Tuesday, April 30, 2024
Homeព័ត៌មានជាតិឡានផ្ទុះកង់ក្រឡាប់ ស្លាប់អ្នកដាក់អង្គប់កណ្តុរ នៅកណ្តាលស្រែ

ឡានផ្ទុះកង់ក្រឡាប់ ស្លាប់អ្នកដាក់អង្គប់កណ្តុរ នៅកណ្តាលស្រែ

ខេត្តសៀមរាប ៖ បុរសម្នាក់កំពុងអង្គុយដាក់អង្គប់កណ្តុរនៅកណ្តាលស្រែ ក្បែរចិញ្ចើមផ្លូវ ស្រាប់តែអកុសល ត្រូវរថយន្ត១គ្រឿង បើកក្នុងល្បឿនលឿន រួចក៏ផ្ទុះកង់ បណ្តាលឱ្យធ្លាក់ផ្លូវក្រឡាប់ រួចផ្លោងមកបុកបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្តាលស្រែ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦ ត្រង់ចំណុចព្រំប្រទល់ ឃុំសសរស្តម្ភ និងឃុំព្រៃជ្រូក ស្ថិតក្នុងភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក។

បុរសរងគ្រោះដែលអង្គុយដាក់អង្គប់កណ្តុរកណ្តាលស្រែ បែរជាត្រូវរថយន្តផ្លោងទៅបុកស្លាប់ មានឈ្មោះស៊ុង ស៊ីណា អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក។ ចំណែករថយន្តបង្កម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់ 2B-6669 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះស៊ុង ស៊ីណា បានដើរទៅដាក់អង្គប់កណ្តុរ នៅវាលស្រែចំណុចកើតហេតុខាងលើ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ឃើញរថយន្តតាកូម៉ាខាងលើ បើកបរពីទិសខាងកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តក៏ស្រាប់តែបានផ្ទុះកង់មុខខាងឆ្វេង ទើបធ្វើឱ្យរេចង្កូតធ្លាក់ផ្លូវ រួចក្រឡាប់ផ្លោងទៅបុកជនរងគ្រោះ ដែលកំពុងដាក់អង្គប់កណ្តុរកណ្តាលស្រែ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ចំណែកកូនរបស់ម្ចាស់រថយន្តម្នាក់ បានទទួលរងរបួសផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាប្រពៃណី៕

RELATED ARTICLES