ខេត្តកណ្តាល ៖ បុរសម្នាក់បានរាយខ្សែលួសព័ទ្ធជុំវិញស្រែ ដើម្បីការពារសត្វកណ្តុរកុំឱ្យចូលកាត់បំផ្លាញផលដំណាំរបស់ខ្លួន ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បែរជាភ្លាត់ស្នៀត បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មចោលប្រពន្ធ ព្រមទាំងកូនចំនួន៦នាក់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចចាខ្ជរ ស្ថិតក្នុងភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល។
បុរសរងគ្រោះ មានឈ្មោះលឹម លួន អាយុ៥៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះហួន រិន អាយុ៥២ឆ្នាំ មុខរបរកសិករ និងមាន កូនក្នុងបន្ទុកចំនួន៦នាក់ (ប្រុស៣ ស្រី៣) សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រយៈពេលជាង១០ថ្ងៃមកហើយ ដែលជនរងគ្រោះបានយកអាគុយ ដុំឆក់ និងខ្សែលួស ទៅតចរន្ត និងរាយខ្សែព័ទ្ធ ជុំវិញស្រែរបស់ខ្លួន ដើម្បីឆក់សត្វកណ្តុរ កុំឱ្យចូលបំផ្លាញផលដំណាំ។ លុះមកដល់វេលាម៉ោង៦ព្រលប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានយកអាគុយដុំឆក់ទៅឆក់កណ្តុរនៅស្រែរបស់ខ្លួនតែម្នាក់ឯងដូចសព្វដង រួចក៏បាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញសោះ។
រហូតមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ ដោយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះ ទើបឈ្មោះហួន រិន ជាប្រពន្ធបានទៅតាមរកប្តីនៅឯស្រែ ស្រាប់តែពេលទៅដល់ឃើញ អាគុយចាប់ដង្គាប់ឆក់ តែមិនឃើញប្តី ទើបបន្តដើររកទៀត។ រហូតដល់ម៉ោង៩ព្រឹកថ្ងៃដដែល ទើបប្រទះឃើញជនរងគ្រោះដេកផ្កាប់មុខក្នុងស្រែ ដោយផ្ងារ និងដៃគងលើខ្សែលួស ស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ច។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍រកាជន្លឹង សហការជាមួយសមត្ថកិច្ចជំនាញ ក្រុមប្រឹក្សា ឃុំ-មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ រួចបញ្ជាក់ថា សាកសពមានស្នាមរបួសខ្លោចស្បែកថ្ងាស មួយកន្លែង ដើមដៃឆ្វេងមួយកន្លែង និងចុងច្រមុះមួយកន្លែង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារតែឆក់ខ្សែលួស ដែលជនរងគ្រោះរាយព័ទ្ធស្រែ ទុកសម្រាប់ឆក់សត្វកណ្តុរ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕