សម្រាប់ប្រតិបត្តិការថ្ងៃទី7 ក្នុងការរុករកអ្នកបាត់ខ្លួននៅក្នុងរូងភ្នំ Tham Luang Nang Non cave នៅខេត្តឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧបករណ៍ទំនើបៗជាច្រើន មានដូចជា យន្តហោះដ្រូន មនុស្សយន្ត កាមេរ៉ា ម៉ាស៊ីនខួងភ្នំ ម៉ាស៊ីនបូមទឹក ឆ្កែហិតក្លិន និងទាហានជើងទឹក ៣ប្រទេសរួមគ្នា មានអង់គ្លេស អាមេរិក និងថៃ កំពុងបន្តប្រតិបត្តិការរុករកយ៉ាងសកម្ម ចូលជ្រៅនៅក្នុងរូងភ្នំ ។
កាលពីថ្ងៃសៅរ៍ អ្នកមុជទឹកបានព្យាយាមចូលទៅដល់ចំណុចប្រសព្វអក្សរ “T” ដែលមានចម្ងាយប្រហែលជា2ទៅ3គីឡូម៉ែត្រ លើកំណាត់រូងផ្លូវ ដែលគេប៉ាន់ប្រមាណថា មានចម្ងាយចន្លោះពី៥ទៅ6គីឡូម៉ែត្រ ដែលត្រូវបានគេសង្ស័យថា ក្មេងៗកំពុងជាប់គាំងនៅទីនោះ។
នេះបើយោងតាមលោក Narongsak Osottanakorn អភិបាលខេត្តឈៀងរ៉ៃ បានឱ្យដឹងកាលពីថ្ងៃសៅរ៍។
អភិបាលខេត្តដដែលនោះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅថ្ងៃនេះ អំណោយផល ជាងថ្ងៃមុនៗ ដែលធ្វើឱ្យក្រុមអ្នករុករកបន្តដំណើរទៅមុខលឿនជាងមុន។
ចំណែកលោក Anmar Mirza គណៈកម្មការសម្របសម្រួលសង្គ្រោះរូងភ្នំ ជនជាតិអាមេរិក បានប្រាប់ទីភ្នាក់ងារ AFP ថា ក្មេងៗដែលជាអត្តពលិក មានកាយសម្បទាមាំមួននោះ អាចរស់នៅបានជាង១ខែ ដោយគ្មានអាហារ ប៉ុន្តែបញ្ហាប្រឈម គឺត្រូវដោះស្រាយបញ្ហាផ្លូវចិត្តជាមុនសិន។
កាលពីថ្ងៃសុក្រ ម្ហូបអាហារ ប៊ិក សៀវភៅ ទូរស័ព្ទ ផែនទី និងខិត្តប័ណ្ណផ្សេងៗ ត្រូវបានបណ្តែតចូលទៅក្នុងរូងភ្នំ ក្នុងគោលបំណង់បញ្ជូនទៅក្មេងៗទាំងនោះ។
រហូតមកទល់នឹងម៉ោង5ល្ងាច ថ្ងៃសៅរ៍ នៅតែគ្មានតម្រុយណាមួយឡើយ បើទោះជាក្រុមស្វែងរកប្រទះឃើញរូងថ្មីមួយទៀត ដែលជាសញ្ញាវិជ្ជមាន ដើម្បីចូលតាមរកអ្នកបាត់ខ្លួនទាំងនោះក្តី។
គួររំឮកថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្រុមកីឡាករក្មេង12នាក់ និងគ្រូបង្វឹកម្នាក់ បាននាំគ្នាចូលរូងភ្នំ ហើយក៏បាត់ខ្លួនរហូតមកដល់ពេលនេះ។ រូងភ្នំនេះមានចម្ងាយចន្លោះពី5-6គីឡូម៉ែត្រ ខែវស្សា ចាប់ពីខែមិថុនា ដល់ខែតុលា រូងភ្នំជារឿយៗ ត្រូវបានទឹកជន់លិច ដែលមានជម្រៅជាង5ម៉ែត្រ៕