Monday, November 25, 2024
Homeនយោបាយលោកពេជ្រ ស្រស់ ៖ ជំងឺដីធ្លីលាប់ឡើងវិញ

លោកពេជ្រ ស្រស់ ៖ ជំងឺដីធ្លីលាប់ឡើងវិញ

ភ្នំពេញៈ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានហៅបញ្ហាដីធ្លី ជាជម្ងឺដីធ្លីកំពុងលាប់ឡើងវិញ ដោយសារតែប្រព័ន្ធរដ្ឋបាលគ្រប់គ្រងដែនដីខូច មិនព្រមជួលជុល។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ថា “ ជំងឺដីធ្លីកំពុងលាប់ជម្ងឺឡើងវិញ ដោយសារតែប្រព័ន្ធរដ្ឋបាលគ្រប់គ្រងដែនដី error ដោយមិនព្រមជួសជុល ហើយម្យ៉ាងវិញទៀត មេរោគប្រភេទដីសម្បទានសេដ្ឋកិច្ចកំពុងវាយលុកយ៉ាងខ្លាំង ដោយហេតុថា មានពួកអ្នកខិលខូច រត់ការយកដីរដ្ឋ និងច្បាមដល់ដីប្រជាពលរដ្ឋ ដោយគ្មានមេត្តា ក្នុងរូបភាពអាជ្ញាប័នអភិវឌ្ឍន៍ ប៉ុន្តែនៅមានចំណុចសំខាន់មួយទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខដោយសារជម្លោះដីធ្លី គឺថា មេឃុំ មេស្រុក មេខេត្តមួយចំនួន បានក្លាយទៅជាអ្នកគួកជេដីធ្លីផងដែរ ក្រៅពីក្លាយជាឈ្មួញដីធ្លី មេឃុំ មេស្រុក មេខេត្តមួយចំនួន ក៏បានប្រើសិទ្ធិអំណាចរបស់ខ្លួនក្នុងផ្លូវខុស ដោយចេញនូវលិខិតកាន់កាប់ដីធ្លីបណ្តោះអាសន្នជាន់លើគ្នា ឬដោយឯកតោភាគីតែម្តង ចំណុចខាងលើទាំងអស់នេះ ជាហេតុធ្វើឲ្យសង្រ្គាមដីធ្លីផ្ទុះឡើងជាបន្តបន្ទាប់ ដោយមិនអាចពន្លត់បាន។ បើចង់ឲ្យជំងឺដីធ្លីជាសះស្បើយ គឺមានតែជួសជុលប្រព័ន្ធគ្រប់គ្រងដែនដីឡើងវិញ ផ្អែកលើការកំណត់អំណាចថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការចេញនូវលិខិតកាន់កាប់ដីធ្លី និងកែទម្រង់ប្រភេទផ្តល់អាជ្ញាបណ្ណដីសម្បទានសេដ្ឋកិច្ចឲ្យមានភាពសុចរិតនិយម ដោយចុះសិក្សានូវភូមិសាស្រ្តឲ្យច្បាស់លាស់ មុននឹងផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនណាមួយធ្វើការអភិវឌ្ឍន៍នោះ “ ។

សំណេររបស់លោកពេជ្រ ស្រស់ បានផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ហិង្សា កាលពីថ្ងៃ​ទី​២៤ មករា ឆ្នាំ២០១៩ ដែលសមត្ថកិច្ចចម្រុះបាន​ចុះ​បាញ់​បង្ក្រាប និង​ចាប់​ខ្លួន​ពលរដ្ឋ​ចំនួន​៦នាក់ ដែល​តវ៉ា​ការ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល លើ​ដី​វិវាទ​មួយ​កន្លែងជាមួយ​ឧកញ៉ាឈ្មោះ ស៊ីវ គង់ទ្រីវ នៅ​ទីតាំង​ក្បែរ​វត្ត​អូរត្រេះ ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។

ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី ដែល​រង​ការ​បង្ក្រាបដោយ​សមត្ថកិច្ច​ចម្រុះទាំងនោះ បានហៅ​ការ​បាញ់​បង្ក្រាប​ពលរដ្ឋ​ ជា​អំពើ​ឃោរឃៅ ​មិន​អាច​ទទួល​យក​បាន ឬមិន​​សមជា​មន្ត្រី​បម្រើ​ពលរដ្ឋ។ ដូច្នេះពួកគាត់អំពាវនាវឲ្យ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​នេះ  ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​មាន​តំណាង​ត្រឹមត្រូវ ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ។

ទោះបីយ៉ាងណា លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ ”នគរធំ” ថា រាជរដ្ឋាភិបាល មិនលើកទឹកចិត្តឲ្យប្រឆាំងជាមួយនឹងអាជ្ញាធរ ប្រឆាំងនឹងតុលាការនោះទេ  ក៏ប៉ុន្តែប្រជាពលរដ្ឋអាចតតាំងតាមរយៈតុលាការ តាមរយៈរដ្ឋសភា ឬក៏តាមនាយករដ្ឋមន្រ្តី ៕

RELATED ARTICLES