វ៉ាស៊ីនតោន ៖ បើទោះជានៅក្នុងជំនួបប្រជុំកំពូលនៅសិង្ហបុរី កាលពីថ្ងៃទី12 ខែមិថុនា ឆ្នាំ2018 រវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានព្រមព្រៀងគ្នាបញ្ឈប់ផលិត និងបំផ្លាញអាវុធនុយក្លេអ៊ែរចោលទាំងស្រុងទៅហើយក្តី កាលពីថ្ងៃសៅរ៍ ទី30 ខែមិថុនា ឆ្នាំ2018 ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក មានការជឿជាក់ថា កូរ៉េខាងជើង បាននឹងកំពុងបង្កើនការផលិតប្រេងឥន្ធនៈសម្រាប់អាវុធនុយក្លេអ៊ែរនៅតាមទីតាំងសម្ងាត់ៗជាច្រើនកន្លែង ក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗចុងក្រោយនេះ ហើយបានព្យាយាមលាក់បាំងរឿងនេះ តាមរយៈការស្វែងរកសម្បទាននានា នៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ។
នេះបើយោងតាម សារព័ត៌មាន ជហាននលេ ណេសឹ សៅិា ចេញផ្សាយកាលនៅថ្ងៃសៅរ៍ ទី30 ខែមិថុនា ឆ្នាំ2018.
បណ្តាញសារព័ត៌មានដដែលនោះ បានដកស្រង់សម្តីមន្ត្រី ភ្នាក់ងារស៊ើបការសម្ងាត់សហរដ្ឋអាមេរិក ដោយលើកឡើងថា បន្ទាប់ពីវាយតម្លៃយ៉ាងល្អិតល្អន់ តាមភ្នាក់ងារស៊ើបអង្កេតផ្ទាល់ តាមរូបភាពដែលបានមកពីប្រព័ន្ធផ្កាយរណប បានសន្និដ្ឋានថា កូរ៉េខាងជើង មានទីតាំងនុយក្លេអ៊ែរសម្ងាត់ច្រើនជាងមួយកន្លែង ទីតាំងផលិតថាមពលឥន្ធនៈ និងគ្រឿងបរិក្ខារនុយក្លេអ៊ែរ នៅទីក្រុង Yongbyon។
មន្ត្រីចារកម្មអាមេរិក បានលើកឡើងទៀតថា មានភ័ស្តុតាងរឹងមាំ និងជាក់ច្បាស់ដែលកូរ៉េខាងជើង កំពុងតែបំភ័ន្តភ្នែកសហរដ្ឋអាមេរិក។
ការវាយតម្លៃររបស់ចារកម្មស៊ើបការណ៍សម្ងាត់អាមេរិក វាហាក់ដូចជាផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីលោកដូណាល់ ត្រាំ ដែលបានលើកឡើងកាលពីសប្តាហ៍មុនថា ក្រោយជំនួបប្រជុំ12 មិថុនា របបលោកគីម ជុងអ៊ុន បានបំផ្លាញទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ បាន4កន្លែងធំហើយ និងកំពុងដំណើរការបំផ្លាញចោលទីតាំងជាច្រើនទៀត ប៉ុន្តែមន្ត្រីនៅជុំវិញខ្លួនលោក បានច្រានចោលការលើកឡើងរបស់ដូណាល់ ត្រាំ។
កាលពីដើមសប្តាហ៍នេះ គម្រោងត្រួតពិនិត្យកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា កូរ៉េខាងជើង បានបង្កើនល្បឿនឧបករណ៍នុយក្លេអ៊ែរ ចាប់តាំងពីថ្ងៃទី6 ខែមិថុនា កន្លងមក។
ទាក់ទងទៅនឹងការលើកឡើងនេះ ក្រសួងការបរទេសអាមេរិក សុំមិនធ្វើអត្ថាធិប្បាយទៅលើបញ្ហាការសម្ងាត់នោះដែរ។ ចំណែកសេតវិមានវិញ មិនបានឆ្លើយតបចំពោះសំណើសុំឱ្យអត្ថាធិប្បាយលើបញ្ហានេះឡើយ៕