃ។
គេមិនបានដឹងថា មូលហេតុអីបានជាគ្រូបង្វឹកនាំកីឡាករទៅទីនោះ អាជ្ញាធរថៃ បានជឿជាក់ថា ក្រុមកីឡាករទាំងនោះ និងគ្រូបង្វឹករបស់ពួកគេ បានចូលនៅក្នុងរូងភ្នំ Tham Luang Non នៅខេត្តឆៀងរ៉ៃ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
ក្រុមកីឡាករទាំងនោះ ជាប់គាំនៅក្នុងរូងភ្នំ បន្ទាប់ពីមានជំនន់ទឹកភ្លៀងលិចអូរ ដែលមានជម្រៅជាង៥ម៉ែត្រ នៅចំផ្លួវចូលទៅរូងភ្នំនោះ។
រូងភ្នំនេះមានប្រវែងរាប់គីឡូម៉ែត្រ គឺជាកន្លែងទាក់ទាញទេសចរ ។
ទាក់ទងទៅនឹងបញ្ហានេះ លោក Prawit Wongsuwan រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា លោកនៅតែមានសង្ឃឹមថា អ្នកបាត់ខ្លួនទាំងនោះនៅរស់រានមានជីវិត៕