ភ្នំពេញ ៖ ការនាំចេញរបស់កម្ពុជានាឆ្នាំនេះ មានកំនើន១០ភាគរយធៀបរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ដោយទំហំទឹកប្រាក់បានកើនឡើងដល់ជាង៤.៥៧លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតត្រឹមរយៈ ពេល៦ខែដើមឆ្នាំនេះ ទំហំនៃការនាំចេញរបស់កម្ពុជាបានកើនឡើងខ្ពស់ ដោយផលិតផលសម្រាប់នាំចេញភាគច្រើន ជាសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងគ្របដែលគ្របដណ្តប់ការនាំចេញសរុបរហូតដល់៧៩ភាគរយ ស្មើនឹងទំហំទឹកប្រាក់៣.៤៦លានដុល្លារអាមេរិក និងការនាំចេញផលិតផលដទៃទៀតដូចជា អង្ករ កៅស៊ូ ព្រមទាំងផលិតផលកសិកម្មដទៃទៀតក៏មានការកើនឡើងផងដែរ។
ទន្ទឹមនឹងកំណើននៃការនាំចេញនេះ កម្ពុជាក៏បានបង្ហាញសមត្ថភាពរបស់ខ្លួនកាន់តែល្អប្រសើរលើការផលិតក្នុងស្រុកផងដែរ។
ជាក់ស្តែងយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា គិតត្រឹមរយៈពេល៦ខែដើមឆ្នាំនេះ ការនាំចូលផលិតផល ពីបរទេសមកកាន់កម្ពុជាមានកំនើន៨ភាគរយប៉ុណ្ណោះ គឺថយចុះប្រមាណ២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឯកឧត្តមប៉ាន សូស័ក្តិបានថ្លែងថា ក្រសួងបាននិងកំពុងលើកទឹកចិត្តដល់ផលិតករក្នុងស្រុក និងកំពុងខិតខំស្វែងរកទីផ្សារសម្រាប់ជួយអ្នកផលិតក្នុងស្រុក ដើម្បីអាចធ្វើការនាំចេញផលិតផលរបស់ពួកគេទៅកាន់បរទេសបន្ថែមទៀត ដើម្បីបង្កើនប្រជាប្រិយភាពផលិតផលខ្មែរលើទីផ្សារអន្តរជាតិ។
ឯកឧត្តមវង្សី វុស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការនាំចូលផលិតផលពីបរទេសមកកម្ពុជា ពិតជាបានថយចុះ ដោយជំនួសវិញនូវផលិតផលក្នុងស្រុក ដែលនេះបង្ហាញពីភាពរឹងមាំនៃផលិតកម្មក្នុងស្រុក ដែលធ្វើឲ្យ ការធ្វើពាណិជ្ជកម្ម និងវិស័យសេវាកម្មនៅកម្ពុជាមានការកើនឡើង ឆ្លើយតបតាមកំនើនសេដ្ឋកិច្ច ដែលកម្ពុជានឹងទទួលបាន៧ភាគរយនៅឆ្នាំនេះ និងបន្តកំនើនយ៉ាងរឹងមាំសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ។
លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងថា បច្ចុប្បន្នសហគ្រាសក្នុងស្រុកពិតជាបានពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីផលិតផលិតផលធ្វើការចែកចាយក្នុងទីផ្សារ ជាលទ្ឋផលការនាំចូលពីប្រទេសថៃ និងវៀតណាមមកកម្ពុជាត្រូវបានកាត់បន្ថយ ដោយសារអ្នកផលិតក្នុងស្រុកអាចផលិតផលិតផល កាន់តែមានគុណភាព និងទទួលយកបាន។លោកបន្តថា ទោះជាយ៉ាងណាវិស័យSMEនៅកម្ពុជា ចង់ឲ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាទប់លំហូរទំនិញពីបរទេស តាមរយៈការដាក់របាំងពន្ឋគយ ជាជាងឲ្យទំនិញពីបរទេសហូរចូលដោយសេរី ដែលលំហូរបែបនេះជាការសំលាប់អ្នកផលិតក្នុងស្រុក។
គង់ លាងហួរ