Sunday, January 19, 2025
Homeវិជ្ជាមេផ្ទះវិធីជួយកូន រសាយពីក្តីកង្វល់ផ្សេងៗ

វិធីជួយកូន រសាយពីក្តីកង្វល់ផ្សេងៗ

ពុំមែនក្មេងមិនចេះតានតឹងអារម្មណ៍ឡើយ មានពេលខ្លះ ក្មេងអាចមានរឿងពិបាកចិត្ត។ ដូច្នេះ ជាឪពុកម្តាយត្រូវចេះជួយឱ្យកូនឆ្លងកាត់ក្តីបារម្ភផ្សេងៗបាន ។

-កុំព្យាយាមបំបាត់ក្តីកង្វល់កូន ៖

ប៉ុន្តែគួរជួយកូនកែខៃបញ្ហានោះ ព្រោះវិធីដែលជួយកូនដោះស្រាយកង្វល់បានល្អបំផុត  គឺឱ្យកូនចេះប្រឈមនឹងក្តីបារម្ភទាំងនោះ តាមដែលពួកគេអាចធ្វើបាន។ ប្រសិនធ្វើបានយូរៗ ទៅរឿងខ្វាយខ្វល់ទាំងឡាយ នឹងក្លាយជារឿងតូចរហូតអត់រឿងតែម្តង។

-កុំចៀសវាង ៖

ការជួយកូន ចៀសវាងរឿងដែលនាំក្តីកង្វល់ដល់កូន គ្រាន់តែជាការកែបញ្ហារយៈពេលខ្លីប៉ុណ្ណោះ ថែមទាំងអាចបង្កើនភាពធ្ងន់ធ្ងរឱ្យកាន់តែធំ។ ដូច្នេះ គួរជួយកូនក្នុងការកែខៃ។

-គិតក្នុងផ្លូវល្អ ធ្វើបាននិងសង្ឃឹមបាន ៖

ពុំគួរប្រាប់កូនថា រឿងដែលគួរឱ្យខ្លាច ឬក្តីកង្វល់នោះ មិនមានថ្ងៃកើតឡើង ដូចជា កូនមិនមានថ្ងៃប្រឡងធ្លាក់ ឬប្រឡងបានពិន្ទុតិចឡើយ។ ប៉ុន្តែ គួរបង្ហាញឱ្យកូនឃើញថា មិនមានរឿងអ្វីដែលកើតឡើងឡើយ ជឿថា កូននឹងចាត់ការបាន។

-គោរពអារម្មណ៍របស់កូន ៖

ការយល់ពីហេតុផលដែលកូនបង្ហាញអារម្មណ៍ចេញមក មិនមានន័យថា អ្នកយល់ស្របនឹងកូនឡើយ។ ដូចជា ប្រសិនកូនរករឿងមិនចង់ទៅរកគ្រូពេទ្យ អ្វីដែលឪពុកម្តាយគួរធ្វើ គឺស្តាប់កូន និងអត់ធ្មត់ ផ្តល់កម្លាំងចិត្ត ដើម្បីឱ្យកូនប្រឈមនឹងឆ្លងកាត់ក្តីកង្វល់ទាំងនោះបាន។

-កុំសួរបែបបន្ថែមភាពតានតឹង ៖

ផ្តល់កម្លាំងចិត្ត និងជំរុញឱ្យកូនប្រាប់ពីអារម្មណ៍ខ្លួនឯង ប៉ុន្តែកុំសួរ ដូចជាកូនកំពុងព្រួយរឿងកិច្ចការ ដែលត្រូវធ្វើឱ្យគ្រូមែនទេ? មកជាកូនមានគំនិតយ៉ាងណាចំពោះកិច្ចការនៅសាលា ជាដើម។

-កុំដាក់សម្ពាធឱ្យកូនកាន់តែខ្លាច ៖

ចៀសវាងពាក្យណែនាំដែលប្រើទឹកដមសំឡេងភាសា និងឥរិយាបថដាក់សម្ពាធ ព្រោះកាន់តែធ្វើឱ្យកូនមានអារម្មណ៍ខ្វាយខ្វល់កាន់តែខ្លាំង។

-ផ្តល់កម្លាំងចិត្ត ៖

ធ្វើឱ្យកូនដឹងជានិច្ចថា អ្នកសរសើរក្នុងការធ្វើកិច្ចការធ្ងន់លំបាករបស់កូន ត្រូវបង្ហាញឱ្យកូនឃើញថា កូនកាន់តែប្រឈមនឹងអារម្មណ៍ខ្លាចខ្លាំងប៉ុនណា  នោះក្តីបារម្ភរបស់កូននឹងថយចុះ។

-ព្យាយាមចាត់ការក្នុងអំឡុងពេលខ្លីបំផុត ៖

តាមធម្មតា នៅពេលខ្វាយខ្វល់ ឬខ្លាចក្នុងរឿងអ្វីមួយ អំឡុងពេលពិបាកបំផុត គឺពេលមុននឹងជួប ឬមុនត្រូវធ្វើរឿងនោះ ដូចជា នៅពេលកូនខ្លាចការទៅជួបគ្រូពេទ្យតាមការណាត់ អ្វីដែលឪពុកម្តាយគួរធ្វើ គឺនិយាយរឿងនេះរហូតជិតដល់ពេលដែលត្រូវនាំទៅ ឬក្នុងពេលដែលឪពុកម្តាយឃើញថា គួរតែប្រាប់ ដោយត្រូវទុកពេលវេលាផ្តល់កម្លាំងចិត្ត ដើម្បីឱ្យកូនត្រៀមចិត្ត និងត្រៀមខ្លួនប្រឈមមុខ។

-ជួយជាគំនិតដល់កូន ៖

ពេលខ្លះការជួយដោះស្រាយការខ្លាច ឬព្រួយបារម្ភរបស់កូន អាចបានមកពីការជជែកសួរគំនិត យោបល់របស់កូន មុនហេតុការណ៍កើតឡើង ដើម្បីកូនបានស្វែងយល់ និងរៀបផែនការដោះស្រាយបាន។ ឧទាហរណ៍ ៖ ត្រូវទៅជួបពេទ្យធ្មេញសប្តាហ៍ក្រោយ អ្នកអាចបបួលកូនជជែក ឬសួរគំនិតយោបល់របស់កូនថា គេចង់ធ្វើបែបណាដើម្បីជួយគ្នាដោះស្រាយ ដោយកូនអាចរៀបផែនការចាត់ការដោយខ្លួនឯង ព្រោះមានពេលត្រៀមខ្លួន។

-ព្យាយាមរកវិធីល្អ ដើម្បីចាត់ការក្តីភ័យព្រួយ ៖

ឪពុកម្តាយមិនគួរធ្វើខ្លួនជាអ្នកជំនាញផ្នែកអារម្មណ៍តានតឹង ឬក្តីបារម្ភទេ ព្រោះរឿងទាំងនោះ មនុស្សធំក៏កើតមានដូចគ្នា និងជារឿងធម្មតា។ ដូច្នេះ គួរបើកឱកាសឱ្យកូនបានឃើញ បានដឹង និងស្វែងយល់ពីវិធីល្អបំផុត ក្នុងការចាត់ការជាមួយរឿងទាំងនោះ ដោយភាពស្ងប់សុខច្បាស់លាស់ និងមានអារម្មណ៍ល្អដែលបានឆ្លងកាត់ក្តីកង្វល់ ភាពភ័យខ្លាចនោះបាន។ ឪពុកម្តាយ គឺជាតួយ៉ាងនៃដំណើរជីវិតរបស់កូនបាន។ ដូច្នេះ វិធីណាដែលអ្នកប្រតិបត្តិ ទើបមានសារសំខាន់ចំពោះកូន និងការប្រើជីវិតបន្តរបស់ពួកគេ៕

RELATED ARTICLES