ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នៅក្នុងពេលដែលសម្ដេចកំពុងកាន់អំណាចនេះ សម្ដេចមិនអនុញ្ញាតឱ្យមានរដ្ឋប្រហារជាដាច់ខាត។ ដូច្នេះ កងទ័ពមានតួនាទីសំខាន់ទប់ស្កាត់កម្ទេចរាល់អំពើទាំងឡាយ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ជាពិសេស ត្រូវកម្ទេចក្រុមឧទ្ទាមទីក្រុង និងឧទ្ទាមព្រៃ ឬពួកភេរវកម្ម…។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំ ថ្ងៃកំណើតនៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើនផងដែរ។ ក្រៅពីនោះ ក៏មាននាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនបានយកមកបង្ហាញក្នុងពិធីនេះផងដែរ។
សម្តេចហ៊ុន សែន បានបញ្ជាក់ក្នុងពិធីនោះថា កងទ័ពមានតួនាទីសំខាន់កម្ទេចរាល់អំពើទាំងឡាយ ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត និងកងទ័ពមិនអាចអព្យាក្រឹតជាបក្សនយោបាយជាមួយរដ្ឋបានទេ។
នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានមានប្រសាសន៍ថា “ខឿនការពារជាតិ កងទ័ពការពារប្រជាជន គឺប្រជាជនម្នាក់ កងទ័ពម្នាក់។ ប្រទេសនេះ ជាប្រទេសរបស់ប្រជាជនយើងទាំងអស់គ្នា ដើម្បីប្រជាជនយើង។ កងទ័ពត្រូវចូលរួមប្រឆាំងការជួយញដូរមនុស្ស គ្រឿងញៀនចោរកម្ម ភេរវកម្ម បដិវត្តពណ៌ចូលរួមបំផ្លាញចោល និងរក្សាឲ្យប្រទេសយើងមានសន្តិភាព ទោះបីចំណាយប៉ុន្មានក៏ដោយ”។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ទៀតថា “ប្រទេសមួយចំនួនបដិវត្តន៍បានសម្រេច ដោយសារការអព្យាក្រឹតកងទ័ព។ នៅពេលណាកម្លាំងដែលមិនស្របច្បាប់ ត្រូវកម្ទេចចោល មិនចាំបញ្ជា ស្លាប់មនុស្ស៤ ឬ៥នាក់ ប្រសើរជាងស្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់”៕