កាលពីថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩ ប៉ូលិសអូស្ត្រាលី កំពុងបើកការស៊ើបអង្កេតទៅលើកញ្ចប់សង្ស័យចំនួន១៤ ដែលត្រូវបានជនអនាមិកផ្ញើទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលប្រចាំប្រទេសអូស្ត្រាលី បើទោះជាកញ្ចប់ទាំងនោះ មិនបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សក៏ដោយ។
នៅក្នុងកញ្ចប់ទាំង១៤នោះ ក៏ត្រូវបានគេរាយការណ៍ឱ្យដឹងដែរថា ផ្ញើទៅកាន់ស្ថានទូតអាមេរិក និងអង់គ្លេស នៅក្នុងទីក្រុងមែលប៊ន និងការិយាល័យបរទេសចំនួនជាង១០ផ្សេងទៀត។
ប៉ូលិសសហព័ន្ធអូស្ត្រាលី កំពុងតែពិនិត្យទៅលើកញ្ចប់អនាមិកទាំងនោះ ដោយមានការចូលរួមពីអង្គការសង្គ្រោះបន្ទាន់ផងដែរ។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងថា យើងបានដោះស្រាយបញ្ហានេះរួចរាល់ហើយៗវាមិនមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែរកឃើញសារធាតុម៉្យាង ដែលដុតមិនងាយឆេះនៅក្នុងកញ្ចប់នោះ ប៉ុន្តែ គ្មានជាតិផ្ទុះនោះទេ។
ដូចគ្នានេះដែរ អ្នកនាំពាក្យស្ថានទូតណូវែលសេឡង់ដ៍ ក៏បានឱ្យដឹងថា បានរកឃើញសារធាតុស្រដៀងគ្នានេះដែរ៕