ទឹកឃ្មុំ ជាគ្រឿងសម្អាងធម្មជាតិ ដែលផ្តល់ប្រយោជន៍ខ្ពស់ អាចយកមកប្រើក្នុងការថែបំប៉នសក់ ឱ្យមានភាពទន់រលាស់ និងមានសំណើមល្អ…។
១-ទឹកឃ្មុំ-ស៊ុតក្រហម ៖
-យកទឹកឃ្មុំ ៣ស្លាបព្រាបាយ មកកូរច្របល់លាយជាមួយស៊ុតក្រហម ២គ្រាប់។
-យកល្បាយទឹកឃ្មុំ និងស៊ុតក្រហមនេះ មកលាបបំពោកសក់ឱ្យសព្វ ទុកចោលប្រមាណ១ម៉ោង ។
-លាងសម្អាតចេញដោយទឹកស្អាត រួចកក់សក់តាមធម្មតា។
-ធ្វើតាមវិធីនេះ ១សប្តាហ៍ ១-២ដង នឹងជួយឱ្យសក់មានសំណើមល្អ។
២-ទឹកឃ្មុំ-ទឹក ៖
-យកទឹកឃ្មុំ ៣ស្លាបព្រាបាយ មកលាយជាមួយទឹកធម្មតា ២កែវ។
-យកល្បាយទឹកឃ្មុំ និងទឹកនេះ មកលាបបំពោកសក់ ឱ្យសព្វទុកចោល ប្រមាណ៣០នាទី។
-លាងសម្អាតចេញដោយទឹកស្អាត រួចកក់សក់តាមធម្មតា។
-ធ្វើតាមវិធីនេះ ១សប្តាហ៍ ១-២ដង នឹងជួយឱ្យសក់មានសំណើមល្អ។
៣-ទឹកឃ្មុំ-សាប៊ូកក់សក់ ៖
-យកទឹកឃ្មុំ ១ស្លាបព្រាបាយ មកលាយជាមួយសាប៊ូកក់សក់ ដែលអ្នកប្រើរាល់ថ្ងៃ ២ស្លាបព្រាបាយ កូរឱ្យចូលគ្នាសព្វ។
-យកល្បាយទឹកឃ្មុំ និងសាប៊ូកក់សក់នេះ មកកក់សក់តាមធម្មតា។
-លាងសម្អាតចេញដោយទឹកស្អាត។
-វិធីនេះអាចប្រើបានរាល់ពេលដែលអ្នកកក់សក់។
ទឹកឃ្មុំ នឹងជួយជួសជុលសក់ដែលខូចបំប៉ន សក់ឱ្យមានសុខភាពល្អ មានសំណើម រលើបរលោងស្អាត។
៤-ទឹកឃ្មុំ-ប្រេងអូលីវ ឬប្រេងដូង ៖
-យកទឹកឃ្មុំ ៤-៥ស្លាបព្រាបាយ (ឬប្រើបរិមាណសមល្មមនឹងសក់របស់មនុស្សម្នាក់ៗ) មកកូរច្របល់លាយជាមួយប្រេងអូលីវ ឬប្រេងដូង ២ស្លាបព្រាបាយ។
-យកល្បាយទឹកឃ្មុំ និងប្រេងអូលីវ ឬប្រេងដូងនេះ មកលាបបំពោកសក់ឱ្យសព្វ ទុកចោលប្រមាណ៣០នាទី។
-លាងសម្អាតចេញដោយទឹកស្អាត រួចកក់សក់តាមធម្មតា៕