Monday, November 25, 2024
Homeនយោបាយសម្តេច​ហ៊ុន សែន​ ប្រកាសថា កងទ័ព​ត្រូវ​កម្ទេចក្រុម​ឧទ្ទាម​ទីក្រុង ​និង​ឧទ្ទាម​​ព្រៃ

សម្តេច​ហ៊ុន សែន​ ប្រកាសថា កងទ័ព​ត្រូវ​កម្ទេចក្រុម​ឧទ្ទាម​ទីក្រុង ​និង​ឧទ្ទាម​​ព្រៃ

ភ្នំពេញ​ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ​​នៅ​ក្នុង​ពេលដែលសម្ដេចកំពុង​កាន់​អំណាចនេះ សម្ដេច​មិន​អនុញ្ញាត​ឱ្យ​​មាន​រដ្ឋប្រហារ​ជា​ដាច់ខាត។ ដូច្នេះ កងទ័ព​មានតួ​នាទី​សំខាន់ទប់ស្កាត់កម្ទេច​រាល់​អំពើ​ទាំងឡាយ ​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ជាពិសេស ត្រូវកម្ទេចក្រុមឧទ្ទាមទីក្រុង និងឧទ្ទាមព្រៃ ឬពួកភេរវកម្ម…។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប២០ឆ្នាំ ថ្ងៃកំណើតនៃបញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីតំណាងអង្គទូតនានា ព្រមទាំងមន្ត្រីសេនានុព័ន្ធយោធារបស់បណ្តាប្រទេសជាច្រើនផងដែរ។ ក្រៅពីនោះ ក៏មាននាយទាហាន ពលទាហាន អមដោយយុទ្ធោបករណ៍ទំនើបៗជាច្រើនបានយកមកបង្ហាញក្នុងពិធីនេះផងដែរ។

សម្តេច​ហ៊ុន សែន បាន​បញ្ជាក់ក្នុងពិធីនោះថា កងទ័ពមានតួនាទីសំខាន់កម្ទេចរាល់​អំពើ​ទាំងឡាយ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ​ដែល​កើតឡើង​ដោយ​ការ​បោះ​ឆ្នោត​ និង​ក​ង​ទ័ព​មិន​អាច​អ​ព្យា​ក្រឹត​ជា​បក្ស​នយោ​បាយ​ជាមួយ​រដ្ឋ​បាន​ទេ​។

នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានមានប្រសាសន៍ថា “ខឿន​ការពារ​ជាតិ ​កង​ទ័ព​​ការពារ​ប្រជាជន​ គឺ​ប្រជាជន​ម្នាក់ ​កងទ័ព​ម្នាក់​។​ ប្រទេស​នេះ​ ជា​ប្រទេស​របស់​ប្រជាជន​យើង​ទាំងអស់​គ្នា​ ដើម្បី​ប្រជាជន​យើង​។​ កងទ័ព​ត្រូវ​ចូលរួម​ប្រឆាំង​ការ​ជួយ​ញ​ដូរ​មនុស្ស គ្រឿងញៀន​ចោរកម្ម ភេរវកម្ម បដិវត្តពណ៌​ចូលរួម​បំផ្លាញ​ចោល​ និង​រក្សា​ឲ្យ​ប្រទេស​យើង​មាន​សន្តិភាព​ ទោះបី​ចំណាយ​ប៉ុន្មាន​ក៏​ដោយ​”។

សម្តេច​ហ៊ុន សែន បានមានប្រសាសន៍ទៀត​ថា​ “ប្រទេស​មួយ​ចំនួន​បដិវត្តន៍​បាន​សម្រេច ​ដោយសារ​ការ​អ​ព្យា​ក្រឹត​កងទ័ព​។ ​នៅ​ពេល​ណា​កម្លាំង​ដែល​មិន​ស្របច្បាប់ ត្រូវ​កម្ទេច​ចោល ​មិន​ចាំ​បញ្ជា ស្លាប់​មនុស្ស​៤ ​ឬ​៥​នាក់ ​ប្រសើរ​ជាង​ស្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់ និងរាប់​លាន​នាក់​”៕

RELATED ARTICLES