Saturday, January 25, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ស្តេចអុក

បរិយាយថ្ងៃនេះ ៖ ស្តេចអុក

បុរសរុស្ស៊ីម្នាក់ ជាប់ឯតទគ្គៈខាងអុកចត្រង្គ ត្រូវគេផ្តល់រហស្សនាមថា “ស្តេចអុក” គាត់មានសមត្ថភាពប្រកួតជាមួយជើងខ្លាំង២០នាក់ ដោយប្រើក្តារអុកចំនួន១០។ ស្តេចអុកនោះលេងតែម្នាក់ឯង ដើរអុកម្តងមួយៗ ទៅលើក្តារអុកទាំង១០ យកឈ្នះទាំងអស់ ដោយសារប្រព័ន្ធខួរក្បាលគាត់ខ្លាំងជាងកុំព្យូទ័រទៅទៀត។ ខណៈដែលលោកសម រង្ស៊ី មេធំជាងគេ “ប្រមូលកំហុសឱ្យខ្លួនគាត់ទទួលម្នាក់ឯង តទល់នឹង CPP ដែលសម្បូរធនធានមនុស្ស” ស្រាប់តែអឺរ៉ុប យកពន្ធអង្ករនោះ ស្រដៀងនឹងការលេងអុកម្នាក់ឯង តទល់នឹងជើងខ្លាំង១០នាក់ ដែល “នគរធំ” សូមលើករឿង “ក្រឡាអុក” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីជាង១០ឆ្នាំមុន “ស្តេចអុករុស្ស៊ី” ល្បីរន្ទឺពេញពិភពលោក ដោយគាត់មានសមត្ថភាពផ្តួលជើងខ្លាំងខាងអុកចត្រង្គ ១០នាក់ ដោយមានថតរូបបង្ហាញផង។ ក្តារអុកចំនួន១០ ត្រូវដាក់ហែៗគ្នលើតុ ហើយស្តេចអុកនោះ ដើរអុកម្តងមួយៗ និងលេងមិនដល់កន្លះម៉ោងផង គាត់អាចផ្តួលជើងខ្លាំងទាំង១០នាក់នោះ រហូតភ្ញាក់ផ្អើលពេញពិភពលោកថា មកពីគាត់មានខួរក្បាលអេឡិចត្រូនិក ឬខ្លាំងជាងម៉ាស៊ីនកុំព្យូទ័រទៅទៀត។

យុទ្ធសាស្ត្រនយោបាយ ក៏យ៉ាងនេះដែរ គឺពិភពលោកបានផ្តល់រហស្សនាមដល់សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថាជា “បុរសខ្លាំងនៅកម្ពុជា” ព្រោះសម្តេច “លេងអុកនយោបាយ” ឈ្នះគូប្រជែងរហូត បើគិតរយៈពេល៣៤ឆ្នាំ នៃការកាន់អំណាច។ ចុងក្រោយនេះ បក្សកាន់អំណាច (CPP) ប្រមូលយកអាសនៈរដ្ឋសភា មកកាន់កាប់ម្នាក់ឯង ១២៥លើ១២៥ ដោយផ្តួលគូប្រកួត១៩ ឱ្យបាក់របបខ្លបខ្លាច បន្ទាប់ពីផាត់អតីតបក្សប្រឆាំង (CNRP) ឱ្យនៅក្រៅសង្វៀនរួចមក។ “យុទ្ធសាស្ត្រឈ្នះ-ឈ្នះ” របស់បក្សកាន់អំណាច ក៏មិនខុសពី “ស្តេចអុក” នោះដែរ ដោយកាលនៅក្មេង មានសមត្ថភាពខ្ពស់ណាស់ ប៉ុន្តែនៅពេលស្តេចអុកនោះចាស់ទៅ ក៏បាត់ឈ្មោះក្នុង “ពិភពគុន” មិនដែលឃើញសារព័ត៌មានណារំឭកពីស្តេចអុករុស្ស៊ី នោះទៀតទេ។ ចំណុចនេះ អាចថា មកពីស្តេចអុកនោះ ភ្លាត់ស្នៀត “ចាញ់គេ” បាត់បង់រហស្សនាមល្បីរន្ទឺ ទើបលាក់មុខលែងបង្ហាញឱ្យគេឃើញ។

ឥឡូវលោកសម រង្ស៊ី “ប្រធានស្តីទី CNRP” ត្រូវបានតាៗញៀនកាហ្វេមួយចំនួន ដែលមិនចោលនិន្នាការប្រឆាំង ចាត់ទុកគាត់ថាជា “ស្តេចអុក” ជំនួសបុរសរុស្ស៊ី ទៅវិញ ធ្វើឱ្យយើងចាប់អារម្មណ៍ ក៏យកមកបង្ហាញនៅពេលនេះ។ នៅក្នុងតៀមកាហ្វេមួយកន្លែង នៅសង្កាត់បឹងទំពុន រាជធានីភ្នំពេញ មានតាញៀនកាហ្វេម្នាក់ និយាយមិនសំចៃមាត់ថា “លោកសម រង្ស៊ី អុកមួយក្តារហ្នឹង ផ្អើលពិភពលោក” តានោះបានទាំងពន្យល់ថា លោកសម រង្ស៊ី លេងល្បែងនយោបាយតែម្នាក់ឯង ខណៈដែលលោកកឹម សុខា កំពុងគ្មានសេរីភាព រីឯសហការីជាង១០០នាក់ទៀត រស់នៅរប៉ាតរប៉ាយ ភ្នែកសេកភ្នែកលលក នឹកកូន នឹកប្រពន្ធ។ លោកសម រង្ស៊ី បានទាមទារឱ្យ CPP ទម្លាក់កំហុសដាក់គាត់តែម្នាក់ កុំលេងស្នៀត “ខឹងគោ វាយរទេះ” និងព្រមានថា CPP ត្រូវប្រឈមជាមួយអន្តរជាតិ ក្នុងពេលឆាប់ៗនេះ។ គ្រាន់តែចូលដល់ឆ្នាំ២០១៩ភ្លាម ស្រាប់តែសហភាពអឺរ៉ុប សម្រេចយកពន្ធអង្ករនាំចូលពីកម្ពុជា បណ្តាលឱ្យបក្សកាន់អំណាច ខឹងសម្បាជាខ្លាំង។ កន្លងមក អ្នកនាំពាក្យ ធ្លាប់និយាយថា “អឺរ៉ុប មិនហ៊ានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនោះទេ” ប៉ុន្តែទំនងជា “ភ្លាត់ស្នៀតក្នុងការលេងអុក” បែរជាចាញ់ប្រៀបលោកសម រង្ស៊ី ជាជើងខ្លាំងខាងអុកជាង២០ឆ្នាំ។

តាញៀនកាហ្វេម្នាក់ទៀត លើកឡើងថា “លោកសម រង្ស៊ី អុកតែម្នាក់ឯង តទល់នឹង CPP ដែលមានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធតាំងពីលើដល់ក្រោម” ជាពិសេស មាន “ទីប្រឹក្សារាប់រយនាក់ គ្រប់មុខជំនាញ” បែរជាភ្លាត់ស្នៀត ឱ្យអឺរ៉ុប ដកការអនុគ្រោះពន្ធ ទៅតាមការចង់បានរបស់លោកសម រង្ស៊ី។ យុទ្ធសាស្ត្រអុករបស់លោកសម រង្ស៊ី អាចថា គាត់ធ្វើឱ្យឈ្មួញប្រមូលទិញស្រូវ “ទម្លាក់តម្លៃស្រូវ” ឬថាធ្វើឱ្យស្រូវចុះថោក ទើបអាចផលិតអង្ករនាំចេញ ដោយបង់ពន្ធធ្ងន់ក។ កាលបើស្រូវធ្លាក់ថ្លៃ ប្រជាកសិករនឹងបាក់កម្លាំងចិត្ត លែងចង់ធ្វេ្វីស្រែ ក៏នាំគ្នាតវ៉ាឱ្យរដ្ឋាភិបាល “ទប់តម្លៃស្រូវ” ឬថា ត្រូវបញ្ចោញថវិកាទប់ទល់បញ្ហានេះ។ ជួនកាលអ្នកតវ៉ា អាចប្រឈមនឹងការបង្ក្រាបពីសមត្ថកិច្ចថែមទៀត ហើយអាចនឹង “ធ្វើចំណាកស្រុក” ចោលដីស្រែឱ្យស្មៅដុះក៏ថាបាន បើសិនជាយុវវ័យធ្វើចំណាកស្រុកស្ងាត់ភូមិ ហើយចាស់ៗកម្លាំងខ្សោយ មិនអាចប្រឡូកក្នុងភក់ផុង ដកស្ទូង ច្រូតកាត់បាន។

ដូច្នេះយើងឃើញថា ទស្សនៈតាៗញៀនកាហ្វេខាងលើ ដែលមាននិន្នាការប្រឆាំងនោះ យើងគួរយកមកពិចារណាដែរ និងយល់ថា “ក្បាច់អុក បើលេងដដែលៗ មិនឈ្នះគេទេ” អ៊ីចឹងហើយ ទើបលោកសម រង្ស៊ី ប្រើយុទ្ធសាស្ត្រ “ធ្វើបាតុកម្ម” ផង និង “ផ្លុំត្រចៀកអាមេរិក អឺរ៉ុប” ផង។ អ្នកនាំពាក្យ CPP ធ្លាប់លើកឡើងថា “សម រង្ស៊ី ជាខ្ញុំកញ្ជះបរទេស” ស្រេចតែគេញាក់ ប៉ុន្តែករណីលោកសម រង្ស៊ី អាចបង្វិលអឺរ៉ុប ឱ្យយកពន្ធអង្ករនោះ អាចថា “ខ្ញុំកញ្ឆោះគនោះ អាចបង្គាប់ចៅហ្វាយនាយបាន”។ លុះមានបញ្ហា បើ CPP បន្ទោសលោកសម រង្ស៊ី មិនចំណេញទេ ព្រោះថា គាត់ជា “ទណ្ឌិត” ប្រឈមនឹងការចាប់ខ្លួន លុះត្រាតែ CPP “ប្រឹងដោះជំពាក់ខ្លួនឯង” ទើបបាន។ កន្លងមក លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់លើកឡើងថា “អត់ឆ្លើយដាក់អាណាទៀតទេ” ដោយគាត់បង្ហាញហេតុផលថា CNRP ត្រូវរលាយជាខ្មោចទៅហើយ បន្ទោសខ្មោចយ៉ាងម៉េច? អ៊ីចឹងបើអឺរ៉ុប ដកប្រពន្ធអនុគ្រោះពន្ធ បើឆ្លើយដាក់ពពួកខ្មោចនោះ អត់ចំណេញទេ។ ចំណែកលោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក៏បានលើកឡើងថា “ខ្លាអាស៊ីពិតប្រាកដ គឺវៀតណាម” ពោលគឺវៀតណាម ចាំតែកៀរគរយកចំណេញពីកម្ពុជា រហូត។ បើយកសម្តីបណ្ឌិតបញ្ញវន្តទាំងពីររូប បូកបញ្ចូលគ្នា រវាង “អត់ឆ្លើយដាក់អាណាទៀតទេ” និង “ខ្លាអាស៊ី គឺវៀតណាម” ហាក់កំពុងចូលក្នុងក្រឡាអុករបស់លោកសម រង្ស៊ី តែម្តង។ បើអ៊ីចឹងរហស្សនាម “ស្តេចអុក” ដែលដាក់ឱ្យបុរសរុស្ស៊ី កាលពីជាង១០ឆ្នាំមុននោះ ជួនកាលអន្តរជាតិ អាចយកមកដាក់ឱ្យលោកសម រង្ស៊ី ក៏ថាបាន ព្រោះគេឃើញគាត់អុកនយោបាយតែម្នាក់ឯង តទល់ជាមួយ CPP សម្បូរធនធានមនុស្ស មិនខ្វះទីប្រឹក្សាគ្រប់មុខជំនាញ បែរជារបូតប្រព័ន្ធអនុគ្រោះពន្ធនាំអង្ករចេញ។

យើងមិនសរសើរលោកសម រង្ស៊ី នោះទេ ដោយមើលឃើញក្រឡាអុករបស់គាត់ “ធ្វើឱ្យប្រជាកសិកររំជើបរំជួល” ជួនកាលនាំគ្នារត់ចោលដីស្រែស្ងាត់ភូមិ ប៉ុន្តែក្បាច់អុករបស់គាត់ ឆ្ពោះទៅក្រឡាហ្នឹងទៅហើយ បើ CPP លេងតែក្បាច់ដដែលៗ អាចភ្លាត់ស្នៀតចាញ់ប្រៀបជើងខ្លាំង ដែលធ្លាប់ចាញ់រាល់អាណត្តិនោះ។ ដូចអ្វីដែលយើងលើកឡើងពី “ស្តេចអុករុស្ស៊ី” អាចផ្តួលជើងខ្លាំង១០នាក់ កាន់ក្តារអុក១០ ចំណែកលោកសម រង្ស៊ី អុកតែឯង ជាមួយ CPP អាចធ្វើឱ្យសមាជិកព្រឹទ្ធសភាអាមេរិក ស្តាប់គាត់ ចំណែកសហភាពអឺរ៉ុប ក៏ធ្វើតាមគាត់នោះ ពិតជាមិនធម្មតាទេ។

សរុបទៅ “ស្តេចអុក” ជារហស្សនាមបុរសរុស្ស៊ី កាលពីជាង១០ឆ្នាំមុន ប៉ុន្តែពេលនេះ ក្រឡាអុកនយោបាយនៅកម្ពុជា មើលទៅស្រដៀងនឹងការលេងអុករបស់ស្តេចអុកនោះ។ ជារឿងគួរឱ្យសោកស្តាយណាស់ ដែលបក្សកាន់អំណាច មានទីប្រឹក្សា គ្រប់មុខជំនាញរាប់មិនអស់ បែរជាបណ្តោយឱ្យលោកសម រង្ស៊ី អុកបានករណីយកពន្ធអង្ករនោះ។ ហេតុនេះ ដើម្បីទប់ស្កាត់កុំឱ្យតាៗញៀនកាហ្វេ ឬអន្តរជាតិ ដាក់ឈ្មោះលោកសម រង្ស៊ី ថាជា “ស្តេចអុក” គួរតែ CPP ប្រើ “ក្បាច់ពិសេស” ឈប់ប្រើក្បាច់ដដែលៗ ដើម្បីដណ្តើមយករហស្សនាម “ស្តេចអុក” មកជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញទើបល្អ…៕

RELATED ARTICLES