Saturday, April 20, 2024
Homeព័ត៌មានជាតិអគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ បំភ្លឺ​ការ​ដំឡើង​ពន្ធ ផ្លូវ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់

អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ បំភ្លឺ​ការ​ដំឡើង​ពន្ធ ផ្លូវ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់

ភ្នំពេញ ៖ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ បានសម្រេចធ្វើការដំឡើងថ្លៃពន្ធផ្លូវ លើរថយន្ត ដឹកទំនិញធុនធ្ងន់ នៅក្នុងឆ្នាំ២០១៦ នេះ ម្ចាស់ យានយន្តប្រភេទដឹកទំនិញធុនធ្ងន់ នៅតាម បណ្តាខេត្តមួយចំនួន បានបញ្ចោញនូវប្រតិកម្ម តវ៉ាឱ្យរក្សាតម្លៃការបង់ពន្ធនៅឆ្នាំ២០១៦ នេះ ឱ្យដូចឆ្នាំចាស់ឆ្នាំ២០១៥។ ចំណែកអគ្គនាយកដ្ឋានពន្ធដារ បានសំអាងលើហេតុផលថា  ការដំឡើងប្រាក់ពន្ធនេះ ធ្វើឡើងដោយសារ រថយន្តដឹកទំនិញធុនធ្ងន់ទាំងនោះ បង្កឱ្យប៉ះពាល់ ខ្លាំងដល់ផ្លូវថ្នល់ ស្ពាន ព្រមទាំងបរិស្ថាន ដែល រាជរដ្ឋាភិបាល បានចំណាយធនធានយ៉ាងច្រើន ក្នុងការកសាង ជួសជុល ថែទាំ ម៉្យាងវិញទៀត រយៈពេល១៨ឆ្នាំចុងក្រោយនេះ តម្លៃប្រាក់ពន្ធ លើរថយន្តដឹកទំនិញធុនធ្ងន់ មិនធ្លាប់បានដំឡើង សោះឡើយ ធៀបនឹងកម្រិតប្រាក់ពន្ធនៃរថយន្ត ទេសចរណ៍។

ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ ម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ទាំងនោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺមួយ លេខ១៤៩១៣ អ..ដ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានខ្លឹមសារទាំងស្រុងថាថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ ពិនិត្យឃើញថា មានប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ នៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ជាដើម បាននាំគ្នាស្នើសុំរក្សាការអនុវត្តការបង់ ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៦ ចំពោះ រថយន្តដឹកទំនិញធុនធ្ងន់ ឱ្យនៅដូចឆ្នាំចាស់ដដែល (ឆ្នាំ២០១៥)

អគ្គនាយកពន្ធដារ សូមធ្វើការបំភ្លឺជូន សាធារណជន ជាពិសេសម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ ដែលបានតវ៉ាទាំងនោះ មេត្តា ជ្រាបថា មូលហេតុនៃការកែសម្រួលប្រាក់ពន្ធ ចំពោះប្រភេទរថយន្តដឹកទំនិញធុនធ្ងន់ខាងលើ គឺដោយហេតុថា រថយន្តប្រភេទទាំងនេះ អាច បណ្តាលឱ្យប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងបរិស្ថាន ដែលរាជរដ្ឋាភិបាលបាន ចំណាយធនធានយ៉ាងច្រើនក្នុងការកសាង ជួសជុល ថែទាំ ម៉្យាងទៀត ប្រាក់ពន្ធនៃប្រភេទរថយន្ត ដឹកទំនិញទាំងនេះមិនធ្លាប់បានដំឡើងនៅឡើយ ទេ ចាប់តាំងពីបានដាក់ឱ្យអនុវត្តនៅឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ននេះ ដែលមានរយៈពេល ១៨ឆ្នាំមកហើយ។ លើសពីនេះទៀត កម្រិត ប្រាក់ពន្ធនៃប្រភេទរថយន្តដឹកទំនិញទាំងនេះ  នៅមានកម្រិតទាប បើធៀបទៅនឹងកម្រិត ប្រាក់ពន្ធនៃរថយន្តទេសចរណ៍ ដែលត្រូវបាន ដំឡើងជាច្រើនដងរួចមកហើយ។ ការកែសម្រួល ប្រាក់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់ខាងលើ ក៏ត្រូវបានធ្វើឡើង ដើម្បីប៉ះប៉ូវការលុបចោល ការប្រមូលពន្ធលើទោចក្រយានយន្ត និងត្រី ចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ ដែលការលុប ចោលការប្រមូលពន្ធនេះ បានជួយសម្រាល បន្ទុកចំណាយរបស់ប្រជាពលរដ្ឋជាច្រើនលាន នាក់ នៅទូទាំងប្រទេស ខណៈដែលការបង្កើន ប្រាក់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់ខាងលើ គឺក្នុងគោលបំណងទ្រទ្រង់ដល់ការចំណាយក្នុង ការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាត ដោយសារការដឹកទំនិញធ្ងន់ៗទាំងនេះ ហើយ នេះគ្រាន់តែជាការបង់បន្ថែមចំពោះអ្នកដែល ប្រកបអាជីវកម្មមួយចំនួន ដែលមានប្រាក់ ចំណូល។

អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូន សាធារណជន ជាពិសេសម្ចាស់យានយន្តដឹក ទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបផងដែរថា ការកំណត់ប្រាក់ពន្ធខាងលើនេះ គឺជាការកំណត់ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ២០១៦ ដូច្នេះក្នុងករណីមានការកែប្រែណា មួយ គឺទាមទារនូវការធ្វើវិសោធនកម្មច្បាប់នោះ ឡើងវិញ។ ក្នុងឋានៈជាស្ថាប័នអនុវត្តច្បាប់ អគ្គនាយកដ្ឋានពន្ធដារ មិនអាចផ្តល់ការអនុគ្រោះចំពោះបុគ្គលណាម្នាក់បានទេ ម៉្យាងវិញ ទៀត ភាគច្រើននៃម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ បានមកប្រកាសបង់ពន្ធរួចរាល់ហើយដែរ។

ហេតុដូចនេះ អគ្គនាយកដ្ឋានពន្ធដារ សូម ម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់ ព្រមទាំងរួសរាន់មក បង់ប្រាក់ពន្ធតាមការកំណត់ដោយច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវ និងសហការខ្ពស់។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជននិងម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន

ដោយ ៖ ដារិទ្ធ

RELATED ARTICLES