ភ្នំពេញៈ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានហៅបញ្ហាដីធ្លី ជាជម្ងឺដីធ្លីកំពុងលាប់ឡើងវិញ ដោយសារតែប្រព័ន្ធរដ្ឋបាលគ្រប់គ្រងដែនដីខូច មិនព្រមជួលជុល។
លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ថា “ ជំងឺដីធ្លីកំពុងលាប់ជម្ងឺឡើងវិញ ដោយសារតែប្រព័ន្ធរដ្ឋបាលគ្រប់គ្រងដែនដី error ដោយមិនព្រមជួសជុល ហើយម្យ៉ាងវិញទៀត មេរោគប្រភេទដីសម្បទានសេដ្ឋកិច្ចកំពុងវាយលុកយ៉ាងខ្លាំង ដោយហេតុថា មានពួកអ្នកខិលខូច រត់ការយកដីរដ្ឋ និងច្បាមដល់ដីប្រជាពលរដ្ឋ ដោយគ្មានមេត្តា ក្នុងរូបភាពអាជ្ញាប័នអភិវឌ្ឍន៍ ប៉ុន្តែនៅមានចំណុចសំខាន់មួយទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខដោយសារជម្លោះដីធ្លី គឺថា មេឃុំ មេស្រុក មេខេត្តមួយចំនួន បានក្លាយទៅជាអ្នកគួកជេដីធ្លីផងដែរ ក្រៅពីក្លាយជាឈ្មួញដីធ្លី មេឃុំ មេស្រុក មេខេត្តមួយចំនួន ក៏បានប្រើសិទ្ធិអំណាចរបស់ខ្លួនក្នុងផ្លូវខុស ដោយចេញនូវលិខិតកាន់កាប់ដីធ្លីបណ្តោះអាសន្នជាន់លើគ្នា ឬដោយឯកតោភាគីតែម្តង ចំណុចខាងលើទាំងអស់នេះ ជាហេតុធ្វើឲ្យសង្រ្គាមដីធ្លីផ្ទុះឡើងជាបន្តបន្ទាប់ ដោយមិនអាចពន្លត់បាន។ បើចង់ឲ្យជំងឺដីធ្លីជាសះស្បើយ គឺមានតែជួសជុលប្រព័ន្ធគ្រប់គ្រងដែនដីឡើងវិញ ផ្អែកលើការកំណត់អំណាចថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការចេញនូវលិខិតកាន់កាប់ដីធ្លី និងកែទម្រង់ប្រភេទផ្តល់អាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ចឲ្យមានភាពសុចរិតនិយម ដោយចុះសិក្សានូវភូមិសាស្រ្តឲ្យច្បាស់លាស់ មុននឹងផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនណាមួយធ្វើការអភិវឌ្ឍន៍នោះ “ ។
សំណេររបស់លោកពេជ្រ ស្រស់ បានផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ហិង្សា កាលពីថ្ងៃទី២៤ មករា ឆ្នាំ២០១៩ ដែលសមត្ថកិច្ចចម្រុះបានចុះបាញ់បង្ក្រាប និងចាប់ខ្លួនពលរដ្ឋចំនួន៦នាក់ ដែលតវ៉ាការចុះអនុវត្តសាលដីកាតុលាការកំពូល លើដីវិវាទមួយកន្លែងជាមួយឧកញ៉ាឈ្មោះ ស៊ីវ គង់ទ្រីវ នៅទីតាំងក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
ពលរដ្ឋមានជម្លោះដីធ្លី ដែលរងការបង្ក្រាបដោយសមត្ថកិច្ចចម្រុះទាំងនោះ បានហៅការបាញ់បង្ក្រាបពលរដ្ឋ ជាអំពើឃោរឃៅ មិនអាចទទួលយកបាន ឬមិនសមជាមន្ត្រីបម្រើពលរដ្ឋ។ ដូច្នេះពួកគាត់អំពាវនាវឲ្យសមត្ថកិច្ចបញ្ឈប់សកម្មភាពនេះ ហើយផ្ដល់ឱកាសឲ្យពួកគាត់មានតំណាងត្រឹមត្រូវ ដើម្បីចរចារកដំណោះស្រាយដោយសន្តិវិធី ។
ទោះបីយ៉ាងណា លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ ”នគរធំ” ថា រាជរដ្ឋាភិបាល មិនលើកទឹកចិត្តឲ្យប្រឆាំងជាមួយនឹងអាជ្ញាធរ ប្រឆាំងនឹងតុលាការនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋអាចតតាំងតាមរយៈតុលាការ តាមរយៈរដ្ឋសភា ឬក៏តាមនាយករដ្ឋមន្រ្តី ៕