Monday, November 25, 2024
Homeនយោបាយបញ្ហា EBA និង GSP មានសំណូមពរសម្តេចហ៊ុន សែន កុំឱ្យរបូត១ឆ្នាំ ១០០០លានដុល្លារ

បញ្ហា EBA និង GSP មានសំណូមពរសម្តេចហ៊ុន សែន កុំឱ្យរបូត១ឆ្នាំ ១០០០លានដុល្លារ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ កសិករ កម្មករ សហភាពសហព័ន្ធសហជីព មន្ត្រីរាជការសង្គមស៊ីវិល មជ្ឈដ្ឋានតាមដានសង្គម និងជាពិសេស អ្នកប្រើប្រាស់បណ្តោញសង្គមហ្វេសប៊ុក បានធ្វើការសំណូមពរទៅដល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យពិចារណាឱ្យបានច្បាស់លាស់ ទាក់ទងនឹងបញ្ហា EBA និង GSP ដោយធ្វើយ៉ាងណាកុំឱ្យរបូត ព្រោះបើរបូតនឹងនាំកម្ពុជា ខាតបង់ក្នុង១ឆ្នាំ ១០០០លានដុល្លារ។

គណនីហ្វេសប៊ុកឈ្មោះ “Mao Chandara” បានសរសេរនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “ខ្ញុំបាទសូមសំណូមពរមកសម្តេចនាយករដ្ឋមន្ត្រី មេត្តាធ្វើម៉េចកុំឱ្យរបូត EBA និង GSP ទាំងពីរនេះ ពីព្រោះលុយអនុគ្រោះពន្ធសម្រាប់ប្រជាជាតិខ្មែរយើងនេះ ប្រមាណ១០០០លានដុល្លារ, ឆ្នាំដែរ គឺឃើញថាច្រើនណាស់។ សម្តេច នឿយហត់នឹងការងារខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំបាទសូមគោរពជូនពរសម្តេច នូវសុខភាពរឹងមាំល្អប្រសើរសម្រាប់ដឹកនាំជាតិខ្មែរ។ (ដោយក្តីគោរព និងមេត្តាអនុគ្រោះដល់ខ្ញុំបាទផងចុះ) EBA = 676M$/year (offered by EU) GSP=~400M$/year(offered by USA) EU=28 countries

EBA= Everything But  Arms

GSP=Generalized System Of Preferences”។

លោកសាស្ត្រាចារ្យ ទួស សុភឿន បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកនៅ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩  ថា “អស់លោកបណ្ឌិត គួររៀនវិភាគឱ្យចំណេញដល់ជាតិផង ទើបហៅថា បណ្ឌិតពិតប្រាកដ បណ្ឌិតបទពិសោធន៍ បណ្ឌិតកិត្តិយស នាំជាតិឱ្យចម្រើន។ សូមកុំនាំសម្តេច ឱ្យធ្លាក់ទឹក គួរជាទីប្រឹក្សាល្អ ជូនសម្តេច ឱ្យទទួលជោគជ័យក្នុងផ្លូវនយោបាយ និងចម្រើនដល់សេដ្ឋកិច្ចជាតិ (ចំណេញទាំង២) ទើបហៅថា បណ្ឌិត។

គ្រាន់តែយើងគិតបែបក្មេង ក៏ដឹងថា មាន EBA គឺធ្វើឱ្យយើងចំណេញដែរ ហេតុអីក៏អស់លោកថា ពេលគេដក EBA ចេញធ្វើឱ្យយើង ចំណេញដល់ទៅ៥ចំណុចទៅវិញ អត់យល់។

បច្ចុប្បន្ននេះ EBA មានកញ្ចប់លុយជិត១ពាន់លាន ក្នុង១ឆ្នាំៗ បានដោយទទេៗ មិនបាច់ខំ ១ខែ ចំណូលជិត១០០លាន ទៅរកឯណាបាន គេយកមកដាក់ក្នុងហោប៉ៅយើងទទេៗ ឬចង់ទៅខ្ចីចិនវិញ ខ្ចីម្តងបានប៉ុន្មាន តើចិនឱ្យយើងខ្ចីបានប៉ុន្មានឆ្នាំទៀត? ត្រឹមប្រទេសវៀតណាម មានសេដ្ឋកិច្ចប្រសើរជាងយើង នៅចង់បាន EBA ទៀត ចុះប្រទេសយើងមាន EBA ស្រាប់ហើយ ហេតុអីយើងមិនខំរក្សាវាទុក?

យោបល់ចុងក្រោយរបស់ខ្ញុំ ៖ មានជម្រើស អាចដោះស្រាយបាន ធ្វើឱ្យចំណេញទាំងនយោបាយ និងសេដ្ឋកិច្ចជាតិ។ បើលោកបណ្ឌិត ទាល់គំនិតហើយ ចង់ដឹងធ្វើយ៉ាងណានោះ អាចឆាតមកសួរយោបល់ខ្ញុំ តាម Personal Account ខ្ញុំ”។

ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ថា សម្រាប់លោក វាមិនមែនជាសំណូមពរ តែជាកិច្ចការដែលសមហេតុផល ដែលកម្ពុជា គួរតែរក្សា EBA  ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះនៅក្នុងអន្តរកាលនេះ កម្ពុជា មិនទាន់បាត់បង់ទេ កម្ពុជា នៅមានឱកាសអាចជជែក ចរចា ហើយកែលម្អស្ថានការណ៍ ដើម្បីតម្រូវតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សា EBA និង GSP។

លោកព្រាប កុល បានមានប្រសាសន៍ថា “ហ្នឹងហើយ! ខ្ញុំថា ជាកិច្ចការដែលសំខាន់ ហើយសមហេតុសមផល ដែលកម្ពុជា មិនគួរបាត់បង់ EBA នៅក្នុងថ្ងៃហ្នឹងទេ។ បើបាត់នៅពេលក្រោយ ពេលដែលកម្ពុជា ហ្នឹងមាន ក្លាយទៅជាប្រទេសមានជីវភាពធូរធារ អាហ្នឹងរឿងមួយផ្សេងទៀតហើយ ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះ យើងមិនគួរឱ្យកម្ពុជា បាត់បង់ EBA និង GSP ទេ”។

លោកព្រាប កុល បន្តថា “សម្រាប់ប្រទេសយើងដែលកំពុងតែងើបពីភាពក្រីក្រ យើងទើបតែងើបចេញពីនៅក្នុងការដាក់ចំណាត់ថ្នាក់ជា ប្រទេសមានកម្រិតចំណូលមធ្យម។ ដូច្នេះសម្រាប់ប្រទេសដូចយើងនេះ ជួយបានច្រើនណាស់ ក្នុងការបន្ធូរបន្ថយ ធ្វើឱ្យវិស័យកាត់ដេរយើងនេះ មានការប្រកួតប្រជែងនៅលើទីផ្សារអឺរ៉ុប។ មានន័យថា អ្នកដែលគាត់វិនិយោគនៅស្រុកខ្មែរហ្នឹង គាត់អាចមានឱកាសក្នុងការប្រកួតប្រជែង ដោយសារគាត់មិនត្រូវបង់ពន្ធ។ អ៊ីចឹងទៅ គាត់មានប្រាក់ចំណេញសមរម្យរបស់គាត់ អាចធ្វើឱ្យគាត់វិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនិងផ្តល់ប្រាក់ខែ ប្រាក់ឧបត្ថម្ភសមរម្យដល់ប្រជាពលរដ្ឋដែរ។ សរុបទៅ បើ EBA និង GSP ហ្នឹងរបូតទៅ ខ្ញុំថា វាប៉ះពាល់ដល់វិស័យជាច្រើន មានដូចជាវិស័យកាត់ដេរ ហើយពេលដែលប៉ះពាល់ដល់វិស័យកាត់ដេរ ឧបមាថា កម្មករ-កម្មការិនីរោងចក្រហ្នឹង គាត់បាត់បង់ការងារ អ៊ច៊ីងឹវាប៉ះពាល់ដល់អីទៀត? វាប៉ះពាល់មីក្រូហិរញ្ញវត្ថុ ព្រោះអីពួកគាត់ភាគច្រើន ហ្នឹងជំពាក់លុយមីក្រូហិរញ្ញវត្ថុដែរ។ អ៊ីចឹងអត់មានប្រាក់ខែ អត់មានអីសងដល់មីក្រូហិរញ្ញវត្ថុ វាប៉ះដល់មីក្រូហិរញ្ញវត្ថុទៀត វាប៉ះពាល់ដល់អ្នកដែលគាត់មានមុខរបរ ដូចជាលក់ដូរនៅជិតៗរោងចក្រ អ្នកដែលគាត់រកស៊ីជួលផ្ទះឱ្យកម្មករ-កម្មការិនីនោះ ក៏ប៉ះពាល់ដល់អាជីវកម្មរបស់គាត់ទៀត ហើយអ្វីដែលខ្ញុំបារម្ភ នៅពេលដែលកម្មការិនីអត់មានការងារ ខ្ញុំគិតថា គាត់ប្រហែលជាមិនត្រឡប់ទៅស្រុកស្រែចម្ការវិញទេ មើលទៅ ខ្ញុំគិតថា ភាគច្រើន គាត់ប្រាកដជានៅផ្តុំគ្នានៅភ្នំពេញ ហ្នឹង ព្យាយាមរកការងារធ្វើ។ ដល់ពេលគាត់រកការងារធ្វើ ហើយទីផ្សារការងារចង្ពៀត គាត់ភាគច្រើនមិនដឹងទៅណា អាចទៅរកការងារដែលមិនសូវសមរម្យ”។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ បានបញ្ជាក់ថា តាមពិតទៅ បើនិយាយពីសំណូមពរខាងកម្មករ ក៏ដូចជារបស់ថ្នាក់ដឹកនាំសហជីព រួមទាំងពលរដ្ឋ គឺសំណូមពរយ៉ាងទទូចដល់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យពិចារណាទាក់ទងនឹងបញ្ហា EBA ព្រោះ EBA ពិតជាសំខាន់ សម្រាប់ស្រុកខ្មែរមែនទែន។

អ្នកស្រីយ៉ាង សោភ័ណ បានមានប្រសាសន៍ថា “ជាការពិត បងប្អូនកម្មករយើងរស់បាន ដោយសារតែវិស័យកាត់ដេរហ្នឹង បើកាលណាវិស័យកាត់ដេរត្រូវបាត់បង់ អ្នកដែលរងគ្រោះ មានកម្មករ ឬប្រជាពលរដ្ឋដែលមកធ្វើកម្មករ។ ដូច្នេះសម្រាប់ពួកខ្ញុំ ទាំងកម្មករ ទាំងពលរដ្ឋ សូមសំណូមពរដល់ប្រមុខរដ្ឋាភិបាល ពិចារណាឡើងវិញ ព្រោះលុយ១០០០លានដុល្លារ ក្នុង១ឆ្នាំ សម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងការអនុគ្រោះពន្ធ គឺជាចំណុចសំខាន់ បើរបូតបាត់បង់ យើងពិតជារងគ្រោះធំហើយ”។

ទោះជាយ៉ាងណា លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ “នគរធ” នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដែរថា អ្នកដែលសំណូមពរទាំងអស់នោះ ត្រូវត្រឡប់ទៅស្តាប់លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលធ្វើវេទិកាតុមូលនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលគាត់បានធ្វើប្រព្រឹត្តកម្ម សម្រាប់ឆ្លើយតបនឹងការចូលរួមចំណែកនៃទីផ្សារអន្តរជាតិនេះ ហើយការប្រឹងប្រែងរបស់សម្តេចនាយករដ្ឋមន្ត្រី គឺការពារបងប្អូនប្រជាពលរដ្ឋហ្នឹងឯង ដោយគ្មានគំនិតអាក្រក់ដូចពួកដែលខំប្រឹងឱ្យបរទេសដាក់សម្ពាធ ឬឱ្យផ្តាច់ EBA នោះទេ។

លោកផៃ ស៊ីផាន បានមានប្រសាសន៍ថា “ឥឡូវនេះ ដើម្បីកែខ្លួន គេថា សុំឱ្យសម្តេចវិញ ដែលធ្វើយ៉ាងណាកុំឱ្យរបូត គួរតែនាំគ្នានិយាយទៅរកសម រង្ស៊ី ទៅ រាជរដ្ឋាភិបាលមានវិធានការគ្រប់បែបយ៉ាង ដើម្បីបន្តកិច្ចគាំពារនៃដំណើការអ្វីរបស់កម្មកររបស់យើង ក៏ដូចជាអ្នករកទទួលទាន នាំអីវ៉ាន់ចេញទៅអឺរ៉ុបនេះឯង។ ប្រជាពលរដ្ឋ លោកយល់ច្បាស់ តាមសហជីព ក៏គាត់យល់ ពីព្រោះដំណើរការ ប្រជាពលរដ្ឋនៅដដែល ដែលយើងមានកញ្ចប់ថវិកាសម្រាប់ជួយសម្រួល ហើយនិងស្វែងរកទីផ្សារសម្រាប់ជួយដោះស្រាយរឿងហ្នឹង ហើយចំពោះកន្លែងខ្លះ ការខ្លះ ដែលយើងរៀបចំថ្មីហ្នឹង គឺអាចទទួលបានប្រាក់ ច្រើនជាងទៅសហគមន៍អឺរ៉ុប នោះឯង។ អ៊ីចឹងនៅតែសំណូមពរនៅខាងរដ្ឋលេខាធិការ ដែល លោកបានបកស្រាយប្រាប់ពីទ្រង់ទ្រាយហើយ និងការឆ្លើយតបនៃឥទ្ធិពល EBA នេះឯង”។

លោកផៃ ស៊ីផាន បន្តថា “មានអ្នកយក EBA ធ្វើជាមូលដ្ឋាននយោបាយតែប៉ុណ្ណោះ មិនមានគំនិតឯណាឯកទេសក្នុងការជួយកម្មករ-កម្មការិនីយើងនោះទេ តាមអ្វីដែលខ្ញុំវាយតម្លៃ គឺគ្រាន់តែជាភ័យខ្លួន រុញច្រានឱ្យ EBA ផ្តាច់ ក៏ប៉ុន្តែការឆ្លើយតបរបស់រាជរដ្ឋាភិបាលយើង អត់ឈឺក្បាល ព្រោះយើងដឹងថា យើងរស់តទៅមុខទៀត ហើយយើងដឹងមានវិធានក្នុងការដោះស្រាយ ដូចដែលបានពន្យល់ប្រាប់របស់ ឯកឧត្តមរដ្ឋលេខាធិការ មកពីខាងក្រសួងពាណិជ្ជកម្ម។ ឥឡូវក្រុមខាងណោះ យករឿងហ្នឹងយកមកទម្លាក់មកលើសម្តេចវិញ។ ដូច្នេះ សំណូមពរខ្ញុំឱ្យអ្នកទាំងអស់នោះកុំមកនិយាយដាក់បន្ទុកមកលើរាជរដ្ឋាភិបាល ពីព្រោះរាជរដ្ឋាភិបាល ធ្វើសព្វគ្រប់បែបយ៉ាងរួចស្រេចទៅ ហើយៗយើងក៏មិនទៅលន់តួ លុតជង្គង់ជាមួយនឹងក្រុមណាដែលចង់មាក់ងាយ ចង់ត្រួតត្រាកម្ពុជា នោះទេ គឺកម្ពុជា រក្សាសិទ្ធិសេរីភាពរបស់ខ្លួន ហើយយើងសុំឱ្យស្នងការនៃសហភាពអឺរ៉ុប ហ្នឹងពិនិត្យមើលអំពីច្បាប់ទម្លាប់ដែលយើងបានចុះហត្ថលេខានៃសេចក្តីព្រមព្រៀងបំពេញកម្មវិធីនេះសាជាថ្មីម្តងទៀត ពីព្រោះការធ្វើហ្នឹង បានជ្រៀតជ្រែកទៅរំលោភលើសេចក្តីទុកចិត្តរវាងភាគីទាំងពីរ ឱ្យខាងហ្នឹងមើលអា ច្បាប់ហ្នឹងវិញ មិនមែនយករឿងហ្នឹងជានយោបាយសម្រាប់ដើរតួមកបង្អាប់ ឬមកឈ្លានពានរាជរដ្ឋាភិបាល អត់ទេ សុំឱ្យអនុវត្តច្បាប់ហ្នឹងតែប៉ុណ្ណឹងទៅ យើងអរគុណរួចស្រេចទៅហើយ”។

ដោយឡែក ក្នុងវេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកអារណុដ ដាក (Arnaud Darc) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham) បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវតែសរសេរលិខិតទៅកាន់គណៈកម្មការអឺរ៉ុប ដោយពន្យល់ពីផលប៉ះពាល់នានា ទាក់ទងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ជាពិសេស ប្រជាពលរដ្ឋ និងវិនិយោគិនទាំងអស់ ក្នុងប្រទេសកម្ពុជា មានចំណែកក្នុងការទទួលខុសត្រូវលើរឿងនេះ ព្រោះលោកមានការព្រួយបារម្ភ ក្រោយពេលដែលគណៈកម្មការអឺរ៉ុប ចាប់ផ្តើមដំណើរការនីតិវិធី ជាផ្លូវការ ដែលអាចឈានទៅដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នាឆ្នាំ២០២០ ខាងមុខនេះ។ សេចក្តីសម្រេចនេះ អាចជាគ្រោះភ័យដល់កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពាណិជ្ជកម្ម រវាងកម្ពុជា និងអឺរ៉ុប នាពេលកន្លងមក និងទៅថ្ងៃអនាគត ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា ទាំងមូលផងដែរ។

លោក Arnaud DARC បានឱ្យដឹងក្នុងកិច្ចពិភាក្សាដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងពាណិជ្ជកម្ម នោះថា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវដកចេញពីកម្ពុជា នោះ គ្រប់គ្នាត្រូវតែទទួលខុសត្រូវចំពោះបញ្ហានេះ។ ដូច្នេះដើម្បីជម្នះ ដំណាក់កាលដែលគណៈកម្មការអឺរុប កំពុងតែពិចារណាពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ គ្រប់ភាគីទាំងអស់ និងសូម្បីតែពលរដ្ឋកម្ពុជាផ្ទាល់ ត្រូវតែប្រឹងប្រែងប្រឆាំងទាំងអស់គ្នា តាមរយៈការសរសេរលិខិតទៅកាន់សហភាពអឺរុប ពន្យល់ថាតើ EBA សំខាន់ខ្លាំង ប៉ុនណាដល់សង្គម និងសេដ្ឋកិច្ចរបស់ពលរដ្ឋកម្ពុជា ទាំងមូល?

លោក Arnaud Darc បានមានប្រសាសន៍នៅពេលនោះថា “ខ្ញុំពិតជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះដំណើរការនេះ ដែលជាសញ្ញាអវិជ្ជមានផ្នែកទីផ្សារដល់អ្នកដែលចង់មកវិនិយោគក្នុងឆ្នាំ២០១៩ នេះ ហើយលទ្ធភាពនៃការឈានទៅដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងឆ្នាំ២០២២ នឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ការងារប្រជាពលរដ្ឋរាប់សែននាក់ ដែលភាគច្រើនជាស្ត្រី។ ប្រជាពលរដ្ឋទូទៅ វិនិយោគិន និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងប្រទេសកម្ពុជា អាចប្រឆាំងជំទាស់នៅនឹងដំណើរការត្រួតពិនិត្យប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងដំណាក់កាលកំពុងពិចារណានេះបាន តាមរយៈសរសេរលិខិតពន្យល់នៅកាន់គណៈកម្មការអឺរ៉ុប ពីផលប៉ះពាល់នានាមកលើប្រជាពលរដ្ឋ និងសេដ្ឋកិច្ច ប្រទេសកម្ពុជាទាំងមូល។ លិខិតទាំងនោះ អាចផ្ញើផ្ទាល់ទៅកាន់គណៈកម្មការអឺរ៉ុប ឬតាមរយៈសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា។ នេះជាទំនួលខុសត្រូវទាំងអស់គ្នា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានដកចេញពីកម្ពុជា អ្នកទាំងអស់គ្នាក៏មានចំណែកផងដែរ ដូច្នេះត្រូវតែរួមគ្នាដោះស្រាយ“។

លោក Arnaud Darc បានមានប្រសាសន៍ បន្ថែមថា “ការដក EBA ពីកម្ពុជា មិនមែនមានន័យថា កម្ពុជា មិនអាចនាំទៅអឺរ៉ុបនោះទេ ប៉ុន្តែតម្លៃនៃការនាំចេញនឹងកើនឡើង១២ភាគរយ ដែលស្មើ៦រយលានដុល្លារ ពេលនោះ ពួកគេនឹងមើលទៅប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម បង់ក្លាដេស ឬភូមា ថា មានតម្លៃប៉ុនណា ថ្លៃជាង ស្មើ ឬថោកជាង កម្ពុជា ប្រសិនបើគុណភាពដូចគ្នា តម្លៃថោក ជាងពួកគេនឹងជ្រើសរើសយកប្រទេសជិតខាងទាំងនេះ”។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប បានប្រកាសផ្តើមជាផ្លូវការនូវដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា បន្ទាប់ពីបានព្រមានអំពីការរំលោភបំពានសិទ្ធិមនុស្ស។ នីតិវិធីនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ដែលមានរយៈពេល១៨ខែ ត្រូវរាប់ចាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ តទៅ ពោលគឺជាថ្ងៃដែល គណៈកម្មការអឺរ៉ុប ចុះផ្សាយនូវសេចក្តីសម្រេចនៃនីតិវិធីនេះជាសាធារណៈ។ នីតិវិធីទាំងនោះ រួមមាន ដំណាក់កាលទីមួយ មានរយៈពេល៦ខែ គឺជាពេលវេលាសម្រាប់តាមដានប្រមូលព័ត៌មាន និងចរចាជាមួយភាគីរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទីពីរ មានរយៈ៦ខែ ដោយចែកចេញជាពីរផ្នែក គឺ៣ខែ សម្រាប់សរសេររបាយការណ៍ និង៣ខែទៀត សម្រាប់ស្តាប់ចម្លើយតបពីភាគីកម្ពុជា និងឈានទៅសម្រេចថា តើសហភាពអឺរ៉ុប ត្រូវព្យួរ ឬមិនព្យួរ EBA។ ដំណាក់កាលចុងក្រោយ ប្រសិនបើសហភាពអឺរ៉ុប សម្រេចព្យួរ EBA គេត្រូវទុកពេល៦ខែទៀត ទើបសេចក្តីសម្រេចនេះ ចូលជាធរមាន។

សូមជម្រាបដែរថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ពោលគឺមានទំហំប្រមាណ៤៥ភាគរយ នៃផលិតផលនាំចេញរបស់កម្ពុជា កាលពីឆ្នាំ២០១៨ កន្លងទៅ។ នៅក្នុងនោះ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង គឺមានចំណែកទីផ្សារធំបំផុតនៃផលិតផលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។

បច្ចុប្បន្ន ក្រុមហ៊ុនអឺរ៉ុប ដែលកំពុងរកស៊ីក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ៣៥០ក្រុមហ៊ុន ហើយការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានទំហំទឹកប្រាក់ប្រមាណ ៥ប៊ីលានដុល្លារអាមេរិក៕ កុលបុត្រ

RELATED ARTICLES