ខេត្តសៀមរាប ៖ នគរបាលចរាចរណ៍ខេត្តសៀមរាប បានសម្រេចដកហូតម៉ូតូ៩គ្រឿងជាបណ្តោះអាសន្ន បន្ទាប់ពីម្ចាស់ហាងនៅតែបន្តជួលឱ្យជនបរទេសបើកបរដោយខ្លួនឯង។
លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា យោងតាមលិខិតជូនដំណឹងរបស់អាជ្ញាធរខេត្ត ពីការកំណត់សិទ្ធិចំពោះជនបរទេស ដែលបើកបរយានយន្តគ្រប់ប្រភេទ បានសម្រេចធ្វើការដកហូតម៉ូតូចំនួន៩គ្រឿង ជាបណ្តោះអាសន្ន។ នេះគឺបន្ទាប់ពីម្ចាស់អាជីវកម្មមួយចំនួន នៅតែបន្តជួលឱ្យជនបរទេស បើកបរដោយខ្លួនឯង ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

លោកនាយការិយាល័យរូបនេះ បានបញ្ជាក់ថា ម៉ូតូទាំង៩គ្រឿងខាងលើ បច្ចុប្បន្នត្រូវបាននាំទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់។ កន្លងទៅ នគរបាលចរាចរណ៍ ធ្លាប់ឃាត់ម៉ូតូជាច្រើនគ្រឿងដែលភ្ញៀវជួល តែត្រូវខាងលោកប្រគល់ឱ្យវិញ ក្នុងរយៈពេល១សប្តាហ៍។ លើកនេះ រាល់ម៉ូតូដែលឃាត់បាន នឹងត្រូវដកយកមកទុក និងសុំយោបល់ពីអាជ្ញាធរខេត្តសិន ទើបប្រគល់ឱ្យវិញ។ ចំពោះម៉ូតូកង់៣ ដែលភ្ញៀវជិះកម្សាន្តនោះ គឺគេមានច្បាប់របស់គេដោយមានមគ្គុទេសក៍ជាអ្នកនាំផ្លូវត្រឹមត្រូវ។ តែក៏មិនអនុញ្ញាតិឱ្យភ្ញៀវជិះម៉ូតូកង់បីដោយខ្លួនឯង ដោយគ្មានអ្នកនាំផ្លូវនោះដែរ។

លោកជឹម សុវណ្ណ បានអះអាងថា ចាប់ពីពេលនេះខាងលោកនឹងសហការជាមួយមន្ទីរសាធារណការ ដើម្បីធ្វើការរឿងនេះឱ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងតំបន់ទេសចរណ៍ផងដែរ។
សូមរំលឹកថា កាលពីអណ្តិតលោកឃឹម ប៊ុនសុង ជាអភិបាលខេត្ត ក៏បានចេញលិខិតមួយឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាត់វិធានការ និងហាមប្រាមមិនឱ្យភ្ញៀវបរទេសបើកបរដោយខ្លួនឯងនោះដែរ។ ការធ្វើបែបនេះ គឺដើម្បីធានាបានសុវត្ថិភាពជូនពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរណ៍បរទេស៕