បន្ទាប់ពីចំណាយពេលរុករកអស់រយៈពេល ៩ថ្ងៃ ទីបំផុតក្រុមសង្គ្រោះបានរកឃើញកីឡាករក្មេងៗ និងគ្រូបង្វឹកសរុប១៣នាក់ ដែលបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្នុងរូងភ្នំ Tham Luang កាលពីវេលាម៉ោង១០យប់ មិញនេះ ដោយសុវត្ថិភាព។
ពួកគេទាំង១៣នាក់ មានសុវត្ថិភាពទាំងអស់ តែសុខភាពរបស់ពួកគេធ្លាក់ចុះទ្រុឌទ្រោមបន្តិច ដោយសារតែគ្មានអាហារបរិភោគ។ នេះបើយោងតាមកាសែតថៃ The Nation ចេញផ្សាយកាលពីយប់ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
បើទោះជាមានប្រតិបត្តិការរុករកដោយអ្នកជំនាញខាងមុជទឹក មកពីប្រទេសចំនួន៤ មានអង់គ្លេស អាមេរិក អូស្ត្រាលី ចិន និងម្ចាស់ផ្ទះថៃ តែអ្នកដែលរកឃើញមុនគេ គឺជនជាតិអង់គ្លេស ២នាក់ ដែលពួកគេបានដល់កាលពីសប្តាហ៍មុន។
ទោះជារកឃើញក្តី តែត្រូវការពេលវេលាយ៉ាងហោចណាស់ ក៏ជិត១ខែ ដើម្បីនាំយកពួកគេចេញមកក្រៅវិញដោយសារតែស្ថានភាពផ្លូវចិត្ត និងសុខភាពរបស់ក្មេងៗទាំងនោះចុះខ្សោយ។ ជំនួយបន្ទាន់សម្រាប់ពួកគេ គឺអាហារ និងគ្រូពេទ្យ ដើម្បីព្យាបាលសុខភាពឲ្យពួកគេរឹងមាំជាមុនសិន។ ម្យ៉ាងវិញទៀត ក្មេងៗទាំងនោះត្រូវរៀនមុជទឹក ដើម្បីធ្វើដំណើរត្រឡប់មកវិញ។
លោកណារ៉ុង សាក់ អភិបាលខេត្តឈៀង រ៉ៃ បាននិយាយថា ប្រតិបត្តិការរុករក យើងទទួលបានជោគជ័យ តែអ្វីដែលប្រឈមមុខនោះ គឺប្រើប្រាស់ពេលវេលាក្នុងការនាំយកពួកគេត្រឡប់មវិញ។
ការនាំយកមកគឺអាស្រ័យទៅលើគ្រូពេទ្យជាអ្នកសម្រេច ថាតើពួកគេមានសុខភាពរឹងមាំ អាចធ្វើដំណើរត្រឡប់មកវិញបានពេលណា?
អ្នករុករកជនជាតិអង់គ្លេស បានរកឃើញអ្នកទាំងនោះ នៅចម្ងាយ៤០០ម៉ែត្រពីកន្លែងសង្ស័យល្អាងធំ ដែលឲ្យឈ្មោះឆ្នេរប៉ាតាយ៉ា។
ល្អាងធំចុងក្រោយដែលគេនិយមហៅថា ឆ្នេរប៉ាតាយ៉ា គឺជាកន្លែងដែលគេសង្ស័យថា ក្មេងៗកំពុងជាប់គាំងនៅទីនោះ។ បើគិតពីច្រកចូលទៅដល់ឆ្នេរប៉ាតាយ៉ា មានចម្ងាយផ្លូវចន្លោះពី៥ទៅ៦គីឡូម៉ែត្រ ខណៈព័ត៌មានខ្លះថា ១០គីឡូម៉ែត្រ។ រូងភ្នំនេះជានិច្ចកាល តែងតែជនលិចនៅក្នុងរដូវវស្ សាចាប់ពីខែមិថុនា ដល់តុលា ៕