Tuesday, April 30, 2024
Homeព័ត៌មានជាតិទៅជាមួយប្អូនប្រុស... ប្រពន្ធកូនស្រែកយំ

ទៅជាមួយប្អូនប្រុស… ប្រពន្ធកូនស្រែកយំ

ខេត្តព្រះវិហារ ៖ ករណីភ្ញាក់ផ្អើល មានបុរសម្នាក់ទើបមកពីចម្ការដល់ផ្ទះ ឃើញប្រពន្ធអត់មានម្ហូប ក៏បានរាយខ្សែភ្លើងចេញទៅឆក់ត្រីនៅត្រពាំងទឹកខាងក្រោយផ្ទះ ជាមួយនឹងប្អូនប្រុសម្នាក់ទៀត បំណងយកត្រីមកឱ្យប្រពន្ធធ្វើម្ហូបហូប ដឹងអី! ស្រាប់តែភ្លាត់ស្នៀត ក៏បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអធ័ម កាលពីវេលារសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត។

បុរសរងគ្រោះ មានឈ្មោះខុម ទា អាយុ២៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធ និងកូនប្រុសចំនួន២នាក់ និងមានស្រុកកំណើតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត តែបច្ចុប្បន្នមករស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានទើបនឹងត្រឡប់មកពីស្រែវិញ លុះមកដល់ ផ្ទះឃើញប្រពន្ធអត់ទាន់មានម្ហូប ក៏បាននាំប្អូនប្រុសម្នាក់ទៀត រាយខ្សែភ្លើងចេញពីផ្ទះ បំណងទៅឆក់ត្រីនៅត្រពាំងទឹកខាងក្រោយផ្ទះចំងាយ ប្រមាណ៧០ម៉ែត្រ លុះក្រោយពេល រាយខ្សែភ្លើងទៅដល់មាត់ត្រពាំង មិនទាន់បានចុះឆក់ត្រីផង ក៏ស្រាប់តែកាន់ចំមុខតំណខ្សែភ្លើង បណ្តាលឱ្យ ឆ្លងចរន្តអគ្គិសនី ឆក់ជនរងគ្រោះដេកដួលនៅនឹងកន្លែងតែម្តង។ ភ្លាមៗនោះ ប្អូនប្រុសជនរងគ្រោះដែលចេញទៅឆក់ត្រីជាមួយគ្នា បានស្រែកឆោឡោប្រាប់ឱ្យក្រុមគ្រួសារ ដកឌុយភ្លើងចេញ រួចក៏នាំគ្នាជួយសង្គ្រោះបឋមភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្ត អគ្គិសនីឆក់ប្រាកដមែន ដោយសារតែជនរងគ្រោះរាយខ្សែភ្លើងឆក់ត្រី ដោយខ្វះការប្រុងប្រយ័ត្ន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់ឱ្យគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES